ក្រោយស៊ីហ្គេមលើកទី ៣២ ត្រូវបានបញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ពេលនេះកម្ពុជាក៏កំពុងត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម នាដើមខែមិថុនា ដែលមានរហូតដល់ ១៤ប្រភេទវិញ្ញាសា។
យោងតាម អគ្គលេខាធិការគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជាកាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម យី វាសនា បានមានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កម្ពុជាមានអត្តពលិកចំនួន ២៣៦ នាក់ បានចុះឈ្មោះរួចរាល់ និងជាស្ថាពរ ដែលទទួលស្គាល់ដោយគណៈកម្មការអន្តរជាតិ។

អគ្គលេខាធិការគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា បញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ យើងក៏មានការគាំទ្រពីសំណាក់ក្រុមហ៊ុនមួយចំនួនផងដែរ ហើយខ្ញុំក៏សូមជំរាបជូនដែរថា កីឡាករ កីឡាការិនីយើង មកដល់ពេលនេះ យើងមានចំនួន ២៣៦ នាក់ ដែលបានចុះឈ្មោះប្រកួតប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលយើងធ្វើជាម្ចាស់ផ្ទះ គឺមាន១៤ ប្រភេទកីឡា ហើយក៏មានបូកបន្ថែមប្រភេទកីឡា E-Sport ដែលជាកីឡាសម្តែង។ ក្នុងនោះមានកីឡាករចំនួន ១៦០ នាក់ កីឡាការិនីចំនួន ៧៦ នាក់ និងមន្ត្រីដែលចុះជាប់ហ្នឹងកីឡាករមានចំនួន ៦៤ នាក់»។
គួរបញ្ជាក់ថាព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងនោះកម្ពុជាជាប្រទេសម្ចាស់ផ្ទះ មានប្រភេទកីឡាអត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ទាត់៥ម្ខាង, បាល់ទាត់៧ម្ខាង, បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ បុរស-នារី, បាល់ទះអង្គុយបុរស-នារី, បាល់បោះជិះរទេះបុរស-នារី, និងកីឡា E-Sport៕




















































Account
Security
Favourite Content