តារាសម្តែងម៉ាឡេស៊ី Michelle Yeoh ជាតារាសម្តែងអាស៊ីទី៥ ឈ្នះពានរង្វាន់អូស្ការ និងបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងពានរង្វាន់ Oscar ដោយបានក្លាយជាស្ត្រីអាស៊ីដំបូងគេដែលឈ្នះពានរង្វាន់ដ៏ធំបំផុតមួយសម្រាប់វិស័យភាពយន្តគឺ ពានរង្វាន់តួឯកស្រី ។
Yeoh បានឈ្នះពានរង្វាន់ Academy ជាលើកដំបូងក្នុងអាជីពដ៏ល្បីល្បាញរបស់នាងតាមរយៈ ការសម្តែង ក្នុងរឿង “Everything Everywhere All at Once”។ តារាជើងចាស់រូបនេះបានឈ្នះពានសម្រាប់ការសម្ដែងជាតួអង្គឈ្មោះ Evelyn Wang ជាម្ចាស់ហាងបោកអ៊ុត ដែលជាប់គាំងក្នុងសវនកម្មពន្ធ ហើយត្រូវតស៊ូដើម្បីភ្ជាប់ទំនាក់ទំនងជាមួយកូនស្រី Joy និងធ្លាក់ចូលទៅក្នុងពហុចក្រវាល (parallel universes) ។

Michelle Yeoh បាននិយាយក្នុងពេលទទួលយកពានរង្វាន់ថា៖ «សម្រាប់ក្មេងប្រុសស្រីទាំងអស់ដែលដូចខ្ញុំ ហើយកំពុងមើល នេះជាសញ្ញានៃក្តីសង្ឃឹម និងភាពអាចទៅរួច»
តារាសម្តែងរូបនេះបន្តថា «នេះជាភ័ស្តុតាងបញ្ជាក់ថា សុបិន សុបិនធំ និងសុបិនទាំងអស់សុទ្ធតែអាចក្លាយជាការពិត។ ហើយស្ត្រីទាំងឡាយ កុំឲ្យនរណាម្នាក់ប្រាប់អ្នកថា វាហួសពេលហើយសម្រាប់អ្នក។ កុំបោះបង់ឲ្យសោះ»
គួរបញ្ជាក់ថា Yeoh បានផ្តួលបេក្ខភាពខ្លាំងៗដូចជា Cate Blanchett (ភាពយន្ត Tar), Michelle Williams (ភាពយន្ត The Fabelmans), Andrea Riseborough (ភាពន្ត To Leslie) និង Ana de Armas (ភាពយន្ត Blonde) ។
” Everything Everywhere ” ជាភាពយន្តដែលដឹកនាំដោយលោក Daniel Kwan ហើយភាពយន្តនេះបានឈ្នះពានរង្វាន់ Academy ចំនួន៧ រួមទាំងពានរង្វាន់ធំគឺពានភាពយន្តដែលមានរូបភាពល្អបំផុត។ ក្នុងចំណោមជយលាភីផ្សេងទៀត “Everything Everywhere” ឈ្នះពានដូចជា original screenplay និងពានអ្នកដឹកនាំរឿងល្អបំផុតសម្រាប់ Duo Daniel Kwan និង Daniel Scheinert ៕



























Account
Security
Favourite Content