កម្មវិធីការប្រកួត Miss Teen Icon International ២០២៦ ដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ ហើយក៏មានការចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួលបានការចាប់អារម្មណ៍ខ្លាំង មិនថាតែនៅក្នុងកម្ពុជា និងឥណ្ឌូណេស៊ីផ្ទាល់ឡើយ ពោលគឺប្រទេសនៅអាស៊ានសឹងតែទាំងអស់។

នៅវគ្គការប្រកួតវគ្គបឋម មានបង្ហាញឈុតតំណាងជាតិ, Talent Show ល្អហួស បាននាំយកវប្បធម៌ខ្មែរពីបុរាណ The Star ដែលជាសារព័ត៌មានប្រចាំថ្ងៃដ៏ធំមួយ និងមានប្រជាប្រិយភាពខ្លាំងជាងគេនៅ ប្រទេសម៉ាឡេស៊ី ដែលបោះពុម្ពផ្សាយជាភាសាអង់គ្លេស បានចុះផ្សាយកោតសរសើរមិនដាច់ពីមាត់។
សារព័ត៌មាន The Star បានដាក់ចំណងជើងថា “យុវតីកម្ពុជាម្នាក់នាំយករបាំបុរាណខ្មែរ ទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់នៅទីក្រុងហ្សាកាតា” ហើយខ្លឹមសារសំខាន់ៗក្នុងអត្ថបទ The Star បានរ៉ាយរ៉ាប់ថា ជូរី ល្អហួស បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ប្រពៃណីជាតិ មានឈ្មោះជាភាសាខ្មែរថា «នារីកសិករនៃដែនដីមាស អប្សរាមហានគរ» ដែលរំលេចឡើងនូវរូបភាពកសិករ ព្រមទាំងតួអង្គអប្សរានៃសម័យអង្គរ។

សារព័ត៌មានម៉ាឡេស៊ី The Star បានបន្ថែមទៀតថា កញ្ញា ជូរី ល្អហួស បាននាំយករបាំបុរាណខ្មែរទៅសម្ដែងក្នុងវគ្គបង្ហាញទេពកោសល្យនៃកម្មវិធី Miss Teen Icon International 2026 ដោយប្រើប្រាស់ឆាកប្រកួតនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីបង្ហាញជូនទស្សនិកជននូវទម្រង់សិល្បៈសម្តែងដ៏ល្បីល្បាញបំផុតមួយរបស់កម្ពុជា។
មិនទាន់ចប់ត្រឹមប៉ុណ្ណោះឡើយ ដោយ The Star រៀបរាប់បន្តទៀតថា ល្អហួស ក្នុងឈុតសម្លៀកបំពាក់ពណ៌ខៀវលាយមាស ព្រមទាំងពាក់មកុដមាសដ៏ខ្ពស់ បានសម្ដែងយ៉ាងអស្ចារ្យ ដោយផ្លាស់ប្ដូរឥរិយាបថពីការលុតជង្គង់ ទៅឈរ ព្រមទាំងក្បាច់ដៃជាខ្សែកោងយ៉ាងត្រឹមត្រូវ និងបង្វិលកដៃតាមក្បាច់រាំយ៉ាងត្រឹមត្រូវបានគ្រប់គ្រងលំនឹងខ្លួនយ៉ាងល្អឥតខ្ចោះ។


សារព័ត៌មានមួយនេះ បានចុះផ្សាយថា យោងតាមអង្គការយូណេស្កូ (UNESCO) របាំព្រះរាជទ្រព្យកម្ពុជាមានទំនាក់ទំនងជាមួយរាជវាំងខ្មែរអស់រយៈពេលជាង ១ ០០០ ឆ្នាំមកហើយ។ អ្នករបាំចំណាយពេលច្រើនឆ្នាំ ដើម្បីហ្វឹកហាត់ឲ្យស្ទាត់ជំនាញលើកាយវិការ និងឥរិយាបថនានា ដែលត្រូវបានប្រើប្រាស់ ដើម្បីរៀបរាប់សាច់រឿង និងបង្ហាញពីអារម្មណ៍ផ្សេងៗ។ អង្គការយូណេស្កូបានប្រកាសទទួលស្គាល់របាំព្រះរាជទ្រព្យជាលើកដំបូងនៅឆ្នាំ ២០០៣ ហើយបានចុះបញ្ជីវាចូលក្នុង «បញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ»។
The Star បានចុះផ្សាយដោយមានការសិក្សាច្បាស់ពីប្រពៃណីខ្មែរមួយនេះថាស្ទើរតែបាត់បង់ទៅហើយនៅក្នុងសម័យខ្មែរក្រហម នៅពេលដែលគ្រូរបាំ និងតន្ត្រីករជំនាញភាគច្រើនបានបាត់បង់ជីវិត។ ក្រុមរបាំនានាត្រូវបានបង្កើតឡើងវិញបន្ទាប់ពីរបបនេះដួលរលំនៅឆ្នាំ ១៩៧៩ ហើយបានចាប់ផ្ដើមសម្ដែងស្នាដៃសិល្បៈបុរាណឡើងវិញ៕

















































Account
Security
Favourite Content