នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានវប្បធម៌មួយបានលេចឡើងនៅក្នុងចំណោមក្រុមអ្នកគាំទ្រនៅជុំវិញសកលលោក និងកំពុងតែបន្តទទួលបានប្រជាប្រិយភាពមកទល់នឹងពេលសព្វថ្ងៃនេះ ដោយវប្បធម៌នោះ ត្រូវបានគេហៅថា Shipping ឬការចាប់គូ។
Shipping ឬការចាប់គូ សម្ដៅទៅលើសកម្មភាពដែលអ្នកគាំទ្រផ្គូផ្គងតារា ២ រូប ឬតួអង្គដែលបង្កើតឡើងនៅក្នុងរឿងប្រតិដ្ឋ ឱ្យក្លាយទៅជាគូនឹងគ្នា ដោយមនុស្សក្រុមនេះអនុវត្តសកម្មភាពនៃការចាប់គូ ដើម្បីអាចបំពេញតាមគោលបំណង ចំណង់ចំណូលចិត្ត និងការស្រមើស្រមៃផ្ទាល់ខ្លួន។


ដ្បិត Shipping ឬការចាប់គូ ស្ថិតនៅក្នុងទម្រង់ផ្សេងៗគ្នាក្ដី តែក្នុងរូបភាពដែលច្បាស់បំផុត វប្បធម៌មួយនេះកំពុងតែមានសន្ទុះខ្លាំងនៅក្នុងវិស័យតន្ត្រីខេប៉ុបរបស់ប្រទេសកូរ៉េខាងត្បូង ដូចគ្នានឹងភាពយន្ត BL (Boys’ Love) និង GL (Girls’ Love) ពីប្រទេសថៃ។ យ៉ាងណាមិញ បើប្រៀបធៀបនៅក្នុងវិស័យ ២នេះ ការអនុវត្តវប្បធម៌ចាប់គូមានការខុសប្លែកពីគ្នាដាច់ដោយឡែក និងមានឬសគល់ផ្សេងគ្នា។
វប្បធម៌ចាប់គូនៅក្នុងវិស័យខេប៉ុបរបស់ប្រទេសកូរ៉េខាងត្បូង
កន្លងមកតន្ត្រីខេប៉ុប តែងទទួលបានការពេញនិយម ផ្អែកស្ទើរទាំងស្រុងទៅលើគុណភាពបទចម្រៀង និងក្បាច់រាំរស់រវើករបស់ក្រុមនីមួយៗ។ ដោយឡែកនៅក្នុងពេលបច្ចុប្បន្ននេះ ក្រៅពីកត្តាធំៗដូចដែលបានរៀបរាប់ វប្បធម៌ការចាប់គូក៏បានដើរតួនាទីជាផ្នែកមួយដ៏សំខាន់ នៃភាពជោគជ័យរបស់ក្រុមចម្រៀងក្នុងវិស័យនេះផងដែរ។


ជាទូទៅ អ្នកគាំទ្រដែលហៅខ្លួនឯងថា Stans បានអនុវត្តសកម្មភាពនេះក្នុងទម្រង់ជា Idol Paring ដែលជារឿយៗក្រុមអ្នកគាំទ្រនិយមចាប់សមាជិករួមក្រុមឱ្យជាគូផ្គងនឹងគ្នា។ ការចាប់គូនេះ ជួនកាលផ្អែកទៅលើសកម្មភាពដែលអាយដល ២នាក់ធ្វើដាក់គ្នាដោយផ្ទាល់ មិនថាតាមរយៈវីដេអូ ឬរូបភាពដែលបង្ហោះលើប្រព័ន្ធអ៊ីនធឺណិតនៅពេលដែលពួកគេបង្ហាញវត្តមាននៅក្នុងសកម្មភាពការងារ ឬជីវិតក្រៅឆាក និងជួនកាលទៀត ការចាប់គូនេះអាចកើតឡើង តាមរយៈសកម្មភាពដែលអ្នកគាំទ្របានជួបដោយផ្ទាល់ ដូចជានៅក្នុងកម្មវិធីប្រគំតន្រ្តី និងជំនួបជាមួយអ្នកគាំទ្រជាដើម។
តួយ៉ាងពីក្រុមចម្រៀងបុរស សមាជិកក្រុមដែលអ្នកគាំទ្របានចាប់គូផ្គងឱ្យ មានដូចជា គូ Jikook ពី Jimin និង Jungkook សមាជិក BTS គូ Vmin ពី V និង Jimin សមាជិក BTS និង គូ Chanlix ពី Changbin និង Felix សមាជិក Stray Kids ។ ទន្ទឹមគ្នានេះ សម្រាប់ក្រុមចម្រៀងនារីវិញ រួមមាន គូ JenLisa ពី Jennie និង Lisa ក្រុម BLACKPINK និង SeulRene ពី Irene និង Seulgi ពីក្រុម Red Velvet ជាដើម។


វប្បធម៌ចាប់គូនៅក្នុងវិស័យខេប៉ុប ហាក់មានភាពស្មុគស្មាញ ហេតុថាឧស្សាហកម្មនេះតែងមានច្បាប់តឹងរ៉ឹងជុំវិញជីវិតផ្ទាល់ខ្លួនរបស់តារា ដោយក្រុមហ៊ុនខ្លះថែមទាំង បានបញ្ជាក់ក្នុងកិច្ចសន្យា ទាក់ទិនការហាមឃាត់មិនឱ្យសិល្បកររបស់ខ្លួនមានទំនាក់ទំនងស្នេហាកំឡុងពេលកំពុងប្រឡូកលើវិថីសិល្បៈ។
ទោះបីជាក្រុមហ៊ុនមិនបានចេញមុខគាំទ្រ ឬច្រានចោលទាំងស្រុងក្ដី សកម្មភាពនៃការចាប់គូនៅតែអាចកើតមានឡើងចំពោះក្រុមអ្នកគាំទ្រ ដោយកម្មវិធីដូចជា X, Instagram និង Weverse បានក្លាយទីតាំងដែលអ្នកគាំទ្រអាចចែករំលែកវីដេអូ រូបថត ឬសូម្បីតែស្នាដៃដែលពួកគេបង្កើតឡើងតាមការស្រមើស្រមៃ ដូចជាប្រលោកលោម និង Fan Art រំលេចដោយ គូតារាដែលខ្លួនបានចាប់គូឱ្យ។


វប្បធម៌ចាប់គូនៅក្នុងវិស័យភាពយន្ត BL និង GL របស់ប្រទេសថៃ
ផ្ទុយពីវិស័យខេប៉ុប ដែលអ្នកគាំទ្រ Shipping គូតារាក្នុងដួងចិត្តរបស់ខ្លួន ដោយផ្អែកលើសកម្មភាព និងអត្តចរិតពិតរបស់តារាមួយគូៗ វិស័យភាពយន្ត Boys’ Love (BL) ឬ Girls’ Love (GL) របស់ប្រទេសថៃអ្នកគាំទ្របានចាប់គូ ដោយយោងទៅតាមស្នាដៃសម្ដែងដែលគូតារាទាំងនោះបានសម្ដែងរួមគ្នា។
ជាក់ស្ដែង វិស័យភាពយន្ត BL មានគ្រោងរឿងដោយផ្អែកលើទំនាក់ទំនងមនោសញ្ចេតនារវាងតួអង្គបុរស និងបុរសស្រាប់ ហើយវិស័យនេះក៏កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះ។ មកទល់នឹងពេលបច្ចុប្បន្ន វិស័យរឿង GL ដែលរំលេចនូវទំនាក់ទំនងស្នេហារវាងតួអង្គនារី និងនារី ក៏កំពុងតែមានសន្ទុះកើនឡើងដូចគ្នា។ ភាពយន្តទាំង២ ប្រភេទនេះ កំពុងតែមានការរីកចម្រើនជាពិសេសនៅក្នុងប្រទេសថៃ។



ជាក់ស្ដែង រឿង BL ដូចជា SOTUS, 2gether និង TharnType ទន្ទឹមគ្នានឹងរឿង GL ដូចជា The Secret of Us, 23.5 និង Puto អនុញ្ញាតឱ្យតួសម្ដែងបង្ហាញពីភាពស៊ីចង្វាក់គ្នា រហូតទស្សនិកជនយល់ឃើញថា ពួកគេសមគ្នា និងឈានដល់ការចាប់គូក្នុងជីវិតពិត បើទោះបីជារឿងនោះបានបញ្ចប់ទៅហើយក្ដី។
ខុសប្លែកពីវិស័យខេប៉ុបដែលអ្នកគាំទ្របានចាប់គូ ផ្អែកទាំងស្រុងទៅលើអត្តចរិតពិតរបស់តារា តែវិស័យភាពយន្តរបស់ថៃមួយនេះ អ្នកគាំទ្របានចាប់គូតារានីមួយៗ តាមរយៈតួអង្គដែលបង្កើតឡើងនៅក្នុងសាច់រឿង។ បន្ថែមពីនេះទៀត គូតារានៅក្នុងវិស័យ BL និង GL បានបង្កើតឡើងដោយស្របទៅតាមគោលបំណងរបស់ក្រុមហ៊ុន ដើម្បីការធ្វើជំនួញ។ ហេតុដូច្នេះហើយ សាច់រឿង ព្រមទាំងមាតិកានានា តែងនិយមចាប់យកសកម្មភាពរ៉ូមែនទិកមកបង្ហាញ ដើម្បីអាចទាក់ទាញដល់អ្នកគាំទ្រក្នុងទំហំកាន់តែច្រើនជាងមុន ដោយសកម្មភាពនេះក៏បានចូលរួមធ្វើឱ្យទស្សនិកជនពិបាកក្នុងការបែងចែករវាងខ្សែបន្ទាត់នៃការពិត និងការសម្ដែង។



ការធ្វើបែបនេះ កាន់តែផ្ដល់ទំនុកចិត្តឱ្យអ្នកគាំទ្រជាមួយនឹងក្ដីរំពឹងថា បំណងដែលគូតារាទាំងនោះនឹងទាក់ទងគ្នាក្នុងជីវិតពិត អាចនឹងមានក្ដីសង្ឈឹម ដែលជំរុញឱ្យទស្សនិកជនកាន់តែបង្ហាញការគាំទ្រលើសកម្មភាពការងារនានា និងសូម្បីតែទិញសំបុត្រដើម្បីចូលរូមក្នុងកម្មវិធីប្រគំតន្ត្រី និងជំនួបជាមួយអ្នកគាំទ្រជាដើម។
ផលប្រយោជន៍នៃការចាប់គូសម្រាប់ឧស្សាហកម្មកម្សាន្ត
វប្បធម៌នៃការចាប់គូ មិនថានៅក្នុងវិស័យខេប៉ុប និងវិស័យភាពយន្ត BL និង GL សុទ្ធសឹងតែជះផលល្អដល់ឧស្សាហកម្មកម្សាន្ត ចាប់តាំងពីប្រជាប្រិយភាព រហូតដល់ការធ្វើយុទ្ធសាស្រ្តទីផ្សារ។ សម្រាប់វិស័យតន្ត្រីខេប៉ុប អ្នកគាំទ្របានបង្កើតសហគមន៍សម្រាប់គូតារាមួយគូៗ ដែលធ្វើឱ្យសកម្មភាពនៅលើបណ្ដាញទំនាក់ទំនងសង្គមកាន់តែមានភាពល្បីល្បាញ។ Fandoms មិនត្រឹមតែដើរតួនាទីជាអ្នកគាំទ្រប៉ុណ្ណោះទេ តែសកម្មភាពរបស់ពួកគេក៏បានផ្សព្វផ្សាយទៅកាន់ក្រុមមនុស្សដែលមានចំណង់ចំណូលចិត្តតែមួយ នាំឱ្យប្រជាប្រិយភាពរបស់គូតារាទាំងនោះផ្ទុះកាន់តែខ្លាំង។

ឯវិស័យភាពយន្ត BL និង GL របស់ប្រទេសថៃវិញ ការចាប់គូបានចូលរួមក្នុងការពង្រឹងវិស័យភាពយន្តក្នុងស្រុក និងបន្តមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិ។ ជាក់ស្ដែង សព្វថ្ងៃនេះ ថៃបានក្លាយជាប្រទេសដែលនាំមុខគេនៅក្នុងវិស័យ BL និង GL ខណៈសារព័ត៌មាន The Nation បានរាយការណ៍ថា ភាពយន្តប្រភេទនេះ អាចរកចំណូលបានដល់ទៅ ៦.៨ ពាន់លានបាត ឬប្រមាណ ២០៥ លានដុល្លារអាមេរិក សម្រាប់សេដ្ឋកិច្ចជាតិក្នុងមួយឆ្នាំ។
បន្ថែមពីនេះ បើទោះបីជារឿងចប់ទៅហើយក្ដី ការចាប់គូនេះ មិនត្រឹមតែធ្វើឱ្យក្រុមហ៊ុន ឬផលិតកម្មដែលផលិតរឿងនីមួយៗនៅតែអាចបន្តរកចំណូល តាមរយៈការចេញរដូវកាលថ្មី វគ្គពិសេស ឬសូម្បីតែកម្មវិធីជំនួបជាមួយអ្នកគាំទ្រទេ សិល្បករទាំងគូក៏អាចពង្រីកប្រជាប្រិយភាពលើវិថីផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។ តួយ៉ាង តារាប្រុស Billkin និង PP ដែលបានលេចវត្តមានផ្សព្វផ្សាយផលិតផលឱ្យក្រុមហ៊ុនធំៗ ដូចជា The Pizza Company, B-Quik និង Lazada ជាដើម។



ផលប្រយោជន៍នៃការចាប់គូសម្រាប់សង្គម
ក្រៅតែពីផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ការចាប់គូនេះ ក៏បានជះឥទ្ធិពលល្អដល់សង្គមផងដែរ។ ជាក់ស្ដែង វប្បធម៌នេះក៏បានលើកកម្ពស់ការយល់ដឹង និងការទទួលស្គាល់សហគមន៍ LGBTQIA+ ជំរុញឱ្យមានការពិភាក្សាអំពីភេទ យេនឌ័រ និងបញ្ហាសិទ្ធិផ្សេងៗជាដើម។ តួយ៉ាង Thailand Foundation បាននិយាយថា ភាពយន្តបែប BL ក៏បានរួមចំណែកឱ្យរាជរដ្ឋាភិបាលប្រទេសថៃ អនុម័តឱ្យអ្នកស្រឡាញ់ភេទដូចគ្នាអាចចុះសំបុត្រអាពាហ៍ពិពាហ៍បាន។

បន្ថែមពីនេះទៀត ភាពយន្តបែប BL និង GL ក៏បានដើរតួជា Soft Power ចូលរួមផ្សព្វផ្សាយវប្បធម៌របស់ប្រទេសថៃទៅកាន់ពិភពលោក ធ្វើឱ្យវិស័យទេសចរណ៍ កេរ្តិ៍ឈ្មោះ និងវិស័យម្ហូបអាហារកាន់តែមានភាពប្រសើរឡើង ដូចដែលរឿង 2gether បានធ្វើឱ្យទស្សនិកជនជនជាតិជប៉ុន ចង់ភ្លក់រសជាតិសារ៉ូទឹកដោះគោ និងសាច់អាំង Mookata ដែលតួអង្គបានញ៉ាំនៅក្នុងរឿងជាដើម។
ដ្បិតមានផលល្អដូច្នេះក្ដី តែការចាប់គូនេះក៏មកទន្ទឹមគ្នានឹងផលអវិជ្ជមានផងដែរ។ សាធារណជនខ្លះយល់ឃើញថា ការបង្ហាញពីទំនាក់ទំនងស្នេហារបស់ LGBTQIA+ នៅមិនទាន់មានភាពចម្រុះបែបនៅឡើយ ដែលអាចនាំឱ្យអ្នកទស្សនាយល់ឃើញថា ស្នេហារបស់ក្រុមមនុស្សប្រភេទនេះ មានត្រឹមតែអ្វីដែលពួកគេបានឃើញតាមរយៈកញ្ចក់ទូរទស្សន៍តែប៉ុណ្ណោះ។

បន្ថែមពីនេះ សិល្បករខ្លួនឯងផ្ទាល់ក៏ទទួលរងសម្ពោធ ក្នុងការបំពេញទៅតាមអ្វីដែលអ្នកគាំទ្រចង់បាន។ ដោយឡែក បញ្ហាដែលទស្សនិកពិបាកក្នុងការបែងចែករវាងការពិត និងការសម្ដែង ក៏អាចនាំឱ្យសិល្បករទទួលរងការរិះគន់ នៅពេលដែលអ្នកគាំទ្រមិនទទួលបានអ្វីដូចការរំពឹងទុក ជាការដាក់សម្ពោធដល់សិល្បករមួយកម្រិតទៀត៕























































Account
Security
Favourite Content