បើទោះបីជាទទួលបានការរិះគន់ពីអ្នកគាំទ្រកូរ៉េខាងត្បូងក៏ពិតមែន តែការប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់ក្នុងវិស័យចម្រៀងខេប៉ុបនៅតែពេញនិយម និងមានទំនោរទៅធ្វើនៅក្រៅស្រុកកាន់តែច្រើន ដោយសារហេតុផលពីរធំៗ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីប្រគល់ពានរង្វាន់ធំៗដល់សិល្បករចម្រៀងរបស់កូរ៉េខាងត្បូង កំពុងតែមានការប្រែប្រួលខ្លាំងគួរឱ្យកត់សម្គាល់ ក្រោយក្រុមហ៊ុនមួយចំនួនកំពុងតែផ្លាស់ប្ដូរទៅរៀបចំកម្មវិធីរបស់ខ្លួននៅខាងក្រៅប្រទេស ជំនួសដោយប្រទេសកូរ៉េខាងត្បូង។ ជាក់ស្ដែងនៅក្នុងឆ្នាំ ២០២៤នេះ មានកម្មវិធីមិនតិចទេដែលបានប្រារព្ធឡើងនៅឯក្រៅស្រុក ដូចជាកម្មវិធី MAMA Awards ដែលធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសជប៉ុន, 38th Golden Disc Award ដែលធ្វើនៅប្រទេសឥណ្ឌូណេស៊ី និង 33rd Seoul Music Awards ដែលធ្វើឡើងនៅឯប្រទេសថៃជាដើម។
តាមរយៈ The Korea Time ក្រុមហ៊ុនរៀបចំកម្មវិធីមួយបានបង្ហើបប្រាប់ថា “ប្រាក់កម្រៃ” ជាមូលហេតុចម្បងនៃការផ្លាស់ប្ដូរថ្មីនេះ។ ក្រុមហ៊ុនដែលមិនបញ្ចេញឈ្មោះខាងលើបាននិយាយថា៖ “ការវិយោគក្នុងការរៀបចំកម្មវិធីប្រភេទនេះនៅក្រៅស្រុក គឺអាចធានាបានថាក្រុមហ៊ុននឹងទទួលបានប្រាក់កម្រៃច្រើនខ្លាំងសឹងតែមិនអាចប្រៀបបាន បើធៀបនឹងកម្មវិធីក្នុងស្រុក”។

ជាក់ស្ដែង ប្រភពចំណូលដ៏សំខាន់មួយនៃកម្មវិធីប្រភេទនេះ គឺបានមកពីការចំណាយរបស់អ្នកគាំទ្រក្នុងការបោះឆ្នោតដល់សិល្បករក្នុងដួងចិត្តរបស់ពួកគេ និងការទិញសំបុត្រ។ ស្របពេលដែលសំបុត្រដែលដាក់លក់នៅក្នុងប្រទេសកូរ៉េខាងត្បូងមានតម្លៃទាប តែសម្រាប់កម្មវិធីក្រៅស្រុកក្រុមហ៊ុនអាចលក់បានក្នុងតម្លៃខ្ពស់ជាងមុន ដោយក្នុងមួយសំបុត្រសម្រាប់ប្រភេទ VIPS ក្រុមហ៊ុនអាចដាក់ក្នុងតម្លៃ ២៥០ដុល្លារអាមេរិក ទៅប្រមាណ ២៨០ដុល្លារអាមេរិក។
បន្ថែមពីនេះទៀត ដើម្បីអាចធានាពីភាពជោគជ័យបាន កម្មវិធីច្រើនតែជ្រើសរើសប្រទេសដែលមានចំនួនក្រុមអ្នកគាំទ្រច្រើន។ តួយ៉ាង ប្រទេសថៃ ប្រទេសឥណ្ឌូណេស៊ី និងប្រទេសជប៉ុនដែលមានប្រជាជនមួយចំនួនធំជាអ្នកនិយមស្ដាប់ចម្រៀងខេប៉ុប ដូច្នេះមានភាគរយច្រើនដែលកម្មវិធីនឹងទទួលបានជោគជ័យ និងអាចលក់សំបុត្រអស់ពីស្តុក។

ដោយឡែក “ប្រាក់ចំណេញ” មិនមែនជាមូលហេតុតែមួយនោះទេ ដោយអ្នកធ្វើការនៅក្នុងឧស្សាហកម្មនេះមួយរូប បានរៀបរាប់ប្រាប់ប្រភពដដែលថា ការរៀបចំកម្មវិធីប្រគល់ពានរង្វាន់នៅក្នុងប្រទេសកូរ៉េខាងត្បូងជារឿងដែលពិបាក ដោយសារតែការកក់ទីតាំងដើម្បីរៀបចំកម្មវិធីជារឿងពិបាកខ្លាំង ព្រោះទីតាំងដែលអាចធ្វើកម្មវិធីធំៗបានគឺនៅមានចំនួនកំណត់នៅឡើយ ស្របពេលដែលអ្នកគាំទ្រមានចំនួនច្រើនមហាសាល។
គាត់លើកឡើងបន្ថែមថា៖ “យើងយល់ពីសារៈសំខាន់នៃការរៀបចំកម្មវិធីក្នុងស្រុក ហើយយើងក៏តែងតែពិចារណាពីរឿងនេះជារៀងរាល់ឆ្នាំដែរ។ ដោយឡែកបញ្ហានៃរៀបចំគម្រោងឱ្យបានល្អ ជាបញ្ហាដែលរារាំងរឿងនេះ”។
បើទោះបីជា កម្មវិធីខាងក្រៅស្រុកបានបង្ហាញពីភាពជោគជ័យរបស់វិស័យចម្រៀងប៉ុបបែបកូរ៉េនៅលើឆាកអន្តរជាតិក៏ដោយចុះ តែសម្រាប់អ្នកគាំទ្រជាច្រើនរូបដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងមិនបានពេញចិត្តនឹងនិន្នាការថ្មីនេះទេ ព្រោះដើម្បីអាចចូលរួមកម្មវិធីបានពួកគេត្រូវចំណាយប្រាក់ច្រើនជាងមុន មិនថាថ្លៃធ្វើដំណើរ ថ្លៃស្នាក់នៅ ថ្លៃចំណីអាហារ និងសូម្បីតែថ្លៃសំបុត្រដែលមានតម្លៃខុសគ្នាពីកម្មវិធីក្នុងស្រុក៕


























































Account
Security
Favourite Content