នៅពេលចេញផ្សាយរដូវកាលដំបូងកាលពីចុងឆ្នាំ២០២៣ ភាពយន្តភាគហុងកុង “រាជិនីសារព័ត៌មាន” (The Queen of News) បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាច្រើន។ តារាសម្ដែងជាច្រើនក្នុងរឿងនេះបានមើលឃើញការកើនឡើងនៃប្រជាប្រិយភាព ខណៈតួឯកស្រី Charmaine Sheh គឺជោគជ័យកាន់តែខ្ពស់ ដោយបានឈ្នះពានរង្វាន់តារាសម្តែងឆ្នើមជាច្រើន។



ថ្មីៗនេះ ការថតរឿងភាគ The Queen of News រដូវកាលទី២ នៅប្រទេសចិនត្រូវបានបញ្ចប់មុនកាលកំណត់ ហើយតួសម្តែង និងក្រុមការងារបានរៀបចំពិធីជប់លៀងជុំគ្នា ស្របពេលមានពាក្យចចាមអារ៉ាមថា រឿងភាគថ្មីនេះអាចនឹងត្រៀមចាក់ផ្សាយនៅចុងឆ្នាំនេះ។Charmaine, Selena Lee, Bosco Wong និងតារាផ្សេងៗជាច្រើនទៀតបានចូលរួមក្នុងពិធីជប់លៀងបញ្ចប់ការថតនៅចិនដីគោក។ តួឯកស្រី Charmaine បានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ពណ៌ផ្កាឈូកមួយឈុត និងបានថតរូបយ៉ាងកក់ក្តៅជាមួយក្រុមការងារ។ ទន្ទឹមនោះ តារាស្រីវ័យ ៥០ ឆ្នាំរូបនេះក៏បានប្រាស្រ័យទាក់ទងយ៉ាងកក់ក្ដៅជាមួយនឹងអ្នកគាំទ្រដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះដែរ។


អ្នកគាំទ្រម្នាក់បានសរសើរពីទឹកចិត្តសប្បុរសរបស់ Charmaine ថា “គាត់ពិតជាសុភាពណាស់ នៅពេលដែលប៊ិចរបស់ខ្ញុំលេចទឹកថ្នាំ គាត់ក៏រំលឹកខ្ញុំរហូត ហើយថែមទាំងបានអញ្ជើញពួកយើងឱ្យថតរូបជាមួយគ្នាទៀតផង។ គាត់អនុញ្ញាតឱ្យខ្ញុំឈរក្បែរគាត់ និងបានទម្លាក់កញ្ចក់ឡានញញឹម និងគ្រវីដៃមកអ្នកគាំទ្រទៀត ពេលគាត់ចេញដំណើរទៅ”។
ផ្អែកតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានហុងកុង HK01 ការថតរឿងភាគថ្មីនេះមានដំណើរការល្អប្រសើរជាងការរំពឹងទុក ដោយគ្រប់ឈុតនៅ Shenzhen ត្រូវបានបញ្ចប់នៅចុងខែមិថុនា។ ឈុតដែលសេសល់នៅក្នុងទីក្រុងហុងកុងអាចនឹងចំណាយពេលថតមួយខែទៀត ដូច្នេះដំណើរការកាត់តអាចនឹងត្រូវបញ្ចប់ទាន់ពេលសម្រាប់ការចាក់បញ្ចាំងនៅចុងឆ្នាំ ៕























































Account
Security
Favourite Content