អាជ្ញាធរក្នុងភូមិ Barangay Addition Hills ប្រទេសហ្វីលីពីន បានលើកទឹកឱ្យប្រជាជនក្នុងតំបន់នាំគ្នាចាប់មូស ដើម្បីមកប្ដូរយករង្វាន់ជាសាច់ប្រាក់ ក្រោយពីចំនួននៃអ្នកកើតជំងឺគ្រុនឈាមមានការហក់ឡើងជាគំហុក និងមានមនុស្ស ២នាក់បានបាត់បង់ជីវិតដោយសារជំងឺមួយនេះ។

កាលពីថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅ លោក Carlito Cernal មេភូមិ Barangay Addition Hills ដែលមានទីតាំងស្ថិតនៅចំកណ្ដាលទីក្រុងម៉ានីល បានប្រកាសអនុវត្តវិធានការ “ចាប់មូសដូរលុយ” ដោយលោកនឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១ប៉េសូ ឬប្រមាណ ៥០០ រៀលសម្រាប់មូស ៥ក្បាល មិនថាសត្វមូសនោះនៅមានជីវិត បាត់បង់ជីវិត ឬសូម្បីតែជា ដង្កូវទឹក ក៏អាចយកមកប្ដូររង្វាន់បានដែរ។
លោកមេភូមិរូបនេះ បានប្រាប់សារព័ត៌មាន BBC ថា នេះគឺជារឿងពិត ហើយមកទល់ពេលនេះមានអ្នកមកបើករង្វាន់ ២១នាក់រួចទៅហើយ ដោយពួកគេចាប់មូសបានសរុបចំនួន ៧០០ក្បាល។
ក្រោយពីដំណឹងខាងលើនេះបានផ្សព្វផ្សាយទៅលើបណ្ដាញទំនាក់ទំនងសង្គម មានមនុស្សជាច្រើនបាននាំគ្នាសើចចំអកទៅលើរឿងនេះ។ ជាក់ស្ដែង លោក Carlito Cernal ក៏បានដឹងឮពីហេតុការណ៍នេះដែរ ក៏ប៉ុន្តែលោកនៅតែតាំងចិត្តអនុវត្តបន្ត ដើម្បីការពារប្រជាជនរបស់ខ្លួន។ ជាក់ស្ដែង លោកបានថ្លែងថា៖ “ទីនេះជាតំបន់មួយដែលមានមនុស្សរស់នៅច្រើនតាន់តាប់។ ដូច្នេះ យើងត្រូវតែធ្វើអ្វីមួយដើម្បីជួយដល់អាជ្ញាធរក្នុងតំបន់”។


លោកមេភូមិបានបង្ហាញបន្ថែមថា បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជន ៧ម៉ឺននាក់ ដែលកំពុងរស់នៅលើផ្ទៃដីទំហំ ១៦២ ហិកតា ក្នុងតំបន់ Barangay Addition Hills មានប្រជាជនសរុប ៤៤នាក់កំពុងកើតជំងឺគ្រុនឈាម។
ជាក់ស្ដែង លោកក៏បានបកស្រាយបញ្ជាក់ដែលថា វិធានការនេះគ្រាន់តែជាវិធានការបន្ទាប់បន្សំមួយបន្ថែមទៀតពីវិធានការណ៍គោល ដែលលោកបានគិតគូរទៅលើ ការសម្អាតផ្លូវ បំបាត់ប្រភពកំណើតរបស់មូស ក៏ដូចជាអំពាវនាវឱ្យប្រជាជនពាក់ខោជើងវែង អាវដៃវែង និងលាបថ្នាំការពារសត្វមូសជាដើម។
គួរឱ្យដឹងដែរថា ជំងឺគ្រុនឈាមកំពុងតែរីករាយដាលនៅជុំវិញប្រទេសហ្វីលីពីន ទៅតាមរដូវកាលភ្លៀងធ្លាក់នៅក្នុងប្រទេស ដោយនាយកដ្ឋានសុខាភិបាលបានបង្ហាញថា គិតត្រឹមថ្ងៃទី១ ខែកុម្ភៈ មានប្រជាជនចំនួន ២៨ ២៣៤ នាក់បានកើតជំងឺគ្រុនឈាម ដែលតួលេខនេះមានការកើនឡើងចំនួន ៤០ភាគរយបើធៀបនឹងឆ្នាំ ២០២៤៕



























Account
Security
Favourite Content