ក្រោយជោគជ័យរួមគ្នាកាលពីរឿងទី១ «ត្រកូលអ្នកដុតខ្មោច» រួចមក The Troll Cambodia និងផលិតកម្ម Mediaload Picture បានក្រុងពាលីខ្សែភាពយន្តខ្នាតធំថ្មីមួយទៀតហើយ នាព្រឹកថ្ងៃ ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះមួយទៀត គឺ «សត្រូវព្រាយ» ដែលជាការសហការធំជាងមុន។

សម្រាប់អ្នកដឹកនាំរឿង «សត្រូវព្រាយ» នេះដែរ គឺលោក ពិសិដ្ឋ ចាន់រ៉ា ហើយតួឯកព្រាយស្រីគឺជាបវរកញ្ញាដ៏ល្បី វ៉ា ម៉ាលីណា។ ចំណែកលោក តុប វិសាល ជាតួឯកប្រុស ហើយកញ្ញាកូនកាត់ខ្មែរ-អូស្ត្រាលី ដេស្ទីនី សីម៉ូ តួឯកស្រី។ តារាដែលមហាជនស្គាល់ច្បាស់ម្នាក់ទៀតគឺលោក កៅ សុខា ឬអ្នកនិយមមើលការសម្ដែងរបស់ The Troll Cambodia និយមហៅថា ពូគុក ក៏មានមុខនៅក្នុងរឿងរឿង «សត្រូវព្រាយ» នេះដែរ ហើយក៏នៅមានអ្នកបង្កើតមាតិកាជាច្រើនរូបទៀតដែរ។
លោក ពិសិដ្ឋ ចាន់រ៉ា ដែលជាអ្នកដឹកនាំរឿង បានផ្ដល់បទសម្ភាសន៍មកថា រឿងថ្មីនេះមានការលងបន្លាចច្រើន ហើយក៏ជារឿងដែលលោក និងក្រុមការងារជួបការលំបាកច្រើនខ្លាំងផងដែរ ទម្រាំអាចឈានមកដល់ថ្ងៃក្រុងពាលីនេះ។ បើទោះជាមិនបានរៀបរាប់វែងឆ្ងាយពីការលំបាក មុនមកដល់ថ្ងៃក្រុងពាលីនេះ តែអ្នកដឹកនាំរឿងរូបនេះ បានសង្កត់ធ្ងន់ថា scene ក្នុងរឿង «សត្រូវព្រាយ» គឺត្រូវទៅថតផ្ទាល់ៗមិនមានការកាត់តឡើយ មិនថានៅជ្រោះ មិនថាក្នុងព្រៃ សុទ្ធតែចុះទៅ scout ទីតាំង ៤ ខេត្តជាមុន និងសម្រិតសម្រាំងរកប្លង់ល្អៗមកដាក់បញ្ចូលក្នុងកុន។


ក្រឡេកទៅតួព្រាយក្នុងរឿង កញ្ញា វ៉ា ម៉ាលីណា វិញ ពេលទទួលបានសំណើពីផលិតករ នាងបានសុំពេលគិតមួយរយៈសិន។ ដោយដឹងពីគ្រោងរឿងខ្លះៗ និងដឹងថាមានឈុតសាហាវៗ ធ្វើឲ្យកញ្ញាកាន់តែចាប់អារម្មណ៍ ហើយក៏ជាវេលាដែលត្រូវ challenge នឹងតួអង្គពិបាកៗផងដែរ។ លីណា បញ្ជាក់ថា បើទោះជានាងខ្លាចខ្មោច តែនាងត្រូវតែសម្ដែង ព្រោះពេលវេលាមកដល់ហើយ មិនអាចខកខានបានឡើយ។ សម្រាប់កុន លីណា ថតបាន ៣ រឿង និងសម្ដែងក្នុងភាពយន្តភាគជាច្រើនហូរហែមកហើយ។



តួឯកប្រុសស្រីវិញ បានដាក់ការសង្ឃឹមលើរឿង «សត្រូវព្រាយ» នេះខ្លាំង ព្រោះទាំងក្រុមការងារ និងតួអង្គ សុទ្ធតែត្រូវបានសម្រិតសម្រាំងខ្លាំង។ លោក អ៊ិន វិចិត្រ ម្ចាស់ផលិតកម្ម Mediaload Picture បានបញ្ជាក់ថា រឿង «សត្រូវព្រាយ» នឹងចាក់បញ្ចាំងនាឆ្នាំក្រោយ ហើយសម្រាប់ផលិតកម្មលោកក្នុងរយៈពេលជាង ១ ឆ្នាំក្រុមហ៊ុនលោកបានថតខ្លួនឯង និងសហការផលិតបាន ១២ រឿងហើយ។
លោក អ៊ិន វិចិត្រ នៅតែមានក្ដីរំពឹងខ្ពស់ចំពោះរឿងថ្មី ដែលជាការសហការជាមួយ The Troll Cambodia ថានឹងទទួលបានជោគជ័យដូចកាលរឿង «ត្រកូលអ្នកដុតខ្មោច» ដែរ ដោយលោក និងដៃគូសហការបានខិតខំកែកុន សម្រិតសម្រាំងមិនថាបច្ចេកទេស តួត្រូវតែមានការអភិវឌ្ឍន៍ទៅមុខជាងរឿងមុនៗ៕






រូបភាព៖ ផ្ដល់ឲ្យ


























Account
Security
Favourite Content