ខេត្តតាកែវ ទទួលបានសមិទ្ធផលថ្មីមួយទៀតនៅលើទឹកដីរបស់ខ្លួន។ រូបសំណាក «បង្កងទឹកសាប» កំពុងលេចរូបរាងនៅលើទឹកដីនៃខេត្តតាកែវ ថែមទទួលបានការសរសើរភ្លូកទឹកភ្លូកដីពីសំណាក់ពលរដ្ឋក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គម។

«បង្កងតាកែវ សករួចហើយ» នេះជាការលើកឡើងនៅលើអាខោនផ្លូវការរបស់ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ។ នាវេលាព្រឹកថ្ងៃ ៣០ ខែ តុលា ឆ្នាំ ២០២៦ រូបសំណាក់បង្កងទឹកសាបដែលមានប្រវែង ៦ម៉ែត្រ ទទឹង ២.៥ ម៉ែត្រ និងដង្កៀបប្រវែង ៤.៥ ម៉ែត្រ ត្រូវបានដាក់ឱ្យសម្ពោធជាផ្លូវការនៅលើផ្ទៃបឹងតាកែវ ដែលស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ក្រោយបញ្ចប់ការសាងសង់ជាស្ថាពរ។
នេះជាសមិទ្ធផលថ្មីមួយលើទឹកដីនៃខេត្តតាកែវ ដែលនឹងចូលរួមចំណែកក្នុងការលើកតម្កើងអត្តសញ្ញាណ និងផលិតផលដ៏មានសក្តានុពលប្រចាំខេត្ត ព្រមទាំងបង្កើតជាទីតាំងទេសចរណ៍ថ្មីមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា កម្សាន្ត និងភ្លក្សរសជាតិបង្កងទឹកសាបតាកែវ។
បង្កងធម្មជាតិ ជាអត្តសញ្ញាណផលិតផលជលផលដ៏ទាក់ទាញរបស់ខេត្តតាកែវ។ តាមការឱ្យដឹងនៅលើផេកផ្លូវការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បង្កងធម្មជាតិខេត្តតាកែវ មានរសជាតិឆ្ងាញ់ដែលទាក់ទាញអ្នកចូលចិត្តម្ហូបជលផល ដោយសារកត្តាសំខាន់ៗមួយចំនួន៖
១. បរិស្ថានធម្មជាតិសមស្រប ៖ តំបន់បឹងបួរ ព្រែក និងវាលលិចទឹក ជាជម្រកដែលអាចផ្តល់អាហារធម្មជាតិដល់បង្កង។
២. អាហារធម្មជាតិចម្រុះ ៖ បង្កងអាចស៊ីសត្វតូចៗ សារាយ និងសារធាតុសរីរាង្គក្នុងទឹក ដែលជួយដល់ការលូតលាស់ និងគុណភាពសាច់។
៣. ប្រព័ន្ធទឹក និងប្រព័ន្ធអេកូឡូស៊ី ៖ ការផ្លាស់ប្តូរទឹកតាមរដូវ និងស្ថានភាពជម្រក អាចជះឥទ្ធិពលដល់ការរស់នៅ និងការលូតលាស់របស់បង្កង។
៤. សាច់ណែន និងរសជាតិផ្អែមពីធម្មជាតិ ៖ បង្កងដែលមានគុណភាពល្អ អាចមានសាច់ណែន ទន់ផ្អែម និងក្លិនឈ្ងុយ ជាពិសេសនៅពេលចម្អិនស្រស់ៗ។
៥. របៀបចម្អិន និងភាពស្រស់ ៖ ការចម្អិនភ្លាមៗក្រោយចាប់បាន ជួយរក្សារសជាតិ និងក្លិនឈ្ងុយរបស់បង្កង។
បង្កងធម្មជាតិខេត្តតាកែវ មិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងជាផលិតផលជលផលដែលភ្ជាប់នឹងធនធានធម្មជាតិ និងជីវភាពប្រជានេសាទក្នុងតំបន់ផងដែរ៕





រូបភាព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ


















































Account
Security
Favourite Content