ជឿជាក់ថាមនុស្សស្ទើរទាំងអស់សុទ្ធតែបានដឹងហើយថាព្រៃអាម៉ាហ្សូនជាកន្លែងមួយសម្បូរសត្វព្រៃកាចសាហាវ មានព្រៃក្រាស់ឃ្មឹក និងជាតំបន់គ្រោះថ្នាក់ក្រោយអ្នកផ្សងព្រេងត្រូវដែលមានបំណងចុះស្រាវជ្រាវអំពីព្រៃដ៏ធំមួយនេះបានបាត់ខ្លួនសូន្យឈឹងជាបន្តបន្ទាប់។ បើទោះបីជាតំបន់គ្រោះថ្នាក់យ៉ាងណាក្ដី ក៏នៅតែមានក្រុមមនុស្សរស់នៅទីនោះមិនតិចគ្រួសារដែរ។

ជាមួយនឹងផ្ទៃដីទំហី ៥.៥ លានគីឡូម៉ែត្រការ៉េស្ថិតនៅទ្វីបអាមេរិកខាងត្បូងបានធ្វើឱ្យព្រៃអាម៉ាហ្សូនក្លាយជាព្រៃត្រូពិចដែលធំជាងគេក្នុងពិភពលោក។ ព្រៃដ៏ធំមួយនេះគឺជាជម្រកនៃសត្វព្រៃច្រើនប្រភេទ និងរុក្ខជាតិកម្រផងដែរ។ យ៉ាងណាមិញ សព្វថ្ងៃនេះព្រៃអាម៉ាហ្សូនក៏ជាជម្រកសម្រាប់ក្រុមកុលសម្ព័ន្ធជនជាតិភាគតិចដែលភាគច្រើនពូកគេរស់នៅដោយគ្មានទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ និងព្យាយាមរស់នៅទៅតាមច្បាប់ធម្មជាតិ។ យោងតាមការស្រាវជ្រាវពីគេហទំព័រ Aqua Expeditions បានបង្ហាញនៅក្នុងព្រៃគឺមានការបែងចែកចេញប្រហែល ៤០០ កុលសម្ព័ន្ធ។ បើទោះបីជាមានក្រុមកុលសម្ព័ន្ធច្រើនយ៉ាងណាក្ដី ប៉ុន្តែក្រុមសម្ព័ន្ធដែលលេចធ្លោជាងគេគឺរួមមានកុលសម្ព័ន្ធហ៊ូលី កុលសម្ព័ន្ធភីជី ជាពិសេសគឺកុលសម្ព័ន្ធយ៉ាណូម៉ាមី។

ផ្អែកលើការចេញផ្សាយលើវេបសាយ GIANT PANDA បានលើកឡើងពីការប៉ាន់ប្រមាណមួយដែលបង្ហាញថាមនុស្សបានដាក់តាំងទៅលំនៅជាលើកដំបូងក្នុងព្រៃអាម៉ាហ្សូននៅចន្លោះពី ៣២០០០ ទៅ ៣៩០០០ ឆ្នាំមុន។ ចាប់តាំងពីពេលនោះមកប្រជាជនរស់នៅទីនោះបានបង្កើតរបៀបរស់នៅថ្មីតាមបែបថ្មីដោយអាស្រ័យជិវិតលើធនធានធម្មជាតិនៅក្នុងព្រៃ។ កាលពីដើមឡើយក្រុមកុលសម្ព័ន្ធទាំងនោះបានប្រើកាំភ្លើងខ្យល់ ព្រួញដែលមានជាតិពិស និងលំពែងដើម្បីប្រមាញ់សាច់សត្វជាអាហារ។ ជាធម្មតាក្រុមកុលសម្ព័ន្ធរស់នៅក្នុងរបៀបជាអ្នកប្រមាញ់អ្នកប្រមាញ់បែបនេះដោយញ៉ាំបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ត្រី និងសត្វដូចជាជ្រូកព្រៃ ក្រពើ ស្វា ខ្លា sloth ពស់ ខ្យាដំរី សត្វកណ្ដុរ និងសត្វស្លាបជាដើម។ ក្នុងការប្រមាញ់នេះផងដែរគឺអ្នកប្រមាញ់ប្រមូលផ្ដុំគ្នាជាក្រុមដោយតាំងទីលំនៅបណ្ដោះអាសន្នតូចៗរយៈពេលប្រហែល ៤-៥ ឆ្នាំរហូតទាល់តែប្រាកដចិត្តថាអស់ធនធាន ទើបធ្វើដំណើរបន្ដទៅមុខទៀត។

នៅក្នុងព្រៃអាម៉ាហ្សូន ពួកគេរស់នៅតាមតំបន់ផ្សេងៗគ្នាមានទាំងនៅតាមដងទន្លេ និងក្នុងព្រៃជ្រៅជាមួយផ្ទះបែបសាមញ្ញដែលធ្វើពីឫស្សី និងប្រភេទឈើផ្សេងៗ។ សម្រាប់ក្រុមកុលសម្ព័ន្ធដែលរស់នៅក្នុងព្រៃជ្រៅបានជីករណ្ដៅជ្រៅមួយទុកសម្រាប់លាក់ខ្លួនពីសត្វព្រៃ និងក្រុមសម្ព័ន្ធផ្សេងដែលពួកគេមិនអាចយកឈ្នះបាន។ ក្នុងរយៈពេលជាច្រើនសតវត្សរ៍កន្លងមកហើយ ពួកគេតែងតែប្រើវិធីបែបនេះដើម្បីការពារខ្លួនពីមនុស្សខាងក្រៅដែលមានចេតនាធ្វើបាបពួកគេ។
ប៉ុន្ដែដោយសារតែមានការធ្វើអាណានិគមលើដីរបស់ក្រុមកុលសម្ព័ន្ធក៏ដូចជាគំរាមសម្លាប់ពីសំណាក់អ្នកមិនមែនជាជនជាតិដើមភាគតិច ទើបពួកគេត្រូវបង្ខំឱ្យផ្លាស់ទីលំនៅចេញពីព្រៃ ចាកចេញពីជីវិតស្ងប់ស្ងាត់មកធ្វើជាកសិករវិញ។ ការផ្លាស់ប្ដូរបែបនេះមិនត្រឹមតែបំផ្លាញរបៀបរបបរស់នៅបែបប្រពៃណីរបស់ពូកគេប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប្រជាជននៅទីនោះបាត់បង់សិទ្ធិក្នុងការគ្រប់គ្រងទឹកដីផងដែរ។ ចំណែកឯអ្នកដែលទទួលបានប្រយោជន៍ពីរឿងទាំងនេះគឺអ្នកកាប់ព្រៃខុសច្បាប់ អ្នកជីករ៉ែមាស និងអ្នកឈ្លានពានមកពីមជ្ឈដ្ឋានខាងក្រៅ។ ជាក់ស្ដែងនៅក្នុងវីដេអូឆាណែល Channel 4 News ជនជាតិដើមភាគតិចមួយគ្រួសារនៅប្រទេសប៉េរូបានបង្ហាញអារម្មណ៍ដ៏សោកសៅនៅពេលដែលអ្នកកាប់ព្រៃខុសច្បាប់បានបណ្ដេញពួកលោកចេញពីព្រៃដែលធ្លាប់រស់នៅស្ងប់ស្ងាត់ និងកក់ក្ដៅឱ្យមករស់នៅតាមជីវិតសាមញ្ញដូចមនុស្សទូទៅ។ លោកបាននិយាយម្ដងហើយម្ដងទៀតថាលោក និងក្រុមគ្រួសារទាំងមូលពិតជាចង់ត្រលប់ទៅរស់នៅទីជម្រកដ៏ស្ងប់សុខ និងអាស្រ័យជីវិតតាមបែបអ្នកប្រមាញ់ដូចមុនវិញខ្លាំងណាស់។

សព្វថ្ងៃនេះក្រុមកុលសម្ព័ន្ធភាគច្រើនបានរស់នៅក្នុងតំបន់មួយដែលគេបម្រុងសម្រាប់ជនជាតិដើមភាគតិច និងបានអនុវត្តរបៀបរស់នៅដែលមានបញ្ចូលទាំងប្រពៃណីរបស់ពួកគេ និងវិធីសាស្រ្តសម័យទំនើបខ្លះៗផងដែរ។ ការធ្វើដូចនេះគឺអាចឱ្យពួកគេស្វែងរកចំណូលពីវិស័យទេសចរណ៍ និងធ្វើដំណើរទៅផ្សារដើម្បីស្វែងរកសម្ភារៈមួយចំនួនសម្រាប់ផលដំណាំផងដែរ។ ជាងនេះទៅទៀត ជនជាតិដើមភាគតិចដែលរស់នៅប្រទេសប្រេស៊ីលក៏ត្រូវបានអនុញ្ញាតឱ្យចូលរួមដោយផ្ទាល់ក្នុងការបោះបង្គោលព្រំដែនទឹកដីរបស់ពួកគេដែលត្រូវបានគេហៅថាជា “ទឹកដីជនជាតិដើមភាគតិច”។ ស្របពេលគ្នា ក៏នៅតែក្រុមកុលសម្ព័ន្ធមួយចំនួនតូចរស់នៅក្នុងព្រៃជ្រៅ ហើយត្រូវបានគេហៅថាជា “ក្រុមកុលសម្ព័ន្ធដែលគ្មានទំនាក់ទំនង”។

ចំពោះទំនៀមទំលាប់នៃការស្លៀកពាក់គឺខុសគ្នាពីកុលសម្ព័ន្ធមួយទៅកុលសម្ព័ន្ធមួយ។ ក្រុមកុលសម្ព័ន្ធដែលគ្មានទំនាក់ទំនងភាគច្រើនរស់នៅជ្រៅក្នុងព្រៃទាំងអាក្រាត លើកលែងតែគ្រឿងអលង្ការដែលគេធ្វើពីឆ្អឹង និងធ្មេញ។ ប៉ុន្តែសម្រាប់ក្រុមកុលសម្ព័ន្ធដែលរស់នៅក្នុងសហគមន៍មានស្លៀកសម្លៀកបំពាក់ស្បែកធ្វើពីសត្វដែលពួកគេចាប់បាន។ ពេលខ្លះពួកគេស្លៀកសំពត់ដែលធ្វើពីចំបើង និងសម្លៀកបំពាក់លោកខាងលិចដែលផលិតរួចជាស្រេចក៏មាន។ យ៉ាងណាមិញការគូរគឺជារឿងធម្មតា ឬអាចហៅបានជាប្រពៃណៅសម្រាប់កុលសម្ព័ន្ធទាំងអស់ ដោយនេះគឺត្រូវបានចាត់ទុកជាលក្ខណៈនៃរូបរាងរបស់ពួកគេ៕

























Account
Security
Favourite Content