នៅថ្ងៃទី១ ខែកញ្ញា នេះ ZEROBASEONE ទើបតែបានបញ្ចេញអាល់ប៊ុមពេញខ្នាតដំបូងរបស់ខ្លួន ដែលមានឈ្មោះថា Never SAY NEVER ទន្ទឹមគ្នានឹងគោលបំណង ចង់មានវាសនាវែងឆ្ងាយក្នុងវិថីសិល្បៈ។

កាលពី ២ឆ្នាំមុន បេក្ខជនម្ចាស់ជយលាភីពីកម្មវិធីប្រកួតប្រជែង Boy Planet គឺ Sung Han-bin, Kim Ji-woong, Zhang Hao, Seok Matthew, Kim Tae-rae, Ricky, Kim Gyu-vin, Park Gun-wook និង Han Yu-jin បានទទួលឱកាសក្លាយជាក្រុមចម្រៀង ZEROBASEONE។
រហូតមកដល់ដើមខែកញ្ញា នេះ សមាជិកទាំង ៩ រូបបានបញ្ចេញអាល់ប៊ុមពេញខ្នាតរបស់ខ្លួនជាលើកដំបូង ដោយនៅក្នុងសន្និសិទកាសែតនៃការចេញផ្សាយចម្រៀងទាំង ១០បទនេះ សមាជិកម្នាក់ៗ បានបង្ហាញអារម្មណ៍រីករាយ ជាមួយនឹងគោលបំណងសម្រាប់ថ្ងៃអនាគត។
ផ្ដើមដោយ Zhang Hao សមាជិកវ័យ ២៥ឆ្នាំរូបនេះ បានរៀបរាប់ថា៖ “នេះគឺជាអាល់ប៊ុមពេញខ្នាតទី ១ ហើយពួកយើងពិតជារំភើបមែនទែន។ អាល់ប៊ុមនេះនឹងបង្ហាញពីការអភិវឌ្ឍរបស់ពួកយើង។ យើងចង់ធ្វើវាជាកាដូសម្រាប់អ្នកគាំទ្រ ដែលបាននៅជាមួយពួកយើងតាំងតែពីចាប់ផ្ដើមមក”។

បន្តដោយ Han Yu-jin សមាជិកវ័យ ១៨ឆ្នាំ បាននិយាយពីគោលបំណងរបស់ខ្លួនថា៖ “ពីមុនមក ខ្ញុំបានបង្ហាញពីដំណើរនៃការរីកចម្រើនរបស់ខ្ញុំ។ តែពេលនេះ ខ្ញុំចង់បង្ហាញពីដំណើរឆ្ពោះទៅកាន់នាមជា កំពូលតារា វិញម្ដង” ។
ក្នុងទស្សនៈតែមួយ Park Gun-wook បានរៀបរាប់ថា ដ្បិតកន្លងមក ពួកគេធ្លាប់ទទួលបានពានរង្វាន់ និងការកោតសរសើរពីប្រព័ន្ធផ្សព្វផ្សាយទៅហើយក្ដី តែអ្វីដែលសំខាន់នោះ គឺសមត្ថភាពក្នុងការដើរបន្តទៅមុខទៀត។ ទន្ទឹមគ្នានេះ តារាប្រុសវ័យ ២០ឆ្នាំ បានបង្ហាញក្ដីសង្ឈឹមថា អាល់ប៊ុម Never Say NEVER នឹងជួយក្រុមខ្លួន ឱ្យដើរលើវិថីសិល្បៈនេះ បានកាន់តែឆ្ញាយជាងមុន។
ក្នុងអាល់ប៊ុមដែលមានបទ ICONIK ជាបទគោល Sung Han-bin បានរៀបរាប់ថា សមាជិកទាំងអស់មានគោលបំណងផ្សព្វផ្សាយឥទ្ធិពលល្អទៅកាន់ក្រុមអ្នកគាំទ្រ និងចង់ឱ្យអ្នកស្ដាប់ទាំងអស់មានមោទកភាពចំពោះខ្លួនឯង ខណៈ Kim Gyu-vin បានប្រាប់ថា ខ្លួនក៏បានព្យាយាមសិក្សាស្នាដៃរបស់កំពូលតារាប៉ុប Michael Jackson មកជាជំនួយក្នុងការផលិតអាល់ប៊ុមថ្មីនេះដែរ៕
























Account
Security
Favourite Content