រដ្ឋបាលក្រុងហ្សាការតានឹងដាក់គោលការណ៍ធ្វើការ ពីចម្ងាយសម្រាប់បុគ្គលិកទីក្រុង និងសិស្សនិស្សិតនៅមុនកិច្ចប្រជុំកំពូលអាស៊ានមកដល់នៅខែកញ្ញាខាងមុខនេះ។ វិធានការនេះទៀតសោតគឺដើម្បី ទប់ស្កាត់ការបំពុលបរិយាកាសកម្រិតធ្ងន់ធ្ងរ ដែលបានធ្វើឱ្យទីក្រុងដ៏មមាញឹកនេះមានភាពច្របូកច្របល់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។
ទីក្រុងហ្សាការតារបស់ឥណ្ឌូណេស៊ី តែងតែជាប់ក្នុងចំណោមទីក្រុងទាំង ១០ លើពិភពលោកដែលមានការបំពុលខ្លាំងបំផុត។ នេះបើយោងតាមទិន្នន័យចងក្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាគុណភាពខ្យល់របស់ប្រទេសស្វីស IQAir។

លោក Sigit Wijatmoko ប្រធានទីភ្នាក់ងារព័ត៌មាន និងស្ថិតិស្តីទីនៃទីក្រុងហ្សាការតា បាននិយាយថា ទីក្រុងនឹងចាប់ផ្តើមអនុវត្តគោលនយោបាយ ដោយតម្រូវឱ្យបុគ្គលិកទាំងអស់ក្នុងទីក្រុងចំនួន ៥០ភាយរយត្រូវធ្វើការពីចម្ងាយ ចាប់ពីសប្តាហ៍នេះរហូតដល់ថ្ងៃទី ២១ ខែតុលា។
កិច្ចប្រជុំកំពូលអាស៊ាន គ្រោងធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និបាត Jakarta ភាគខាងត្បូងនៃទីក្រុង។ ជាមួយគ្នានេះទីក្រុងក៏នឹងបញ្ជាឱ្យសាលារៀនដែលមានទីតាំងនៅជុំវិញកន្លែងប្រជុំកំពូលអាស៊ាន អនុវត្តការរៀនសូត្រពីចម្ងាយ ចំនួន ៥០ភាគរយ អំឡុងពេលកិច្ចប្រជុំផងដែរ។
ក្រៅពីការដាក់គោលការណ៍ ការធ្វើការងារ និងការសិក្សាពីចម្ងាយ រដ្ឋបាលក្រុងហ្សាការតាក៏បាននឹងកំពុងធ្វើការជាមួយរដ្ឋាភិបាលកណ្តាល ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការបំភាយផ្សែងយានយន្តនៅក្នុងទីក្រុងរបស់ខ្លួនផងដែរ។
ក្រសួងបរិស្ថាន និងរុក្ខាប្រមាញ់ ឥណ្ឌូណេស៊ី បានធ្វើតេស្តការបំភាយឧស្ម័ន លើយានយន្តរបស់បុគ្គលិកទាំងអស់ក្នុងទីក្រុងកាលពីថ្ងៃព្រហស្បតិ៍។ លើសពីនេះក្រសួងនឹងបន្តការធ្វើតេស្ត លើគ្រប់យានជំនិះនៅភាគខាងត្បូងនៃទីក្រុងហ្សាការតា៕






















Account
Security
Favourite Content