តារាសម្ដែង/ចម្រៀងចិនល្បីឈ្មោះ Zhu ZhengTing នឹងធ្វើដំណើរមកកម្ពុជាចូលរួមព្រឹត្តិការណ៍មហោស្រពភាពយន្តអាស៊ីកម្ពុជា ដើម្បីដើរលើវេទិកាកម្រាលព្រំក្រហម ក្នុងនាមជាទូតសុឆន្ទៈ 4th CAFF។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌។

តាមការជូនដំណឹងនៅលើផេកផ្លូវការរបស់នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានជម្រាបអំពីការវិលត្រឡប់មកសារជាថ្មីនូវព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់កម្ពុជានោះគឺ មហោស្រពភាពយន្តអាស៊ីកម្ពុជា លើកទី៤ ដែលនឹងរៀបចំធ្វើនៅថ្ងៃទី ២៤ ដល់ ២៨ ខែ សីហា ឆ្នាំ ២០២៦។
ជាមួយគ្នា ក៏មានប្រកាសជូនដំណឹងអំពីទូតសុឆន្ទៈចំនួន ២ រូបដែលនឹងតំណាងឱ្យព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះគឺ Zhu ZhengTing ដែលលោកគឺជាតារាចម្រៀង ក៏ដូចជាតារាសម្ដែងល្បីឈ្មោះមួយរូបនៅក្នុងប្រទេសចិន។ ការបង្ហើបវត្តមានរបស់តារាប្រុសរូបនេះបានអង្រួនបេះដូងអ្នកគាំទ្រកម្ពុជាជាច្រើននាក់ទន្ទឹងចាំមើលផ្លូវរបស់លោក។
យ៉ាងណាមិញ តាមរយៈការបញ្ជាក់របស់ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌លោក ប៉ុក បូរក្ស មកកាន់ AMS បានឱ្យដឹងថា តារាប្រុសចិនដែលអ្នកគាំទ្រជាច្រើនស្គាល់ថាជាអតីតសមាជិកក្រុម NINE PERCENT លោក Zhu ZhengTing នឹងបង្ហាញវត្តមានរបស់លោកដោយផ្ទាល់នៅលើកម្រាលព្រំក្រហមក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអាស៊ីកម្ពុជា លើកទី៤ នាថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៦ នៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ។


ស្របជាមួយវត្តមានរបស់ Zhu ZhengTing មហោស្រពភាពយន្តក៏មានទូតសុឆន្ទៈល្បីឈ្មោះមួយរូបទៀតរបស់កម្ពុជានោះគឺអ្នកនាង ពេជ្រ សូលីកា ។ គួរបញ្ជាក់ឱ្យដឹងផងដែរថា ក្រៅអំពីទូតសុឆន្ទៈទាំងពីរក៏មានការចូលរួមពីសំណាក់តារាចិនជាច្រើនរូបដូចជា៖ Ms. Yang Chaoyue , Ms. Wu Yawen , Ms. Wan Qian , Ms. Janice Man , Ms. Zhao Yihuan , Mr. Xiong Ziqi , Ms. Ariel Lin និងតារាល្បីៗរបស់កម្ពុជាជាច្រើនរូបទៀតផងដែរ៕
ប្រភព ៖ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌




















































Account
Security
Favourite Content