យោងតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៣ របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបានឱ្យដឹងថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ឯកឧត្តម កេត សោផាន់ បានអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុងលីយ៉ុង ដើម្បីទទួលយកចម្លាក់លិបមួយផ្ទាំង ដែលត្រូវបានភ្នាក់ងារគយបារាំងរឹបអូសបាន។
សេចក្តីប្រកាសដដែលនេះបានបញ្ជាក់ថា ចម្លាក់លិបនេះធ្វើពីថ្មភក់ មានប្រាំបំណែក កសាងឡើងនៅសតវត្សរ៍ទី ១២ ឬទី ១៣ និងមាន ទម្ងន់ប្រហែល ៣០០ គីឡូក្រាម អាចមានប្រភពមកពីប្រាសាទព្រះខ័នកំពង់ស្វាយ ឬពីប្រាសាទបន្ទាយឆ្មារ។ ចម្លាក់នេះត្រូវបានគេលួចកាលពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ និងត្រូវបានរឹបអូសនៅក្នុង ក្របខ័ណ្ឌនៃប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងរបស់ក្រុមហ៊ុនលក់ដេញថ្លៃវត្ថុបុរាណមួយកន្លែង នៅទីក្រុង លីយ៉ុង កាលពីខែកុម្ភៈ ឆ្នាំ២០២០។
កម្ពុជា និងបារាំង បានធ្វើពិធីប្រគល់សម្បត្តិបេតិកភណ្ឌវប្បធម៌នេះ នៅនាយកដ្ឋានគយអន្តរតំបន់ និង សិទ្ធិប្រយោលនៃទីក្រុងលីយ៉ុង ក្រោមអធិបតីភាពរបស់លោក Eric MEUNIER នាយកគយអន្តរតំបន់ Auvergne-Rhône-Alpes និងលោកស្រី Juliette BOSSART-TRIGNAT ប្រតិភូខេត្តលីយ៉ុង ទទួល បន្ទុកកិច្ចការការពារ និងសន្តិសុខតំបន់។
ជាមួយគ្នានេះ ឯកឧត្តម កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរបារាំងពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុង ការបំពេញការងារបានយ៉ាងល្អ។ ឯកឧត្តមថា ការប្រគល់សម្បត្តិបេតិកភណ្ឌវប្បធម៌ នេះឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងបារាំង៕



























Account
Security
Favourite Content