“Jungkook: I Am Still” ភាពយន្តឯកសារបង្ហាញរឿងរ៉ាវពីក្រោយការផលិតអាល់ប៊ុមទោល “GOLDEN” ទទួលតំណែងជាភាពយន្តពីកម្មវិធីប្រគំតន្ត្រីដែលរកប្រាក់ចំណូលបានច្រើនបំផុតលំដាប់ថ្នាក់ទី ៨ ពី International Box Office។ នេះបើតាមរយៈការប្រកាសរបស់ World Music Awards។
ក្រោយពីបានដាក់បញ្ចាំងក្នុងរោងភាពយន្តចំនួន ៤១០០ កន្លែងផ្សេងគ្នានៅជុំវិញពិភពលោក តាំងតែពីថ្ងៃទី១៨ ខែកញ្ញាមក ភាពយន្តឯកសាររបស់តារាចម្រៀងខេប៉ុបរូបនេះ បានទាក់ទាញចិត្តអ្នកគាំទ្រជាង ១,២ លានអ្នកឱ្យទិញសំបុត្រចូលទស្សនារួចមកហើយ ជាមួយនឹងចំណូលសរុបប្រមាណ ១៥,៧ លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Variety។
បច្ចុប្បន្ន ភាពយន្តដែលជាការបើកបង្ហាញជីវិតខាងក្រោយការផលិតអាល់ប៊ុមទោល GOLDEN របស់សមាជិក BTS រូបនេះ បានទាញទម្លាក់ភាពយន្ត “Renaissance: A Film by Beyoncé” របស់តារាចម្រៀងលំដាប់ពិភពលោកដូចជា Beyoncé ដែលទទួលបានចំណាត់ថ្នាក់នេះ កាលពីឆ្នាំ ២០២៣។


ជាមួយគ្នានឹងការគាំទ្រដ៏មហាសាលនេះ ផលិតករ Hybe Corp. និងក្រុមហ៊ុនចែកចាយ Trafalgar Releasing បានសម្រេចចិត្តផលិត Version ថ្មីមួយទៀតដែលមានឈ្មោះថា “Jung Kook: I Am Still – The Party Edition” ដែលលោកសន្យាថា នឹងផ្ដល់បទពិសោធន៍ថ្មីប្លែកដល់អ្នកគាំទ្រ។
ដោយនៅក្នុង Party Edition នេះ ភាពយន្តទាំងមូលនឹងពេញលេញជាងមុនតាមរយៈការបន្ថែមនូវវីដេអូប្រមាណ ២០នាទីទៀត ដែលអ្នកគាំទ្រអាចច្រៀងតាមតារាក្នុងដួងចិត្តរបស់ខ្លួនបានក្នុងពេលតែមួយ។ នេះជាបទពិសោធន៍ថ្មីមួយ ដែលកែប្រែពីការមើលកុនធម្មតា ទៅជាកម្មវិធីអបអរសាទររបស់ក្រុមអ្នកគាំទ្រតារាចម្រៀងរូបនេះ៕
























Account
Security
Favourite Content