បន្ទាប់ពីសម្ដែងជាតួសៀវឡុងនីក្នុងរឿង “The Return of the Condor Heroes” ក្នុងឆ្នាំ ២០០៦ មក Liu Yifei បានទទួលថតតែភាពយន្តខ្នាតធំប៉ុណ្ណោះ រហូតដល់ឆ្នាំ២០២២ ទើបនាងត្រឡប់ទៅសម្ដែងរឿងភាគទូរទស្សន៍វិញក្នុងរឿង “A Dream of Splendor” ហើយក៏បន្តចេញរឿងភាគល្បីជាប់ៗគ្នាដូចជា “Meet Yourself” និង “The Tale of Rose”។ ភាពឆ្លាតវៃក្នុងការជ្រើសរើសសាច់រឿង និងជំនាញសម្ដែងកាន់តែមានភាពចាស់ទុំ ធ្វើឱ្យតារាស្រីវ័យ ៣៧ឆ្នាំរូបនេះបានទទួលការកោតសរសើរយ៉ាងទូលំទូលាយ។

ទោះបីជាមិនបានថតរឿងភាគថ្មីអស់រយៈពេល ២ ឆ្នាំក៏ដោយ ប៉ុន្តែថ្មីៗនេះមានសេចក្ដីរាយការណ៍ថា Liu Yifei នឹងចាប់ដៃគ្នាជាមួយតារាប្រុស Chen Xiao ម្ដងទៀតក្នុងរឿងភាគថ្មីមានចំណងជើងថា “Tearless Snow” ។ ភាពយន្តភាគថ្មីនេះនឹងក្លាយជាការសហការលើកទីពីររបស់ពួកគេបន្ទាប់ពីរឿង “A Dream of Splendor” ដែលធ្វើឱ្យមានការរំពឹងទុកកាន់តែខ្ពស់ក្នុងចំណោមទស្សនិកជន។

“Tearless Snow” ត្រូវបានកែសម្រួលពីប្រលោមលោកមានចំណងជើងដូចគ្នាដោយអ្នកនិពន្ធជនជាតិចិន Tianxia Chenai ។ រឿងនេះនិយាយពី ការសងសឹករបស់តួស្រីជាកូនអ្នកលក់អំបិល ដែលជាអ្នកនៅរស់រានមានជីវិតតែម្នាក់គត់ បន្ទាប់ពីក្រុមគ្រួសាររបស់នាងត្រូវបានសម្លាប់រង្គាលដោយត្រកូលអ្នកមានអំណាចបីនាក់ បន្ទាប់ពីបានលាតត្រដាងអំពើពុករលួយនៅក្នុងប្រព័ន្ធពន្ធអំបិល។

គួរបញ្ជាក់ដែរថា កន្លងធ្លាប់មានព័ត៌មានលេចឮថា Liu Yifei គឺជាជម្រើសទី ២ សម្រាប់តំណែងតួឯក ខណៈដែលក្រុមផលិតករដំបូងឡើយបានជ្រើសរើស Zhao Liying។ ពាក្យចចាមអារ៉ាមថា Zhao Liying អាចនឹងសម្តែងក្នុងរឿង “Tearless Snow” ចាប់ផ្ដើមលេចឡើងនៅពេលដែលរឿងភាគរបស់នាងរឿង “The Legend of Shen Li” បានចាក់ផ្សាយកាលពីឆ្នាំមុន ប៉ុន្តែស្ទូឌីយ៉ូរបស់នាងបានបដិសេធភ្លាមៗ។ តាមនោះដែរ Zhao Liying ត្រូវបានរាយការណ៍ថាបានបដិសេធសំណើថតរឿងនេះចំនួនបីដងដោយសារតែចង់ផ្លាស់ប្តូរអាជីពរបស់នាងចេញពីរឿងភាគបែបបុរាណ និងតួស្រដៀងៗនេះ។
ជាលទ្ធផលផលិតករបានងាកទៅរក Liu Yifei ដែលត្រូវបានគេមើលឃើញថាមានភាពប្រដំប្រសងគ្នាទាំងកម្រិតប្រជាប្រិយភាព និងសមត្ថភាពសម្តែង។ ប្រភពព័ត៌មាននិយាយថា Liu Yifei មានបំណងចង់ដើរតួជាតួអង្គបែបសងសឹកយូរមកហើយ ហើយដោយសារ Zhao Liying បានច្រានចោលតួនាទីនេះ នាងបានឆ្លៀតឱកាសស្នើឱ្យមានការកែប្រែអត្ថបទរឿងជាច្រើនដង ដើម្បីឱ្យតួឯកស្រីកាន់តែមានភាពលេចធ្លោក្នុងផ្នែកជំនួញ ៕


























Account
Security
Favourite Content