“Sakra” គឺជាភាពយន្តដែលពេញនិយមបំផុតនៅក្នុងទីផ្សារប្រទេសចិនក្នុងឱកាសបុណ្យចូលឆ្នាំកន្លងទៅ។ ទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនបែបនេះ ប្រាកដណាស់ផលិតករពិតជារកប្រាក់ចំណូលបានយ៉ាងក្រាស់ក្រែល។
នៅដើមសប្ដាហ៍នេះសារព័ត៌មានចិន QQ បានរាយការណ៍ថាខ្សែភាពយន្ត “Sakra” ដែលជាស្នាដៃផលិត ដឹកនាំ និងសម្ដែងផ្ទាល់ដោយតារាក្បាច់គុនកុំកុំ ឬ Donnie Yen បានបំបែកកំណត់ត្រាប្រាក់ចំណូលរបស់ខ្លួនជាបន្តបន្ទាប់ពីចេញបញ្ចាំង ៣សប្ដាហ៍។
មកទល់នឹងពេលនេះ ស្នាដៃថ្មីរបស់ តួរឿង “IP Man” អាចរកចំណូលបាន ៤៥ លានយ៉ន់ ( ៦,៦ លានដុល្លារ) ពីវេទិកាមើលភាពយន្តអនឡាញនានានៅចិនដីគោក ខណៈមានអ្នកចូលទស្សនា ២០លាននាក់។ ចំណែកនៅហុងកុង ម៉ាឡេស៊ី និងតៃវ៉ាន់ ភាពយន្ត “Sakra” អាចរកចំណូលសរុបជិត ២លានដុល្លារ ពីការបញ្ចាំងតាមរោងកុន។ លើសពីនេះ ភាពយន្តនេះក៏រកចំណូលបានរាប់សិបលានដុល្លារបន្ថែមទៀតដែរពីការលក់សិទ្ធិឱ្យ Disney+ យកទៅចាក់បញ្ចាំងលើវេទិការបស់ខ្លួន។
ប្រភពព័ត៌មានបានឱ្យដឹងថា ភាពយន្តនេះអាចស្រង់ដើមបានមកវិញដោយចំណាយពេលត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ ថែមបញ្ជាក់ថា Donnie Yen និង Wong Jing ដែលជាផលិតករធំទាំងពីររូបអាចទទួលបានប្រាក់ចំណេញច្រើន ពោលគឺម្នាក់ៗខ្ទង់លានដុល្លារ បើតាមការវាយតម្លៃពីសារព័ត៌មាន QQ។ ដោយទទួលបានប្រាក់ចំណេញខ្លាំង Donnie Yen ក៏មានគម្រោងផលិតវគ្គពីរសម្រាប់រឿងនេះដែរ។
ផលិតចេញពីប្រលោមលោកមានចំណងជើងថា “Demi-Gods and Semi-Devils” ភាពយន្ត “Sakra” បានចាក់បញ្ចាំងលើវេទិកាអនឡាញក្នុងប្រទេសចិនកាលពីថ្ងៃទី ២២ ខែមករា។ ខណៈដែលខ្សែភាពយន្តនេះមានបញ្ចូលសិល្បៈក្បាច់គុនទាក់ភ្នែក និងឆាកប្រយុទ្ធជាច្រើន ប៉ុន្តែសាច់រឿងទាំងមូលត្រូវបានទស្សនិកជនរិះគន់ថាខ្វះភាពស៊ីជម្រៅក្នុងការធ្វើឱ្យតួអង្គមើលទៅលេចធ្លោ ខណៈតួឯកប្រុសស្រីគឺ Donnie Yen និង Chen Yuqi ក៏ត្រូវបានរិះគន់ថាសម្តែងមិនសូវបានល្អដែរ។ នៅលើវិបសាយវាយតម្លៃភាពយន្តចិន Douban រឿងនេះត្រូវបានឱ្យពិន្ទុជាមធ្យម 5.3/10 ប៉ុណ្ណោះសម្រាប់គុណភាព ៕
























Account
Security
Favourite Content