កាលពីពេលថ្មីៗនេះ អាជ្ញាធរក្រុងប៊ែរឡាំងបានចេញសេចក្ដីប្រកាសយ៉ាងច្បាស់ៗថា ស្ត្រីគ្រប់រូបមានសិទ្ធិ និងអាចហែលទឹកកម្សាន្តដោយមិនពាក់អាវបាននៅតាមអាងទឹកសាធារណៈ ប្រសិនបើពួកគេចង់ធ្វើ។
មែនទែនទៅ ការហែលទឹកដោះអាវរបស់ស្ត្រីនៅក្នុងអាងសាធារណៈ ក្នុងរាជធានីប៊ែរឡាំង នៃប្រទេសអាល្លឺម៉ង់មិនដែលត្រូវបានហាមឃាត់ឡើយ។ ក៏ប៉ុន្តែអាជ្ញាធរក្រុងបានចេញមុខបញ្ជាក់បែបនេះ ក្រោយស្ត្រីម្នាក់បានដាក់ពាក្យបណ្ដឹង ដោយចោទប្រកាន់ពីការរើសអើង បន្ទាប់ពីអាងទឹកមួយបានរារាំងនាងហែលទឹកដោយមិនបិទបាំងទ្រូង ដែលនាងថាជាការរឹតត្បិត មិនត្រូវបានអនុវត្តចំពោះបុរស។

រដ្ឋាបាលទីក្រុងប៊ែរឡាំងបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុង និងអាងទឹកសាធារណៈរបស់ខ្លួនត្រូវតែធានាឲ្យបានថា បុរស និងស្ត្រីត្រូវបានសិទ្ធិដោយស្មើភាពគ្នាអំពីការហែលទឹកដោយមិនពាក់អាវ។
ថ្លែងប្រាប់សារព័ត៌មាន CNN លោក Keon West ដែលជាសាស្ត្រាចារ្យផ្នែកចិត្តវិទ្យាសង្គមនៅ Goldsmiths សាកលវិទ្យាល័យនៃទីក្រុងឡុងដ៏បានឲ្យដឹងថា «មនុស្សភាគច្រើនដឹងហើយថា ជនជាតិអាល្លឺម៉ង់ មានភាពធូរស្រាល ចំពោះរឿងអាក្រាតកាយច្រើនជាងជនជាតិអង់គ្លេស ឬជនជាតិអាមេរិក»
លោកបន្តឲ្យដឹងទៀតថា «ផ្ទុយទៅវិញ ការអាក្រាតកាយត្រូវបានទទួលយកតាមវិធីមួយផ្សេងទៀតនៅក្នុងប្រទេសអាល្លឺម៉ង»។ ប្រភពដដែលបានពន្យល់ថា នេះគឺដោយសារតែនៅក្នុងប្រទេសអាល្លឺម៉ង់ មនុស្សដែលអាក្រាតកាយនៅទីសាធារណៈមិនត្រូវបានគេមើលឃើញថាបង្កជាគ្រោះថ្នាក់ ឬខុសពីស្តង់ដារសង្គមរបស់ពួកគេនោះទេ។ ពួកគេមានទំនោរអនុញ្ញាតឱ្យមនុស្សធ្វើវា ប្រសិនបើពួកគេយល់ថាវាមានផាសុកភាព។
គួរបញ្ជាក់ថា អាល្លឺម៉ង់មានទំនោរបើកទូលាយសម្រាប់ការអាក្រាតកាយតាំងពីចុងសតវត្សរ៍ទី១៩ មកម្ល៉េះ ក្រោយរកឃើញថាវាជួយដល់សុខភាព។ បន្តមកដល់ឆ្នាំ ១៩២០ អាល្លឺម៉ង់ថែមទាំងបានបង្កើតឆ្នេរអាក្រាតកាយដំបូងរបស់ខ្លួននៅលើកោះ Sylt ទៀត។
ប្រហែលមួយទស្សវត្សរ៍ក្រោយមកទៀត អាល្លឺម៉ង់ក៏ថែមទាំងបានបង្កើតសាលាអាក្រាតកាយទីក្រុងប៊ែកឡាំង ដើម្បីលើកទឹកចិត្តដល់ការធ្វើលំហាត់ប្រាណផ្លូវភេទចំហ និងថែមទាំងបានរៀបចំសមាជអាក្រាតកាយអន្តរជាតិជាលើកដំបូង។
ចលនាអាក្រាតកាយនេះត្រូវបានហាមឃាត់ដំបូង ដោយរបបណាស៊ីក្រោមការគៀបសីលធម៌។ តែទោះជាយ៉ាងណា ក្រោយរបបណាស៊ីបញ្ចប់ទៅវាបន្តទទួលបានប្រជាប្រិយភាពឡើងវិញ ហើយចលនាដដែលនេះផ្តើមមានប្រជាប្រិយភាពខ្លាំងឡើងៗ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអាល្លឺម៉ង់បច្ចុប្បន្ន៕






















































Account
Security
Favourite Content