Shipping៖ សិក្សាពីវប្បធម៌ចាប់គូក្នុងវិស័យខេប៉ុប និងភាពយន្ត BL និង GL

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានវប្បធម៌មួយបានលេចឡើងនៅក្នុងចំណោមក្រុមអ្នកគាំទ្រនៅជុំវិញសកលលោក និងកំពុងតែបន្តទទួលបានប្រជាប្រិយភាពមកទល់នឹងពេលសព្វថ្ងៃនេះ ដោយវប្បធម៌នោះ ត្រូវបានគេហៅថា Shipping ឬការចាប់គូ។

Shipping ឬការចាប់គូ សម្ដៅទៅលើសកម្មភាពដែលអ្នកគាំទ្រផ្គូផ្គង​តារា​ ២ រូប ឬតួអង្គដែលបង្កើតឡើងនៅក្នុងរឿងប្រតិដ្ឋ ឱ្យក្លាយទៅជាគូនឹងគ្នា ដោយមនុស្សក្រុមនេះអនុវត្តសកម្មភាពនៃការចាប់គូ ដើម្បីអាចបំពេញតាមគោលបំណង ចំណង់ចំណូលចិត្ត និងការស្រមើស្រមៃផ្ទាល់ខ្លួន។

ដ្បិត Shipping ឬការចាប់គូ ស្ថិតនៅក្នុងទម្រង់ផ្សេងៗគ្នាក្ដី តែក្នុងរូបភាពដែលច្បាស់បំផុត វប្បធម៌មួយនេះកំពុងតែមានសន្ទុះខ្លាំងនៅក្នុងវិស័យតន្ត្រីខេប៉ុបរបស់ប្រទេសកូរ៉េខាងត្បូង ដូចគ្នានឹងភាពយន្ត BL (Boys’ Love) និង GL (Girls’ Love) ពីប្រទេសថៃ។ យ៉ាងណាមិញ បើប្រៀបធៀបនៅក្នុងវិស័យ​ ២នេះ​ ការអនុវត្តវប្បធម៌ចាប់គូមានការខុសប្លែកពីគ្នាដាច់ដោយឡែក និងមានឬសគល់ផ្សេងគ្នា។   

វប្បធម៌ចាប់គូនៅក្នុងវិស័យខេប៉ុបរបស់ប្រទេសកូរ៉េខាងត្បូង

កន្លងមកតន្ត្រីខេប៉ុប តែងទទួលបានការពេញនិយម ផ្អែកស្ទើរទាំងស្រុងទៅលើគុណភាពបទចម្រៀង និងក្បាច់រាំរស់រវើករបស់ក្រុមនីមួយៗ។ ដោយឡែកនៅក្នុងពេលបច្ចុប្បន្ននេះ ក្រៅពីកត្តាធំៗដូចដែលបានរៀបរាប់ វប្បធម៌ការចាប់គូក៏បានដើរតួនាទីជាផ្នែកមួយដ៏សំខាន់ នៃភាពជោគជ័យរបស់ក្រុមចម្រៀងក្នុងវិស័យនេះផងដែរ។

ជាទូទៅ អ្នកគាំទ្រដែលហៅខ្លួនឯងថា Stans បានអនុវត្តសកម្មភាពនេះក្នុងទម្រង់ជា Idol Paring ដែលជារឿយៗក្រុមអ្នកគាំទ្រនិយមចាប់សមាជិករួមក្រុមឱ្យជាគូផ្គងនឹងគ្នា។ ការចាប់គូនេះ ជួនកាលផ្អែកទៅលើសកម្មភាពដែលអាយដល ២នាក់ធ្វើដាក់គ្នាដោយផ្ទាល់ មិនថាតាមរយៈវីដេអូ ឬរូបភាពដែលបង្ហោះលើប្រព័ន្ធអ៊ីនធឺណិតនៅពេលដែលពួកគេបង្ហាញវត្តមាននៅក្នុងសកម្មភាពការងារ ឬជីវិតក្រៅឆាក និងជួនកាលទៀត ការចាប់គូនេះអាចកើតឡើង តាមរយៈសកម្មភាពដែលអ្នកគាំទ្របានជួបដោយផ្ទាល់ ដូចជានៅក្នុងកម្មវិធីប្រគំតន្រ្តី និងជំនួបជាមួយអ្នកគាំទ្រជាដើម។

តួយ៉ាងពីក្រុមចម្រៀងបុរស សមាជិកក្រុមដែលអ្នកគាំទ្របានចាប់គូផ្គងឱ្យ មានដូចជា គូ Jikook ពី Jimin និង Jungkook សមាជិក BTS គូ Vmin ពី V និង Jimin សមាជិក BTS និង គូ Chanlix ពី Changbin និង Felix សមាជិក Stray Kids ។ ទន្ទឹមគ្នានេះ សម្រាប់ក្រុមចម្រៀងនារីវិញ រួមមាន គូ​ JenLisa ពី Jennie និង Lisa ក្រុម​ BLACKPINK និង SeulRene ពី Irene និង Seulgi ពីក្រុម Red Velvet ជាដើម។

វប្បធម៌ចាប់គូនៅក្នុងវិស័យខេប៉ុប ហាក់មានភាពស្មុគស្មាញ ហេតុថាឧស្សាហកម្មនេះតែងមានច្បាប់តឹងរ៉ឹងជុំវិញជីវិតផ្ទាល់ខ្លួនរបស់តារា ដោយក្រុមហ៊ុនខ្លះថែមទាំង បានបញ្ជាក់ក្នុងកិច្ចសន្យា ទាក់ទិន​ការហាមឃាត់មិនឱ្យសិល្បកររបស់ខ្លួនមានទំនាក់ទំនងស្នេហាកំឡុងពេលកំពុងប្រឡូកលើវិថីសិល្បៈ។  

ទោះបីជាក្រុមហ៊ុនមិនបានចេញមុខគាំទ្រ ឬច្រានចោលទាំងស្រុងក្ដី សកម្មភាពនៃការចាប់គូនៅតែអាចកើតមានឡើងចំពោះក្រុមអ្នកគាំទ្រ ដោយកម្មវិធីដូចជា X, Instagram និង Weverse បានក្លាយទីតាំងដែលអ្នកគាំទ្រអាចចែករំលែកវីដេអូ រូបថត ឬសូម្បីតែស្នាដៃដែលពួកគេបង្កើតឡើងតាមការស្រមើស្រមៃ ដូចជាប្រលោកលោម និង Fan Art រំលេចដោយ គូតារាដែលខ្លួនបានចាប់គូឱ្យ។

វប្បធម៌ចាប់គូនៅក្នុងវិស័យភាពយន្ត BL និង GL របស់ប្រទេសថៃ

ផ្ទុយពីវិស័យខេប៉ុប ដែលអ្នកគាំទ្រ Shipping គូតារាក្នុងដួងចិត្តរបស់ខ្លួន ដោយផ្អែកលើសកម្មភាព និងអត្តចរិតពិតរបស់តារាមួយគូៗ វិស័យភាពយន្ត Boys’ Love (BL) ឬ Girls’ Love (GL) របស់ប្រទេសថៃអ្នកគាំទ្របានចាប់គូ ដោយយោងទៅតាមស្នាដៃសម្ដែងដែលគូតារាទាំងនោះបានសម្ដែងរួមគ្នា។  

ជាក់ស្ដែង វិស័យភាពយន្ត BL មានគ្រោងរឿងដោយផ្អែកលើទំនាក់ទំនងមនោសញ្ចេតនារវាងតួអង្គបុរស និងបុរសស្រាប់ ហើយវិស័យនេះក៏កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះ។ មកទល់នឹងពេលបច្ចុប្បន្ន វិស័យរឿង GL ដែលរំលេចនូវទំនាក់ទំនងស្នេហារវាងតួអង្គនារី និងនារី ក៏កំពុងតែមានសន្ទុះកើនឡើងដូចគ្នា។ ភាពយន្តទាំង២ ប្រភេទនេះ កំពុងតែមានការរីកចម្រើនជាពិសេសនៅក្នុងប្រទេសថៃ។

ជាក់ស្ដែង រឿង BL ដូចជា SOTUS, 2gether និង TharnType ទន្ទឹមគ្នានឹងរឿង GL ដូចជា The Secret of Us, 23.5 និង​ Puto អនុញ្ញាតឱ្យតួសម្ដែងបង្ហាញពីភាពស៊ីចង្វាក់គ្នា រហូតទស្សនិកជនយល់ឃើញថា ពួកគេសមគ្នា និងឈានដល់ការចាប់គូក្នុងជីវិតពិត បើទោះបីជារឿងនោះបានបញ្ចប់ទៅហើយក្ដី។

ខុសប្លែកពីវិស័យខេប៉ុបដែលអ្នកគាំទ្របានចាប់គូ ផ្អែកទាំងស្រុងទៅលើអត្តចរិតពិតរបស់តារា តែវិស័យភាពយន្តរបស់ថៃមួយនេះ អ្នកគាំទ្របានចាប់គូតារានីមួយៗ តាមរយៈតួអង្គដែលបង្កើតឡើងនៅក្នុងសាច់រឿង។ បន្ថែមពីនេះទៀត គូតារានៅក្នុងវិស័យ BL និង GL បានបង្កើតឡើងដោយស្របទៅតាមគោលបំណងរបស់ក្រុមហ៊ុន ដើម្បីការធ្វើជំនួញ។ ហេតុដូច្នេះហើយ សាច់រឿង ព្រមទាំងមាតិកានានា តែងនិយមចាប់យកសកម្មភាពរ៉ូមែនទិកមកបង្ហាញ ដើម្បីអាចទាក់ទាញដល់អ្នកគាំទ្រក្នុងទំហំកាន់តែច្រើនជាងមុន ដោយសកម្មភាពនេះក៏បានចូលរួមធ្វើឱ្យទស្សនិកជនពិបាកក្នុងការបែងចែករវាងខ្សែបន្ទាត់នៃការពិត និងការសម្ដែង។

ការធ្វើបែបនេះ កាន់តែផ្ដល់ទំនុកចិត្តឱ្យអ្នកគាំទ្រជាមួយនឹងក្ដីរំពឹងថា បំណងដែលគូតារាទាំងនោះនឹងទាក់ទងគ្នាក្នុងជីវិតពិត អាចនឹងមានក្ដីសង្ឈឹម ដែលជំរុញឱ្យទស្សនិកជនកាន់តែបង្ហាញការគាំទ្រលើសកម្មភាពការងារនានា និងសូម្បីតែទិញសំបុត្រដើម្បីចូលរូមក្នុងកម្មវិធីប្រគំតន្ត្រី និងជំនួបជាមួយអ្នកគាំទ្រជាដើម។

ផលប្រយោជន៍នៃការចាប់គូសម្រាប់ឧស្សាហកម្មកម្សាន្ត

វប្បធម៌នៃការចាប់គូ មិនថានៅក្នុងវិស័យខេប៉ុប និងវិស័យភាពយន្ត BL និង GL សុទ្ធសឹងតែជះផលល្អដល់ឧស្សាហកម្មកម្សាន្ត ចាប់តាំងពីប្រជាប្រិយភាព រហូតដល់ការធ្វើយុទ្ធសាស្រ្តទីផ្សារ។ សម្រាប់វិស័យតន្ត្រីខេប៉ុប អ្នកគាំទ្របានបង្កើត​សហគមន៍សម្រាប់គូតារាមួយគូៗ ដែលធ្វើឱ្យសកម្មភាពនៅលើបណ្ដាញទំនាក់ទំនងសង្គមកាន់តែមានភាពល្បីល្បាញ។ Fandoms មិនត្រឹមតែដើរតួនាទីជាអ្នកគាំទ្រប៉ុណ្ណោះទេ តែសកម្មភាពរបស់ពួកគេក៏បានផ្សព្វផ្សាយទៅកាន់ក្រុមមនុស្សដែលមានចំណង់ចំណូលចិត្តតែមួយ នាំឱ្យប្រជាប្រិយភាពរបស់គូតារាទាំងនោះផ្ទុះកាន់តែខ្លាំង។

ឯវិស័យភាពយន្ត BL និង GL របស់ប្រទេសថៃវិញ ការចាប់គូបានចូលរួមក្នុងការពង្រឹងវិស័យភាពយន្តក្នុងស្រុក និងបន្តមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិ។ ជាក់ស្ដែង សព្វថ្ងៃនេះ​ ថៃបានក្លាយជាប្រទេសដែលនាំមុខគេនៅក្នុងវិស័យ BL និង GL ខណៈសារព័ត៌មាន The Nation បានរាយការណ៍ថា ភាពយន្តប្រភេទនេះ អាចរកចំណូលបានដល់ទៅ ៦.៨ ពាន់លានបាត ឬប្រមាណ ២០៥ លានដុល្លារអាមេរិក សម្រាប់សេដ្ឋកិច្ចជាតិ​ក្នុងមួយឆ្នាំ។

បន្ថែមពីនេះ បើទោះបីជារឿងចប់ទៅហើយក្ដី ការចាប់គូនេះ មិនត្រឹមតែធ្វើឱ្យក្រុមហ៊ុន ឬផលិតកម្មដែលផលិតរឿងនីមួយៗនៅតែអាចបន្តរកចំណូល តាមរយៈការចេញរដូវកាលថ្មី វគ្គពិសេស ឬសូម្បីតែកម្មវិធីជំនួបជាមួយអ្នកគាំទ្រទេ សិល្បករទាំងគូក៏អាចពង្រីកប្រជាប្រិយភាពលើវិថីផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។ តួយ៉ាង តារាប្រុស Billkin និង PP ដែលបានលេចវត្តមានផ្សព្វផ្សាយផលិតផលឱ្យក្រុមហ៊ុនធំៗ ដូចជា The Pizza Company, B-Quik និង Lazada ជាដើម។

ផលប្រយោជន៍នៃការចាប់គូសម្រាប់សង្គម

ក្រៅតែពីផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ការចាប់គូនេះ ក៏បានជះឥទ្ធិពលល្អដល់សង្គមផងដែរ។ ជាក់ស្ដែង វប្បធម៌នេះក៏បានលើកកម្ពស់ការយល់ដឹង និងការទទួលស្គាល់សហគមន៍ LGBTQIA+ ជំរុញឱ្យមានការពិភាក្សាអំពីភេទ យេនឌ័រ និងបញ្ហាសិទ្ធិផ្សេងៗជាដើម។ តួយ៉ាង Thailand Foundation បាននិយាយថា ភាពយន្តបែប BL ក៏បានរួមចំណែកឱ្យរាជរដ្ឋាភិបាលប្រទេសថៃ អនុម័តឱ្យអ្នកស្រឡាញ់ភេទដូចគ្នាអាចចុះសំបុត្រអាពាហ៍ពិពាហ៍បាន។

បន្ថែមពីនេះទៀត ​ភាពយន្តបែប BL និង GL ក៏បានដើរតួជា Soft Power ចូលរួមផ្សព្វផ្សាយវប្បធម៌របស់ប្រទេសថៃទៅកាន់ពិភពលោក ធ្វើឱ្យវិស័យទេសចរណ៍ កេរ្តិ៍ឈ្មោះ និងវិស័យម្ហូបអាហារកាន់តែមានភាពប្រសើរឡើង ដូចដែលរឿង 2gether បានធ្វើឱ្យទស្សនិកជនជនជាតិជប៉ុន ចង់ភ្លក់រសជាតិសារ៉ូទឹកដោះគោ និងសាច់អាំង Mookata ដែលតួអង្គបានញ៉ាំនៅក្នុងរឿងជាដើម។

ដ្បិតមានផលល្អដូច្នេះក្ដី តែការចាប់គូនេះក៏មកទន្ទឹមគ្នានឹងផលអវិជ្ជមានផងដែរ។ សាធារណជនខ្លះយល់ឃើញថា ការបង្ហាញពីទំនាក់ទំនងស្នេហារបស់ LGBTQIA+ នៅមិនទាន់មានភាពចម្រុះបែបនៅឡើយ ដែលអាចនាំឱ្យអ្នកទស្សនាយល់ឃើញថា ស្នេហារបស់ក្រុមមនុស្សប្រភេទនេះ មានត្រឹមតែអ្វីដែលពួកគេបានឃើញតាមរយៈកញ្ចក់ទូរទស្សន៍តែប៉ុណ្ណោះ។

បន្ថែមពីនេះ សិល្បករខ្លួនឯងផ្ទាល់ក៏ទទួលរងសម្ពោធ ក្នុងការបំពេញទៅតាមអ្វីដែលអ្នកគាំទ្រចង់បាន។ ដោយឡែក បញ្ហាដែលទស្សនិកពិបាកក្នុងការបែងចែករវាងការពិត​ និងការសម្ដែង ក៏អាចនាំឱ្យសិល្បករទទួលរងការរិះគន់ នៅពេលដែលអ្នកគាំទ្រមិនទទួលបានអ្វីដូចការរំពឹងទុក ជាការដាក់សម្ពោធដល់សិល្បករមួយកម្រិតទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *