Adam Fogelson ប្រធានផ្នែកភាពយន្តរបស់ផលិតកម្ម Lionsgate អ្នកនៅពីក្រោយភាពយន្តរឿង “Michael” បានឱ្យដឹងថា គម្រោងផលិតភាពយន្តជីវប្រវត្តិរបស់ Michael Jackson វគ្គបន្តកំពុងបោះជំហានទៅមុខ ខណៈភាពយន្តថ្មីនេះមិនដើរតាមលំដាប់ពេលវេលាបន្តពីវគ្គចាស់នោះទេ។

មកទល់នឹងបច្ចុប្បន្ន សាច់រឿងស្តីពីជីវិតរបស់ Michael Jackson សម្តែងដោយក្មួយប្រុសបង្កើតរបស់លោកផ្ទាល់ គឺ Jaafar Jackson បានទទួលការគាំទ្រពីសំណាក់ទស្សនិកជនចាប់តាំងពីចាក់បញ្ចាំងដំបូង រហូតអាចរកចំណូលសរុបដល់ទៅ ៧១៥ លានដុល្លារអាមេរិក។
រឿង Michael បានបញ្ចប់ទៅជាមួយនឹងឃ្លាថា “His Story Continue” ឬមានន័យជាខេមរភាសាថា “សាច់រឿងរបស់លោកនៅតែបន្ត”។ តាមរយៈនេះ ទស្សនិកជនបានយល់ឃើញថា នេះគឺជាសារដោយប្រយោលថា ភាពយន្តនេះនឹងមានវគ្គបន្តក្នុងពេលឆាប់ៗ។
និយាយជាមួយសារព័ត៌មាន Variety នៅថ្ងៃទី២១ ខែឧសភា លោក Adam Fogelson ប្រធានផ្នែកភាពយន្តរបស់ផលិតកម្ម Lionsgate បានឱ្យដឹងថា៖ “ពួកយើងពិតជាមានក្តីរំភើបខ្លាំងណាស់ ចំពោះភាពរីកចម្រើនដែលពួកយើងកំពុងធ្វើ ទាក់ទងនឹងភាពយន្ត Michael វគ្គពីរ”។

ដ្បិតបានបញ្ជាក់ថា ភាពយន្តវគ្គថ្មីនេះនឹងបន្តតាមលំដាប់លំដោយពេលវេលាពីវគ្គចាស់ តែលោកបាននិយាយដោយទំនុកចិត្តថា៖ “នៅមានចម្រៀងដែលអស្ចារ្យ និងល្បីជាច្រើនរបស់លោក ដែលយើងនៅមិនទាន់លើកយកមកនិយាយនៅក្នុងវគ្គ ១។ ក្រៅពីនេះ វានៅមានព្រឹត្តិការណ៍ និងរឿងរ៉ាវជាច្រើនទៀតដែលយើងនៅមិនទាន់បានបង្ហាញនៅឡើយ។ ដូច្នេះ ពួកយើងជឿជាក់យ៉ាងខ្លាំងថា ពួកយើងនឹងអាចបង្កើតភាពយន្តដែលទាក់ទាញទស្សនិកជនទូទាំងពិភពលោកបានម្តងទៀត”។
នៅក្នុងវគ្គដំបូង ភាពយន្តរឿង Michael បានបង្ហាញពីជីវិតរបស់ស្ដេចចម្រៀងប៉ុប តាំងពីកុមារភាពរហូតដល់ចំណុចកំពូលនៃភាពល្បីល្បាញរបស់លោកនាចុងទសវត្សរ៍ឆ្នាំ ៨០។ យ៉ាងណាមិញ ដោយមានច្បាប់ពាក់ព័ន្ធ ភាពយន្តនេះមិនអាចបង្ហាញពីបញ្ហារឿងរ៉ាវពាក់ព័ន្ធនឹងបណ្តឹងចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ ដែលបានកើតឡើងនៅក្នុងឆ្នាំ ១៩៩៣ នោះទេ៕

























Account
Security
Favourite Content