ការចាប់ផ្តើម ការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់តារាចម្រៀងអាមេរិក Beyoncé នៅប្រទេសស៊ុយអែតកាលពីខែមុនបានបង្កឱ្យមានភាពច្របូកច្របល់នៃតម្រូវការអាហារ សណ្ឋាគារ និងភោជនីយដ្ឋាន បើយោងតាមរបាយការណ៍ស្ថិតិសេដ្ឋកិច្ចរបស់ប្រទេសស៊ុយអែត។
ប្រទេសស៊ុយអែតបានរាយការណ៍ថា អតិផរណារបស់ខ្លួនកើនខ្ពស់ជាងការរំពឹងទុក ៩,៧ភាគរយ នៅក្នុងខែឧសភា ហើយវាភ្ជាប់មកជាមួយនឹង ការឡើងថ្លៃតាមសណ្ឋាគារ និងភោជនីយដ្ឋាន ដ៏គួរឱ្យភ្ញាក់ផ្អើល។

លោក Michael Grahn សេដ្ឋវិទូនៅធនាគារ Danske បាននិយាយថា លោកគិតថា Beyoncé បានរួមចំណែកជំរុញឱ្យមានការហក់ឡើងនៃតម្រូវការសណ្ឋាគារ។ លោកថា Beyoncé អាចជាកម្លាំងនៅពីក្រោយការឡើងថ្លៃយ៉ាងខ្លាំងដែលមិននឹកស្មានដល់ក្នុងវិស័យកម្សាន្ត និងវប្បធម៌។
តាមរយៈសារមួយ លោក Michael បាននិយាយថាតន្ត្រីទេសចរណ៍របស់ Beyoncé «ប្រហែលជា បានបន្ថែមអត្រាអតិផរណាចន្លោះពី ០,២ និង ០,៣ ភាគរយដល់អត្រាអតិផរណារបស់ប្រទេសស៊ុយអែតទាំងមូល»។
រដ្ឋាភិបាលស៊ុយអែតបានកត់សម្គាល់នៅក្នុងរបាយការណ៍អតិផរណារបស់ខ្លួនថា អត្រាអតិផរណារងការ ប៉ះពាល់ដោយតម្លៃសណ្ឋាគារ និងភោជនីយដ្ឋាន ដែលបានកើនឡើង ៣,៣% បើធៀបនឹងខែមុន និងតម្លៃសម្រាប់ «សេវាកម្សាន្ត» ដែលរាប់បញ្ចូលទាំងសំបុត្រប្រគំតន្ត្រីផងដែរ។
លោកល Grahn បានប្រាប់ Wall Street Journal ថាសេណារីយ៉ូនេះគឺ «កម្រណាស់»។ ការកើនឡើងតម្លៃទំនងជារងផលប៉ះពាល់ដោយសារអ្នកគាំទ្ររបស់ Beyoncé ក្នុងការ «កក់យកសណ្ឋាគារនៅជុំវិញទីក្រុង Stockholm»។
ទីក្រុង Stockholm ជាកន្លែងដែល Beyoncé ប្រគំតន្ត្រី នៅចំពោះមុខអ្នកគាំទ្រចំនួន ៤៦០០០ នាក់សម្រាប់រយៈពេល ២យប់។ តាមសេចក្តីរាយការណ៍ការប្រគំតន្ត្រីនេះ បានទាក់ទាញអ្នកគាំទ្រមកពីជុំវិញពិភពលោក ជាពិសេសសហរដ្ឋអាមេរិក។

លោក Grahn បានបញ្ជាក់ប្រាប់កាសែតអង់គ្លេស BBC ដែរថា សម្រាប់តារាម្នាក់ដែលមានឥទ្ធិពលបែបនេះគឺ «កម្រណាស់» ហើយ ការប្រកួតបាល់ទាត់ធំៗ ក៏មានឥទ្ធិពលស្រដៀងគ្នានេះដែរ៕

























Account
Security
Favourite Content