ការបាត់នាវាមុជទឹក Titan របស់ក្រុមហ៊ុន OceanGate ក្នុងដំណើរការទៅទស្សនាខ្មោចកប៉ាល់ Titanic កាលពីថ្ងៃពីថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៣ បានក្លាយជាប្រធានបទក្ដៅគគុកជុំវិញពិភពលោក ជាពិសេសមហាជនជាច្រើនក៏បានបង្ហាញការព្រួយបារម្ភពីសុវត្ថិភាពរបស់មនុស្ស ៥ នាក់ដែលបានជាប់នៅក្នុងនាវានោះផងដែរ។


ជាមួយគ្នានេះ មនុស្សដែលបានបាត់ខ្លួនទាំង ៥ នាក់សុទ្ធសឹងតែជាបុគ្គលល្បី និងមហាជាសេដ្ឋីលំដាប់ពិភពលោកព្រមទាំងជាបុគ្គលដែលស្រឡាញ់ចូលចិត្តការផ្សងព្រេងបែបគ្រោះថ្នាក់។ ដោយក្នុងនោះរួមមានដូចជាមហាសេដ្ឋីប៉ាគីស្ថានលោក Shahzada DaWood និងកូនប្រុស Sulaiman Dawood, មហាសេដ្ឋីអង់គ្លេសលោក Hamish Harding, អ្នករុករកល្បីជនជាតិបារាំង Paul Henry Nargeolet និងអគ្គនាយកប្រតិបត្ដិក្រុមហ៊ុន OceanGate លោក Stockton Rush។

អ្វីដែលធ្វើឱ្យគ្រប់គ្នាហាក់មានការភ្ញាក់ផ្អើលខ្លាំងនោះ បើយោងតាមប្រភពព័ត៌មាន New York Times បានឱ្យដឹងថា ភរិយារបស់លោក Stockton Rush គឺលោកស្រី Wendy Rush ត្រូវជាចៅលួតរបស់លោក Isidor Straus និងលោកស្រី Ida Straus ដែលអ្នកទាំងពីរជាជនរងគ្រោះស្លាប់បាត់បង់ជីវិតក្នុងព្រឹត្ដិការណ៍លិចកប៉ាល់ Titanic កាលពីឆ្នាំ ១៩១២។

រឿងរ៉ាវរបស់លោក Isidor Straus និងលោកស្រី Ida Straus គឺមានភាពល្បីល្បាញអស់រយៈពេលរាប់រយឆ្នាំ ដោយសារតែសាកសពរបស់អ្នកទាំងពីរត្រូវបានរកឃើញនៅក្រៀកដៃគ្នាបើទោះជាបានស្លាប់បាត់បង់ជីវិតទៅហើយ។ ស្របពេលដែលអ្នកនៅរស់រានមានជីវិតកាលពីពេលនោះ បានបញ្ជាក់ប្រាប់ថា លោកស្រី Ida Straus មានឱកាសរួចផុតពីគ្រោះថ្នាក់ប៉ុន្ដែសុខចិត្តមិនចាកចេញទៅណាចោលស្វាមីលោកស្រី ទើបអ្នកទាំងពីរត្រូវស្លាប់បាត់បង់ជីវិតទាំងអស់គ្នា។


ដំណឹងមួយនេះ កាន់តែធ្វើឱ្យមហាជនជាច្រើនបន់ស្រន់សូមឱ្យលោក Stockton Rush និងអ្នកដំណើរ ៤ នាក់ផ្សេងទៀត វិលត្រឡប់មកវិញដោយសុវត្ថិភាព ដោយសារតែមិនចង់ឃើញសោកនាដកម្មដ៏អាក្រក់មួយផ្សេងទៀតទាក់ទងនឹងកប៉ាល់ Titanic កើតឡើងម្ដងទៀតឡើយ។
គួរបញ្ជាក់ថា មានការលើកឡើងជាច្រើនរបស់អ្នកជំនាញថាការបាត់ខ្លួនរបស់នាវាមុជទឹក Titan អាចបណ្ដាលមកពីបញ្ហាមួយចំនួនដូចជា បញ្ហាអគ្គីសនី បញ្ហាឧបករណ៍ទាក់ទង ឬនាវាមានការលិចបែកបាក់ផ្នែកណាមួយ។ មកទល់ពេលនេះ នៅតែមិនទាន់មានដំណឹងច្បាស់លាស់ពីទីតាំងរបស់នាវានោះឡើយ ស្របពេលដែលអុកស៊ីសែនសម្រាប់មនុស្សដកដង្ហើមក្នុងនាវាគឺសល់ត្រឹមរយៈពេលប្រហែល ៤ ម៉ោងប៉ុណ្ណោះ ពោលអស់ត្រឹមម៉ោង ៤ ឬ ៥ រសៀលល្ងាចថ្ងៃទី ២២ ខែ មិថុនា នេះតែម្ដង៕


























Account
Security
Favourite Content