ប្រទេសវៀតណាមបានបញ្ជាឱ្យក្រុមហ៊ុន Netflix បញ្ឈប់ការចាក់ផ្សាយរឿងភាគមនោសញ្ចេតនារបស់ចិនមួយសម្រាប់ប្រទេសខ្លួន ដោយសារតែភាពយន្តនោះបានបង្ហាញថាកោះមួយនៅសមុទ្រចិនខាងត្បូងមិនមែនជាទឹកដីរបស់វៀតណាម។
នាយកដ្ឋានភាពយន្តរបស់ក្រសួងវប្បធម៌វៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមហ៊ុន Netflix និង FPT ដែលជាក្រុមហ៊ុនសេវាកម្មបច្ចេកវិទ្យាព័ត៌មានដ៏ធំបំផុត ត្រូវបានបញ្ជាឱ្យដក ភាពយន្ត «Flight to You» ចេញ ដោយសារតែការរំលោភលើច្បាប់អធិបតេយ្យភាពរបស់ខ្លួន។

ការបញ្ជាឱ្យដករឿងភាគចិននេះ កើតឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលប្រកាសហាមឃាត់ការចែកចាយខ្សែភាពយន្តដែលកំពុងពេញនិយម «Barbie» ដោយសារភាពចម្រូងចម្រាសនៃផែនទីដូចគ្នា។
នាយកដ្ឋានភាពយន្តវៀតណាម បាននិយាយថា ក្នុងចំណោម ៣៩ ភាគនៃរឿងរឿង «Flight to You» ខ្លួនបានពិនិត្យឃើញថា មានដល់ទៅ ៩វគ្គ បានបង្ហាញផែនទីខុស។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Vietnam Express បានរាយការណ៍។
ទោះបីជាក្រុមហ៊ុន FTP បានកែសម្រួល និងធ្វើឱ្យព្រិលៗនូវប្លង់ដែលបង្ហាញផែនទីយ៉ាងណាក៏ដោយ តែនាយកដ្ឋានភាពយន្តនៅតែទាមទារ ថាត្រូវតែដករឿងភាគនេះចេញ ព្រោះវាពោរពេញទៅដោយខ្លឹមសារមិនសមរម្យ ហើយបំពានលើអធិបតេយ្យភាពដែនសមុទ្ររបស់វៀតណាម។
គួរជម្រាបថា ការហាមឃាត់ភាពយន្តខាងលើនេះមិនមែនជាលើកទី១ ទេ ដែលរដ្ឋាភិបាលវៀតណាម បញ្ជាឱ្យឈប់ចេញផ្សាយភាពយន្ត។
ជាក់ស្ដែង ភាពយន្តសកម្មភាព Uncharted របស់ Sony កាលពីឆ្នាំមុន, ភាពយន្តគំនូរជីវចល Abominable របស់ DreamWorks កាលពីឆ្នាំ ២០១៩ និងរឿងចារកម្មអូស្ត្រាលី Pine Gap កាលពីឆ្នាំ ២០២១ជាដើម គឺសុទ្ធតែត្រូវបានហាមឃាត់ក្រោមហេតុផលតែមួយគត់គឺ ផែនទីបន្ទាប់ព្រំដែន៕























































Account
Security
Favourite Content