ជឿជាក់ថាអ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើន ប្រាកដជាបានស្គាល់ម្ចាស់ហាងសាឡនដ៏ល្បីនៅកម្ពុជា គឺ ប៊ីយូធីស្ទរ ដែលជានិច្ចកាលស្ត្រីកែភេទរូបនេះ តែងបង្ហាញសកម្មភាពការងារ សកម្មភាពដើរកម្សាន្ត ការធ្វើសប្បុរសធម៌ ចែករំលែកទៅកាន់អ្នកទស្សនា។ ថ្មីៗនេះ គឺផ្ទុះការចាប់អារម្មណ៍ខ្លាំងក្រោយ ម្ចាស់ហាងសាឡន ខាងលើ រួមនឹងស្វាមី បាននាំគ្នាស្លៀកឈុតប្រពៃណីខ្មែរ ដែលជាម្ចាស់ដើមយកទៅបង្ហាញតាមទីសាធារណៈនានា ក្នុងទីក្រុងបាងកក ផ្អើលអស់ជនជាតិថៃ និងភ្ញៀវទេសចរបរទេសចោមរោមមើលព្រោងព្រាត។


នេះអាចទុកថាជាលើកទី១ហើយ ដែលជនជាតិខ្មែរយើង ហ៊ានយកឈុតប្រពៃណីខ្មែរ ជាម្ចាស់ដើម យកទៅបង្ហាញស្ដែងៗបែបនេះ ឱ្យជនជាតិថៃ និងជនបរទេសបានឃើញច្បាស់ៗថា នេះហើយជារបស់ខ្មែរ នេះហើយជាម្ចាស់ដើមពិតប្រាកដ។ តាមរយៈវីដេអូនេះដែរ ម្ចាស់ហាង ប៊ីយូធីស្ទរ បានធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗក្នុងក្រុងបាងកក តាមរយៈមធ្យោបាយធ្វើដំណើរនានា ដូចជារថភ្លើង រថយន្តតាក់ស៊ី ហើយបានដើរទៅកាន់កន្លែងមនុស្សអ៊ូអរ ក្នុងផ្សារ និងនៅប្រាសាទបុរាណជាដើម។


ក្រោយពីបានឃើញសកម្មភាពដ៏ក្លាហាននេះ អ្នកប្រើប្រាស់បណ្ដាញសង្គម បានលាន់មាត់សរសើរព្រោងព្រាតថា នេះជាគំនិតដ៏ល្អមួយ ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរ ឱ្យពិភពលោកបានស្គាល់ ព្រោះដឹងស្រាប់ហើយថា ក្រុងបាងកក ជាកន្លែងបណ្ដុំមនុស្សចម្រុះជាតិសាសន៍ ពិសេសភ្ញៀវទេសចរបរទេស។ នេះជាការបង្ហាញឱ្យគេបានស្គាល់កាន់តែច្បាស់ពីឈុតប្រពៃណីខ្មែរយើង មានលក្ខណៈពិសេសដាច់ដោយឡែក មិនចម្លងពីបណ្ដាប្រទេសណាឡើយ ៕



























































Account
Security
Favourite Content