LD Entertainment បានរៀបចំពិធីក្រុងពាលីថតរឿង «ប្រវត្តិស្នេហ៍នាងនាថ» កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ កន្លងទៅ នៅទឹកដីខេត្តតាកែវ ដោយរឿងនេះគ្រោងចំណាយទុនផលិតរហូតដល់ ១ លានដុល្លារអាមេរិកឯណោះ។ នេះបើតាមការឱ្យដឹងពី លោក លៀក លីដា ចាងហ្វាងផលិតកម្ម។



លោក លៀក លីដា ឱ្យដឹងបន្តថា «ប្រវត្តិស្នេហ៍នាងនាថ» ជារឿងបុរាណដំបូងបង្អស់ដែល LD Entertainment សម្រិតសម្រាំងផលិត ត្រៀមនាំយកទៅបញ្ចាំងលើផ្ទាំងសំពត់សរបស់រោងភាពយន្តនានា ពេលឆាប់ៗខាងមុខនេះ។ ការបណ្តាក់ទុនច្រើនក្នុងរឿងបុរាណនេះ គឺដើម្បីបំណងសំខាន់តែមួយគត់ គឺពង្រឹងគុណភាពកុនខ្មែរឱ្យកាន់តែមានស្តង់ដារឆ្ពោះទៅទីផ្សារអន្តរជាតិ។ ដូច្នេះទើបយើងសម្រេចចិត្ត សាងសង់ទីតាំងថតពិតៗនៅទឹកដីខេត្តតាកែវនេះតែងម្តង។
បើនិយាយពីសាច់រឿងនាងនាថ ទស្សនិកជនប្រហែលគិតថា សាមញ្ញធម្មតាៗដូចរឿងដែលគេធ្លាប់ផលិតកន្លងមក ប៉ុន្តែសម្រាប់រឿង «ប្រវត្តិស្នេហ៍នាងនាថ» គឺយើងផលិតឡើងជាប្រភេទរឿងស៊េរី (series) មាន ៣ វគ្គធំៗ ដូចជា វគ្គ១៖ យុវវ័យក្រោយសម័យអង្គរ, វគ្គ២ ជើងមេឃពណ៌ស្វាយ និងវគ្គ៣ ខ្មោចចិញ្ចឹមកូនមនុស្ស។



ដោយឡែក ការស្លៀកពាក់ និងការរៀបចំតុបតែងវិញ គឺយើងយកលំនាំតាមរូបចម្លាក់នៃប្រាង្គប្រាសាទរបស់ខ្មែរយើង ដែលបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជាក់ស្តែង លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានផ្ទាំងទស្សនីយភាព និងភាពយន្ត ក៏បានលើកឡើងពីចំណុចវិជ្ជមាននេះដូចគ្នា ថែមទាំងបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះ LD Entertainment ដែលខិតខំសម្រិតសម្រាំងផលិត និងបង្កើតស្នាដៃរឿងបុរាណដ៏អស្ចារ្យមួយនេះឡើងមក។
រឿងជា series នេះ មានការចូលរួមសម្តែងពីតារាល្បីៗរបស់កម្ពុជា ពិសេសមានការចូលរួមសម្តែងលើកដំបូងពីតារាម៉ូដែល និងជា Influencer ដ៏ល្បី កូនកាត់ខ្មែរ-បារាំង កញ្ញា Melia Constantin និងតារាសម្តែងល្បីឈ្មោះមីយ៉ាន់ម៉ា លោក Paing Takhon រឹតតែបង្កើនសាច់រឿងឱ្យមានរសជាតិប្លែក និងកាន់តែមានភាពទាក់ទាញខ្លាំងឡើង។




ចាងហ្វាង LD Entertainment រឿងនេះគ្រោងចាក់បញ្ចាំងនៅគ្រប់រោងភាពយនទំនើបក្នុងប្រទេសកម្ពុជា នៅឆ្នាំក្រោយនេះ ប៉ុន្តែពុំទាន់ច្បាស់ពីកាលបរិច្ឆេទនៅឡើយទេ រួចទៅបន្តនាំចេញទៅចាក់បញ្ចាំងទីផ្សារអន្តរជាតិ៕























































Account
Security
Favourite Content