ទេព បូព្រឹក្ស តារាស្រីមិនព្រមដួលរលំ ទោះមានព្យុះភ្លៀង​ពាក្យរិះគន់ក្នុងសង្គមច្រើន

ទេព បូព្រឹក្ស ត្រូវគេស្គាល់ថា ជាតារា​ចម្រៀង​សម្បូរ​ក្បាច់រាំ និងការតុបតែងខ្លួនប្លែកៗ។ តារាចម្រៀងរូបស្រស់នេះ ចូលប្រឡូកសិល្បៈតាំងពីក្មេងមកម៉្លេះ ប៉ុន្តែដំណើរផ្លូវសិល្បៈរបស់នាងមិនរលូនប៉ុន្មានឡើយ ដោយនាងបានឆ្លងកាត់ព្យុះភ្លៀងបោកបក់ និងពាក្យរិះគន់ច្រើនរាប់មិនអស់ ទម្រាំតែសាងបានភាពល្បីល្បាញដូចសព្វថ្ងៃនេះ។

តារាចម្រៀងយ៉េៗ ទេព បូព្រឹក្ស មានឈ្មោះពិតថា ស៊ីន ទេពបូព្រឹក្ស ជាកូនស្រីច្បងក្នុងចំណោមបងប្អូនប្រុសស្រី២ នាក់របស់ ដែល​មាន​ឪពុក​ជា​ឧត្ដមសេនីយ៍ត្រី​ ឈ្មោះ ទេព ផន និងភិរិយា។ នាង​មាន​ប្អូនប្រុសតែម្នាក់​ឈ្មោះ ទេព និមិត្ត។ បូ​ព្រឹក្ស ត្រូវបាន​គេ​ស្គាល់​ថា ជា​ចៅទួត​របស់​លោកយាយ សា​រ៉ាំ ប៉ាក់ អ្នកចម្រៀងអាយ៉ៃដ៏ល្បីល្បាញអំឡុងទសវត្សរ៍ឆ្នាំ ៥០ រហូតដល់ទសវត្សរ៍ឆ្នាំ ៧០។

ម្ចាស់បទ «My សង្សារ» កើត​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ១៩៩៣ នៅរាជធានីភ្នំពេញ។ ដោយមានដុងសិល្បៈតាំងពីកំណើត និងមានចិត្តស្រលាញ់បូករួមភាពក្លាហានផងនោះ ជំរុញឱ្យកុមារីធ្មេញ​ច្រពើសនេះចាប់ផ្ដើមអាជីពចម្រៀងតាំងពីអាយុ៩ ឆ្នាំមក ដោយនាងបានឡើងសម្តែងលើកដំបូងក្នុងកម្មវិធីទូរទស្សន៍ជាតិកម្ពុជា។ តារាចម្រៀងរូបនេះ ទទួលបានជយ​លាភី​លេខ​១ ក្នុង​កម្ម​វិធី​ប្រឡង​ចម្រៀង​សម័យ «តម្លៃ​នៃ​ទេព​កោសល្យ​» របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ កាល​ពី​ឆ្នាំ​ ២០០០​។ នៅ​អាយុ​ ១២ ​ឆ្នាំ នាងបាន​ចូល​រួមថត​ភាព​យន្ត​ឲ្យ​ក្រុម​ហ៊ុន​ហូលីវូតមួយ ដែល​កាលនោះគេមក​ថត​នៅ​ស្រុក​ខ្មែរ។ 

ទេព បូព្រឹក្ស ត្រូវ​បាន​ផលិត​កម្ម ​រស្មី​ស្ទឹង​សង្កែ ជ្រើស​រើស​ធ្វើ​ជា​តារា​ថ្មីជំនួស​ឱ្យតារាចម្រៀង ​សួស សេងសប្តាហ៍ ក្នុងឆ្នាំ ២០០៨ ដែលកាលនោះនាងមានវ័យទើប ១៦ ឆ្នាំប៉ុណ្ណោះ។ តារាចម្រៀងវ័យក្មេងរូបនេះ ជ្រកកោនទ្រនំ រស្មី​ស្ទឹង​សង្កែ បានប្រមាណជិត១ឆ្នាំប៉ុណ្ណោះ ក៏ចាកចេញទៅនៅអំឡុងឆ្នាំ ២០០៩។ ក្រោយមកនាងបានបង្ហាញខ្លួនជាតារាចម្រៀងថ្មីក្នុង​ផលិត​កម្ម TV Production ដែលមានអ្នក​នាង ញឹម ចាន់ថន ជា​ចាង​ហ្វាងផលិតកម្ម​។ បោះ​ជំហាន​ចូល​ផលិត​កម្ម​ថ្មី​មិន​បាន​ប៉ុន្មាន កូនស្រីច្បងក្នុងគ្រួសាររូបនេះ ក៏​បាន​ប្រកាស​ផ្អាក​ពី​សិល្បៈ​ និងបាន​បាត់​មុខ​រហូត​ដល់ឆ្នាំ ២០១១ ទើបនាងលេចមុខមកជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្ម រស្មីហង្សមាស ទន្ទឹមគ្នាជាមួយតារាចម្រៀង លោក នៅ ស៊ីនឿន។ បោះជំហានចូលទ្រនំខ្ពស់ភ្លាម បូព្រឹក្ស ត្រូវខាង​ផលិត​កម្ម​លើក​ស្ទួយ​ឲ្យ​ចាប់​ដៃ​គូ​ជាមួយ​តារា​ចម្រៀងពេញដោយបទពិសោធន៍ ឆន សុវណ្ណរាជ ដើម្បីសាងមុខមាត់ និងប្រជាប្រិយភាព​។ 

ដូចការរំពឹងទុក ក្រោយ​ចូល​ច្រៀង​នៅទ្រនំធំខ្ពស់ តារាស្រីធ្មេញច្រពើសរូបនេះ ផ្ទុះ​កាន់តែ​ខ្លាំង​នៅក្នុង​ពិភពសិល្បៈ​ចម្រៀងដោយនាងក្តោបបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស និងបានជ្រាបចូលក្នុងការចងចាំរបស់អ្នកគាំទ្រយ៉ាងលឿនតាមរយៈបទចម្រៀងមនោសញ្ចេតនា និងបទញាក់កន្ត្រាក់អារម្មណ៍លាយឡំស្ទីល៍រាំប្លែកៗ។ តែយ៉ាងណា ជីវិតសិល្បៈក្នុងទ្រនំផលិតកម្មធំជាងគេនៅប្រទេសកម្ពុជាមិនមែនជារឿងងាយស្រួលឡើយ បូព្រឹក្ស រស់នៅក្នុងការប្រកួតប្រជែងយ៉ាងស្វិតស្វាញរាល់ថ្ងៃ ដើម្បីមានកន្លែងឈរជើងដូចតារាចម្រៀងរៀមច្បងដទៃ។ កំពុងឡើងកូដខ្លាំង បូព្រឹក្ស ក៏ត្រូវជួប​ព្យុះ​​រឿងអាស្រូវ​ ជម្លោះ និង​ការ​រិះគន់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះឡើយ។

គេនៅចាំថា ចូលច្រៀងផលិតកម្ម ហង្សមាស មិនយូរប៉ុន្មាន ម្ចាស់បទ «មិនជឿថាបងមិនស្រលាញ់អូន» ​ស្រាប់តែ​ល្បី​ថា ​​ផ្ទុះ​បញ្ហា​ជាមួយ​តារាចម្រៀង​ជើងចាស់​ ពេជ្រ សោភា តែពេលនោះ​ទាំង​ពីរនាក់​បកស្រាយ​ថា​គ្មាន​អ្វីនោះ​ទេ​។ ក្រោយមក​ទៀត ក៏​ផ្ទុះ​បញ្ហា​ជាមួយ​មេ​ក្រុម​រាំ​​យ៉ាង​ខ្លាំងក្លា ធ្វើឲ្យ​រង្គោះរង្គើ​សង្គម​សិល្បៈតែម្តង។ មិនតែប៉ុណ្ណោះ ក៏រងការ​រិះគន់​ជា​បន្តបន្ទាប់លើតុបតែងខ្លួន និង​ក្បាច់រាំ​សិចស៊ីហួស​ពេក ហើយក៏ត្រូវគេរិះគន់រឿងកែសម្ភស្សដើមទ្រូងឱ្យទ្រលុកទ្រលុន និងរឿង​មួយ​ចំនួន​ទៀត​ផង​ដែរ។ រឿងហេតុខាងលើមិនបានធ្វើឱ្យពន្លកតារាចម្រៀងថ្មីនេះភ័យខ្លបខ្លាចឡើយ ផ្ទុយទៅវិញនាងរឹតតែ​ប្រឹងហាត់​ច្រៀង ហាត់រាំ រិះរកស្ទីល​ថ្មី​ស្លៀកពាក់ និង​ការ​លេង​ខ្លួនថ្មីៗប្លែកៗ​ ដើម្បីកុំឱ្យ​តារា​ជើងចាស់​ក្នុង​ផលិតកម្ម​ជាន់ឈ្លី​សមត្ថភាព​របស់​នាង​។ ទោះជាយ៉ាងនេះក្តី ក៏នាងនៅតែបន្តរងការរិះគន់ផ្សេងៗបន្តកន្ទុយគ្នា ធ្វើឱ្យបេះដូង និងផ្លូវចិត្តនាងគ្រាំគ្រាជាពន់ពេក។

ចូលដល់ឆ្នាំ២០១៥ តារាស្រីពូកែ​រាំ​គ្រលែង​ដើមទ្រូងរែង​ចង្កេះនេះ ក៏ជួបប្រទះរឿងអាស្រូវថ្មីមួយទៀត ដោយមានជនខិលខូចបានកាត់ត​រូបនាង​ទៅ​ជា​នារី​អាក្រាត​កាយល្វែង​លើ​ក្នុង​កាយវិការ​បែប​ស្រើបស្រាល ខណៈសាមីខ្លួននាង​ទើបតែ​វិលត្រឡប់​មកពី​ព្យាបាល​ជំងឺ​ពោះវៀន​ដុះខ្នែង​នៅ​ប្រទេស​ថៃ។ ហេតុការណ៍នេះ ធ្វើឱ្យឪពុកនាងខឹងសម្បារជាខ្លាំងរហូតដាក់ពាក្យ​​បណ្ដឹង ដើម្បី​ដាក់ទោស​ជន​ខិលខូច​ និង​ស្ដារ​កិត្តិយស​ឲ្យកូនស្រី​។

ខណៈជីវិតកំពុងហ៊ុំព័ន្ធដោយរឿងអាស្រូវ និងបញ្ហាច្រើនរាប់មិនអស់ រលកជីវិតលើវិថីសិល្បៈក៏នាំ បូព្រឹក្ស ឱ្យចូលរួម កម្មវិធីប្រលងកំពូលតារាចម្រៀងអាជីពកំរិតពិភពលោក I Am a Singer Cambodia រដូវកាលទី១ ឆ្នាំ ២០១៦ តែគួរឱ្យសោកស្តាយនាងត្រូវធ្លាក់ចេញពីកម្មវិធីតាំងពីការជម្រុះដំបូង ធ្វើឱ្យនាងរងការសើចចំអកយ៉ាងខ្លាំងក្លាពីមហាជន។

ក្រោយជ្រុះចេញពីកម្មវិធីប្រកួតដ៏ធំ តារា​ចម្រៀង​សម្បូរ​ក្បាច់រាំ​នេះ ក៏ជំពប់រឿងអាស្រូវស្នេហាជាមួយឧកញ៉ា ឬកូនអ្នកធំជាហូរហែ រហូតល្បីថា ឧត្ដមសេនីយ៍ពាក់ផ្កាយ៤ ជាអ្នកទំនុកបម្រុងឲ្យនាងបើកហាង និងទិញរថយន្ត Land Cruiser V8 ឲ្យនាងជិះយ៉ាងហ៊ឺហាថែមទៀតផង។ ជាមួយគ្នានោះ បូព្រឹក្ស ក៏មាន​ស្នេហាជាមួយម្ចាស់បទ «រាំញីកែងជើង» លោក ងួន ចាន់ដេវីត​ផងដែរ ដោយសារគេឃើញអ្នកទាំងពីរស្និទ្ធស្នាលគ្នាខ្លាំង លើសពីមិត្តរួមការងារធម្មតា ថែមទាំងចេញចម្រៀងរួមគ្នាបន្តកន្ទុយ និងបានដាក់ហ៊ុនចូលគ្នាបើកជំនួញរកស៊ីជាបន្តបន្ទាប់ទៀតផង។ ទំនាក់ទំនងស្នេហារបស់តារារួមទ្រនំ ហង្សមាស នេះ បានក្លាយជាប្រធានបទក្តៅគគុកសម្រាប់អ្នកចូលចិត្តតាមដានសកម្មភាពតារាខ្មែរ តែតារាស្និទ្ធស្នាលខ្លះបែរជាគិតថា ស្នេហានេះអាចជាស្នេហាក្លែងក្លាយ ដែលទុកសម្រាប់យោងគ្នា ដើម្បីប្រជាប្រិយភាពទៅវិញ។ តែអ្វីដែលគេមើលឃើញនៅពេលនោះ បូព្រឹក្ស ហៅក្រៅថា ស្រីនិច្ច បែរចេញមុខការពារ ជី ដេវីត ប្រៀបដូចលលកញីឈ្មោលការពារគ្នា។ 

មិនខ្វល់ការលេចឮទាំងនោះ តារាចម្រៀងយ៉េៗ និងតារារ៉េប ជី ដេវីត នៅតែបន្តស្និទ្ធស្នាលគ្នា រហូតដល់ឆ្នាំ ២០១៨ ដែល ជី ដេវីត ប្រកាសផ្តាច់ខ្លួនមកជាតារាចម្រៀងឯករាជ្យ តែលោកនៅតែបន្តមានទំនាក់ទំនងជាមួយតារាស្រីពូកែរាំនេះ សូម្បីពេលនាងត្រូវគេជះ និងគប់កំប៉ុងស្រាបៀរនៅលើកណ្តាលឆាកទាំងកំពុងច្រៀងនៅអំឡុងឆ្នាំ ២០១៨ ជី ដេវីដ ចេញមុខការពារនាង។ ហេតុការណ៍បុរសគប់កំប៉ុងលើនាងផ្ទុះផ្អើលពាសពេញផ្ទៃប្រទេស រួមទាំងសិល្បករ-សិល្បការិនីល្បីៗនាំគ្នាលូកដៃជួយនាងព្រោងព្រាត។ យ៉ាងណា ក្រោយរឿងហេតុនេះបញ្ចប់ទៅត្រឹមសំណងលុយ ១ ម៉ឺនដុល្លារក៏ពិតមែន តែនាងជាសាមីខ្លួនប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ គួបផ្សំការ bully ការរិះគន់ផ្សេងៗផងនោះ ធ្វើឱ្យនាងស្ទើរតែបោះបង់អាជីពសិល្បៈទៅហើយ។ តែដោយសារកម្លាំងចិត្តដ៏ធំធេងពី ដេវីដ ដែលជាគូស្នេហ៍ទើបនាងអាចនៅបន្តដំណើរលើវិថីសិល្បៈនេះ ដោយមិនយូរនាងក៏បញ្ចប់កុងត្រាក្នុងទ្រនំធំមកជាតារាចម្រៀងឯករាជ្យតាមគូស្នេហ៍។

ចាប់ពីពេលនោះមក តារាចម្រៀងឯករាជ្យទាំងពីរក៏ក្លាយជាគូស្នេហ៍ពេញមុខមាត់ ហើយ ជី ដេវីដ ក៏ធ្លាប់ប្រកាសប្រាប់ឱ្យអ្នកសារព័ត៌មានដឹងថា មានគម្រោងរៀបការជាមួយ បូព្រឹក្សា ដើម្បីបញ្ចប់ពាក្យស្នេហាក្លែងក្លាយ និងពាក្យចចាមអារ៉ាមថា បូព្រឹក្សា មានគូស្នេហ៍ជាមន្ត្រីធំនៅក្រោយខ្នង។ គូស្នេហ៍ទាំង២ បានដឹកដៃគ្នាទៅដើរកម្សាន្ត និងថតរូប Pre-Wedding យ៉ាងផ្អែមល្អែម នៅកោះម៉ាល់ឌីវ អំឡុងឆ្នាំ ២០១៩ ថែមទាំងតែងខ្លួនជាមច្ឆាឱបគ្នាយ៉ាងមានសេចក្តីសុខទៀតផង។

តាំងពីបើកចំហទំនាក់ទំនងស្នេហាមក តារាស្រីរាងតូចច្រឡឹង ទេព បូព្រឹក្ស តែងតែបង្ហាញភាពស្អិតរមួតលើសពីគូរសង្សា តែជាលក្ខណៈប្តីប្រពន្ធ ព្រោះនាងហៅសង្សារថា ប្តីពេញៗមាត់ នាំឱ្យខ្លួនឯងរកការរិះគន់ជាថ្មី ដោយសារពាក្យពេចន៍ និងសកម្មភាព​មួយ​ចំនួន។

ថ្វីបើការរិះគន់នៅតែបន្តកើតមាន ក៏តារាចម្រៀងពោរពេញដោយគំនិតច្នៃប្រឌិតលើសម្លៀកបំពាក់នេះ ហាក់មិនខ្វល់ ហើយនាងនៅតែបន្តផលិតបទថ្មីៗ និងចេញរាំច្រៀងតាមការប្រគំតន្ត្រី ដើម្បីប្រាក់ចំណូលដូចធម្មតា។ ទោះរឿងអាស្រូវខ្ពស់ដូចភ្នំ តែប្រជាប្រិយភាពនាងមិនស្រុតចុះឡើយ បែរជាកើនឡើងស្រឺតៗដូចគេជួយរុញ។

តារាស្រីរូប​នេះ និង​គូស្នេហ៍ បានបើកអាជីវកម្មជាច្រើនប្រភេទផ្សេងទៀត ដូចជា សម្លៀកបំពាក់ ផលិតផលគ្រឿងសម្អាង និងជាម្ចាស់ Franchise នាឡិកាដៃ Varman ម៉ៅសេទុង ទៀតផង។ ជាហេតុនាំឱ្យ បូព្រឹក្ស និង ជី ដេវីដ ក្លាយជាគូស្នេហ៍សិល្បៈវ័យក្មេងដែលមាន​ជីវិតហាយសូរខ្លាំង ព្រោះ​គេ​ឃើញ​អ្នក​ទាំង ២ និយមប្រើប្រាស់សម្ភារៈប៊្រេនៗ ជិះឡានទំនើបៗ និងប្តូរផ្លាស់ឡានជិះច្រើន។ ពិសេស រាល់ពេលនាងចេញទៅដើរកម្សាន្តនៅក្រៅប្រទេសម្តងៗ នាងតែងតែ​ទិញសម្ភារៈ និងសម្លៀកបំពាក់ប៊្រេនៗ យកមកប្រើប្រាស់ប្រចាំថ្ងៃ និងប្រើក្នុងការថត MV បទចម្រៀងជាច្រើនផងដែរ។

អំឡុងកើតមានការរាតត្បាតជំងឺកូវីដ-១៩ ម្ចាស់បទ «ព្រមបែកព្រោះស្រលាញ់» បានងាកមកធ្វើវីដេអូញុំាអី និងទទួលប្រម៉ូតផលិតផលនៅតាមបណ្ដាញសង្គម ដើម្បីកំដរអារម្មណ៍ និងប្រាក់ចំណូលខ្លះៗ។ ចៀសមិនផុត បូព្រឹក្ស នៅតែទទួលបានការរិះគន់ថា ជាតារាធ្លាក់កូដ និងរងការរិះគន់យ៉ាងចាស់ដៃរឿងបំផុសគេឯងឱ្យហូបដំបងយក្សជាមួយ​អំបិលម្ទេស ធ្វើឱ្យនាងយំសស្រាក់ផ្អើលបណ្តាញសង្គមហ្វេសប៊ុក។

ទោះព្យុះភ្លៀងបោកបក់ផាត់រសាត់ដល់ទីណាក៏តារាចម្រៀងកើតនៅរាជធានីភ្នំពេញ នៅតែតស៊ូរឹងមាំជម្នះរាល់ឧបសគ្គផ្សេងៗរហូតមកដល់បច្ចុប្បន្ន។ កាលពី ២ ឆ្នាំមុន នាង​សុខចិត្តលក់រថយន្តទំនើប ២ គ្រឿង ដើម្បីផលិតបទ «វីរនារី/Top of the lady» ជាលទ្ធផលបទនេះផ្ទុះការគាំទ្រ និងសរសេរពេញប្រទេស និងឆក់បានពានរង្វាន់ពិសេស ៣ ពីកម្មវីធី Pleng Music Award 2022 ឱ្យ ទេព បូព្រឹក្ស ទៀតផង។ 

ជីវិតជាបុគ្គលសាធារណៈមិនងាយស្រួលដូចការមើលឃើញ ផ្អែមល្អែមគូស្នេហ៍សុខៗ ម្ចាស់បទ «វីរៈនារី» ត្រូវគេតិះដៀលរឿងមានផ្ទៃពោះមុនរៀបការតាមប្រពៃណី តែនាង និងគូស្នេហ៍មិនខ្វាយខ្វល់ការរិះគន់ឡើយ ព្រោះមានមនុស្សជុំវិញខ្លួនជាច្រើននៅចាំសាទរសមាជិកដំបូងរបស់អ្នកទាំងពីរ។ តារាស្រីនិយមលេងស្ទីល៍ប្លែកៗនេះ នៅតែបន្តចេញបទចម្រៀងថ្មីៗ សូម្បីកំពុងពពោះក៏នាងនៅតែឆ្លៀតផលិតបទ «Goddess» លើកតម្កើងពីភាពជាស្ត្រី និងគុណតម្លៃរបស់ម្តាយ ទាក់ទាញចិត្តមហាជនមិនស្ទើរនោះទេ។ តាមរយៈស្នាដៃ និងគុណភាពដ៏ត្រជាក់ភ្នែកនៃ MV បទ «វីរនារី» ធ្វើឱ្យតារាយ៉េៗរូបនេះ ឆក់បានតំណែងជា​អ្នក​តំណាង របស់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ក្នុងតម្លៃខ្លួនដ៏ខ្ពស់​។

ក្រោយសំងំពពោះអស់រយៈពេល ៩ខែ១០ថ្ងៃ ជាមួយការរិះគន់ និងការសរសើរ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ជី ដេវីដ បានបង្ហោះរូបស្វាគមន៍កូន Dinosaur មកកាន់ពិភពលោក ដោយគូស្នេហ៍អ្នកសិល្បៈនេះដាក់ឈ្មោះដំណក់ឈាមដំបូងយ៉ាងពីរោះថា ទេព បញ្ចវរាប ហៅក្រៅ (Albert)។ ពេលនេះ ម៉ាក់ៗសម័យថ្មី ទេព បូព្រឹក្ស ជាស្ត្រីក្នុងមាតុភាព ហើយនាងបានផ្អាកការងារសិល្បៈទាំងស្រុងរហូតដល់ពេលវេលាសមស្រប​ទើបវិលមកឡើងឆាកតន្រ្តីវិញ។

គិតត្រឹមឆ្នាំ២០២៣ ទំនាក់ទំនងស្នេហារវាង ជី ដេវីត និង ទេព បូព្រឹក្ស ឈានចូលឆ្នាំទី ៧ ហើយ។ ទោះបីពេលនេះអ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសម្នាក់ក៏ពិតមែន ប៉ុន្តែដំណឹងរៀបការនៅតែជារឿងស្ងប់ស្ងាត់ តែយ៉ាងណាគេជឿជាក់ថា អ្នកទាំងពីរអាចនឹងចុះអេតាស៊ីវិលជាមួយគ្នារួចហើយ គ្រាន់តែមិនបញ្ចេញឱ្យសាធារណជនដឹងតែប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លានអ្នក!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច