ផ្អែកតាមរបាយការណ៍ពីការិយាល័យកិច្ចការភាពយន្ត និងវីដេអូបរទេស (TFO Thailand Film Office) នៃនាយកដ្ឋានទេសចរណ៍ថៃបានបង្ហាញថាចំនួនក្រុមថតភាពយន្តបរទេសក្នុងប្រទេសថៃក្នុងឆមាសទីមួយនៃឆ្នាំ២០២៣នេះមាន ២៤៦ រឿង មកពី ៣២ ប្រទេសជុំវិញពិភពលោក ដែលបាននាំថវិកាចូលសេដ្ឋកិច្ចសរុបជាង ២៣៣៤ លានបាត ស្មើនឹងប្រមាណ ៦៨លានដុល្លារអាមេរិក។


ក្នុងចំណោមក្រុមការងារបរទេសដែលបានមកថតភាពយន្តនិងវីដេអូនៅប្រទេសថៃក្នុងឆមាសដំបូងនៃឆ្នាំ ២០២៣ នេះ ក៏មានរឿងភាគកូរ៉េដ៏ពេញនិយម “King the Land” ដែលបានមកថតនៅក្នុងខែកុម្ភៈ និងកម្មវិធីទូរទស្សន៍ចិន “Keep Running” បានមកថតកាលពីដើមខែមិថុនា។
តើកត្តាអ្វីខ្លះដែលជំរុញឱ្យភាពយន្ត និងកម្មវិធីល្បីៗអន្តរជាតិទាំងនេះជ្រើសរើសថតនៅក្នុងប្រទេសថៃ? ខាងក្រោមនេះ AMS នឹងធ្វើការបកស្រាយដោយផ្អែកតាមការផ្ដល់ព័ត៌មានពីសំណាក់ Thailand Film Office ៖
១. ធនធាន និងទីតាំង
ទីតាំងថតសម្បូរបែបអាចបំពេញតម្រូវការរបស់ក្រុមថតភាពយន្តបរទេស មិនថាមានខ្លឹមសារពាក់ព័ន្ធប្រទេសថៃ ឬហេតុការណ៍កើតឡើងនៅប្រទេសផ្សេងៗ ព្រមទាំងមានស្ទូឌីយោស្តង់ដារ ឧបករណ៍ផលិតទំនើបៗត្រៀមជាស្រេចដើម្បីបំពេញតម្រូវការក្រុមការងារភាពយន្តមកពីគ្រប់ទិសទីជុំវិញពិភពលោក។

២. ការទទួលភ្ញៀវ
ជំនាញ និងបដិសណ្ឋារកិច្ចរបស់ក្រុមការងារថៃ ដែលត្រៀមខ្លួនធ្វើការជាមួយក្រុមថតភាពយន្តបរទេសគឺជាចំណុចមួយដែរដែលទទួលបានការកោតសរសើរពីក្រុមថតរឿងបរទេស។


៣. នយោបាយផ្ដល់ប្រាក់ត្រលប់
នាយកដ្ឋានទេសចរណ៍ថៃបានចេញវិធានការជំរុញការថតភាពយន្តក្នុងស្រុក ដោយប្រគល់ជាសាច់ប្រាក់ត្រលប់វិញពីចាប់ពី ១៥ – ២០% នៃប្រាក់ចំណាយសរុបសម្រាប់ក្រុមការងារថត ដែលបានចំណាយចាប់ពី ៥០ លានបាត (១,៤ លានដុល្លារ) ក្នុងប្រទេសថៃ។
ទម្រង់នៃការសងប្រាក់ត្រលប់ (Cash Rebate) ចំនួន ១៥ – ២០ ភាគរយនេះត្រូវបានបែងចែកដូចខាងក្រោម៖
🟥 ប្រាក់ត្រលប់គោល ១៥% នៅពេលដែលក្រុមការងារថតបានចំណាយសម្រាប់ការថតនៅប្រទេសថៃជាង ៥០លានបាត។
🟥 ប្រាក់ត្រលប់បន្ថែមសរុបមិនលើសពី ៥% សម្រាប់លក្ខខណ្ឌដូចខាងក្រោម៖
👉 ៥% ប្រសិនបើខ្សែភាពយន្តមានខ្លឹមសារផ្សព្វផ្សាយទេសចរណ៍ Soft Power និងរូបភាពល្អៗរបស់ប្រទេសថៃ។
👉 ៣% ប្រសិនបើជួលបុគ្គលិកសំខាន់ៗ (Key Personnel) ជាជនជាតិថៃដូចជាអ្នកដឹកនាំរឿង ឬតួសម្ដែងសំខាន់ជាដើម។
👉 ៣% ប្រសិនបើថតនៅខេត្តចំនួន ៥៥ តាមគោលការណ៍របស់ក្រសួងទេសចរណ៍ និងកីឡា។
👉 ២ % ប្រសិនបើមានការចំណាយលើការកាត់ត (Post Production) ក្នុងប្រទេសថៃ។
👉 ៥% ប្រសិនបើការថតចាប់ផ្តើមនៅក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ និងការចំណាយក្នុងប្រទេសថៃចាប់ពី ១០០ លានបាត ឬច្រើនជាងនេះ។

ទោះយ៉ាងណា ក្រុមថតភាពយន្តបរទេសនឹងទទួលបានប្រាក់សងត្រលប់មិនលើសពី ១៥០ លានបាត (៤,៣លានដុល្លារ) ឡើយក្នុងមួយរឿង។
សម្រាប់ក្រុមការងារថតរឿង “King The Land” គឺមិនទទួលបានប្រាក់សងត្រលប់នោះទេ ព្រោះការចំណាយលើការថតក្នុងប្រទេសថៃរបស់ពួកគេមិនដល់ ៥០លានបាត (១,៤លានដុល្លារ)។
៤. ការសម្របសម្រួលផ្នែករដ្ឋបាល
ប្រទេសថៃត្រូវបានគេចាត់ទុកថាជាប្រទេសមួយដែលមានដំណើរការស្នើសុំការអនុញ្ញាតថតភាពយន្តបរទេសបានងាយស្រួល និងឆាប់រហ័ស រួមទាំងមានបណ្តាញសម្រាប់ដាក់ពាក្យស្នើសុំសេវាទិដ្ឋាការ (Visa) និងការទទួលបានប័ណ្ណការងារ (Work Permit) នៅមជ្ឈមណ្ឌលសេវាកម្មទិដ្ឋាការ និងលិខិតអនុញ្ញាតការងារ – BOI។
ជាក់ស្ដែងការស្នើសុំការអនុញ្ញាតឱ្យថតភាពយន្តបរទេសនៅក្នុងប្រទេសថៃត្រូវការរយៈពេល ៣ថ្ងៃក្នុងការអនុម័តសម្រាប់ការថតពាណិជ្ជកម្ម ភាពយន្តឯកសារ MVs កម្មវិធីទេសចរណ៍ និងទំនាក់ទំនងសាធារណៈ និង ៥ទៅ១០ ថ្ងៃសម្រាប់ការថតភាពយន្ត រឿងភាគ កម្មវិធីទូរទស្សន៍ ការប្រកួត ខណៈដែលនៅក្នុងប្រទេសជាច្រើនត្រូវការរយៈពេលសម្រាប់ការអនុម័តពី ១ ទៅ ៣ ខែ ឬច្រើនជាងនេះ។

លើសពីនេះ សម្រាប់ការស្នើសុំការអនុញ្ញាតថតនៅប្រទេសថៃ ត្រូវឆ្លងកាត់នាយកដ្ឋានទេសចរណ៍តែមួយ គឺអាចដំណើរការថតបានទូទាំងប្រទេស ខណៈដែលនៅប្រទេសជាច្រើនត្រូវស្នើសុំការអនុញ្ញាតតាមរដ្ឋ/ទីក្រុងនីមួយៗ ឧ. បើស្គ្រីបត្រូវការថត ៥ទីក្រុង គឺត្រូវស្នើសុំការអនុញ្ញាតទាំង ៥ទីក្រុង ដែលចាត់ទុកថាជាឧបសគ្គ និងបង្កើតការលំបាកច្រើនសម្រាប់ក្រុមថតនៅក្រៅប្រទេស។
នាយកដ្ឋានទេសចរណ៍ថៃបានឱ្យដឹងទៀតការថតភាពយន្តបរទេសនៅប្រទេសថៃពិតជាបានរួមចំណែកបង្កើតប្រាក់ចំណូលសម្រាប់ប្រទេស ដោយបង្កើតការងារដល់បុគ្គលិកជាជនជាតិថៃ ផ្ដល់ប្រាក់ចំណូលដល់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន រួមទាំងផលប្រយោជន៍ពាណិជ្ជកម្មសម្រាប់វិស័យពាក់ព័ន្ធផ្សេងៗទាំងវិស័យភាពយន្ត និងវិស័យទេសចរណ៍ ៕























































Account
Security
Favourite Content