កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ The Hollywood Reporter ទើបតែបានបញ្ចេញក្របទស្សនាវដ្ដីច្បាប់ថ្មីជាមួយនឹងឈ្មោះថា Summer of SEVENTEEN បង្ហាញពីភាពរឹងមាំរបស់ក្រុម ទោះប្រឡូកក្នុងវិស័សិល្បៈគ្រប់ ១០ឆ្នាំទៅហើយក្ដី។

នៅក្នុងអត្ថបទកិច្ចសម្ភាសន៍ ទស្សនាវដ្ដីពីសហរដ្ឋអាមេរិកមួយនេះបានណែនាំក្រុម SEVENTEEN ជាមួយនឹងកេរ្តិ៍ឈ្មោះជា ក្រុមចម្រៀងខេប៉ុបដែលជោគជ័យបំផុត ដោយលើកឡើងពីភាពជោគជ័យក្នុងការលក់សំបុត្រចូលរួមកម្មវិធីប្រគំតន្រ្តីអស់ អាល់ប៊ុមដែលជាប់ឈ្មោះនៅលើតារាងធំៗក្នុងសហរដ្ឋអាមេរិក និងប្រជាប្រិយភាពនៅក្នុងមហោស្រពតន្រ្តីឯប្រទេសអាល្លឺម៉ង់ និងម៉ិកស៊ិកជាអំណះអំណាង។
The Hollywood Reporter បានសរសេរបន្ថែមទៀតថា៖ “SEVENTEEN ហាក់ដូចជាបានឈានដល់ចំណុចកំពូលនៅក្នុងទីផ្សារតន្រ្តីពិភពលោករួចទៅហើយ តែភាពជោគជ័យរបស់ពួកគេនៅតែបន្តឆ្ពោះទៅមុខមិនឈប់ឈរ។ អាល់ប៊ុមទី ៥ គឺ HAPPY BURSTDAY បានបង្ហាញពីការសញ្ជឹងគិតយ៉ាងស៊ីជម្រៅរបស់សមាជិក អំពីការផ្លាស់ប្តូរ និង ផ្លូវអនាគតរបស់ពួកគេ”។


ទន្ទឹមគ្នានេះ សមាជិកក្រុមបានប្រៀបថា៖ “យើងតែងតែបង្កើតចម្រៀងចេញពីចិត្ត។ យើងចង់ចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនរបស់យើងទៅកាន់អ្នកស្ដាប់ និងអ្នកដែលស្រឡាញ់តន្រ្តីរបស់យើង។ តួនាទីរបស់យើងក្នុងនាមជា SEVENTEEN គឺគ្រាន់តែផ្ដល់ឱ្យទស្សនិកជននូវអ្វីដែលល្អបំផុត”។
ថ្វីបើសមាជិកខ្លះបាន និងកំពុងត្រៀមខ្លួនចូលបម្រើការក្នុងជួរទាហានក្ដី តែ Hoshi បានចែករំលែកថា៖ “ពួកយើងចង់បង្ហាញភាពជាខ្លួនឯងជាងមុន ទាំងបុគ្គលិកលក្ខណៈ និងសមត្ថភាពរបស់សមាជិកក្រុមម្នាក់ៗ។ ដូច្នេះ នៅពេលដែលយើងបានត្រឡប់មកជុំគ្នាវិញ ពួកយើងនឹងអាចបង្ហាញខ្លួនជា SEVENTEEN ដែលល្អជាងមុន”។

គួរឱ្យដឹងផងដែរថា ក្រុមចម្រៀងដែលមានសមាជិកសរុប ១៣នាក់នេះ កំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយក្រៅស្រុក បន្ទាប់ពីអាល់ប៊ុម HAPPY BURSTDAY មានប្រជាប្រិយភាពខ្លាំង រហូតអាចលក់ចេញដល់ទៅជាង ២.២៦ លានបន្ទះតាំងតែពីថ្ងៃដំបូង៕


















































Account
Security
Favourite Content