ទឹកដីអច្ឆរិយ! ភ្ញៀវទេសចរសម្រុកទៅថតថ្ងៃរះលើកំពូលប្រាសាទអង្គរវត្ត

នៅ​ព្រឹក​ថ្ងៃ​នេះ​នៅ​ខេត្ត​សៀមរាប​មាន​បាតុភូត​ថ្ងៃរះ​ចំ​ពី​លើ​កំពូល​ប្រាសាទ​អង្គរវត្ត Equinox Angkor ឬ​ហៅ​ថា (ថ្ងៃ​សមរាត្រី ជា​ថ្ងៃ​ដែល​យប់​និង​ថ្ងៃ​មាន​ពេល​ស្មើ​គ្នា)។ ទិដ្ឋភាព​ដ៏​អស្ចារ្យ​ដែល​កើត​មាន​ឡើង​លើ​ទឹកដី​អច្ឆរិយ​នេះ មាន​ចាប់ពី​ថ្ងៃ​ទី21/03/22ដល់ 23/3/22 ហើយ​មាន​តែ ២ ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ (៦ ខែ​ម្ដង)។

មុន​ឃើញ​ច្បាស់​នូវ​ព្រះអាទិត្យ​រះ​ចំ​កំពូល​នោះ ផ្ទៃ​មេឃ​គ្របដណ្ដប់​ទៅ​ដោយ​ពណ៌​មាស សក្ដិសម​នឹង​ឈ្មោះ​ដែល​គេ​ហៅ​ថា ទឹកដី​សុវណ្ណភូមិ។ ជា​រៀងរាល់​ឆ្នាំ បើ​តាម​ការ​សង្កេត​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀមរាប ដើម្បី​រង់ចាំ​ចង់​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ព្រឹត្តិការណ៍​​ដ៏​អស្ចារ្យ​នេះ និង​ផ្ដិត​យក​រូបភាព​កម្រ​នេះ​​មក​ទុក​ជា​អនុស្សាវរីយ៍។ ព្រឹត្តិការណ៍​ព្រះអាទិត្យ​ដ៏​ជា​អច្ឆរិយ​រះ​លើ​អង្គរវត្ត មិនមែន​ជា​របក​គំហើញ​ថ្មី​នោះ​ទេ តែ​ជា​ការ​សិក្សា​ដែល​អ្នក​ស្រាវជ្រាវ​ធ្លាប់​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ខ្លះ​ៗ​មក​ហើយ។ ការ​សិក្សា​នោះ ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​សំណង់​ស្ថាបត្យកម្ម​បុរាណ និង​តារា​សាស្ត្រ ដើម្បី​បញ្ជាក់​ថា នោះ​មិនមែន​ជា​ហេតុ​ចៃដន្យ ឬ​ជា​អព្ភូតហេតុ​អ្វី​ឡើយ តែ​ជា​ការ​ដឹង​មុន​ផ្នែក​តារាសាស្ត្រ​នៃ​អ្នក​ប្រាជ្ញ​បុរាណ​ខ្មេរ ដែល​ក​សាង​ប្រាសាទ​អង្គរវត្ត​នេះ​ឡើង។

ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​មាន​ការ​សិក្សា​គន់គូរ​យ៉ាង​ល្អិតល្អន់​របស់​អ្នក​ប្រាជ្ញ​សម័យ​អង្គរ រួមផ្សំ​គ្នា​រវាង​ទ្រឹស្ដី​គណិតសាស្ត្រ វិស្វកម្ម និង​តារាសាស្ត្រ៕