នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ តារាចម្រៀង និងអ្នកនិពន្ធចម្រៀងអាមេរិក Lana Del Rey បានប្រកាសនៅលើ Instagram ថាអាល់ប៊ុមថ្មីរបស់នាងនឹងមានចំណងជើងថា “The Right Person Will Stay” ហើយនឹងចេញនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ ដោយរួមមានបទចម្រៀងសរុបចំនួន ១៣ បទ ហើយបទចម្រៀងត្រៀមចេញដំបូងគេមានចំណងជើងថា “Henry” ។
បើទោះបីមុននេះ Lana Del Rey ធ្លាប់បាននិយាយថា អាល់ប៊ុមថ្មីរបស់ខ្លួននឹងមានចំណងជើងថា Lasso ប៉ុន្តែតាមរយៈការប្រកាសចុងក្រោយនេះ ឈ្មោះអាល់ប៊ុមហាក់ដូចជាបានផ្លាស់ប្តូរហើយ។ យ៉ាងណាក៏ដោយសម្រាប់បទចម្រៀងក្នុងអាល់ប៊ុមនេះ Lana Del Rey បានប្រកាសថានឹងធ្វើបទបែប Country ដូច្នេះហើយនាងបានសហការជាមួយតន្ត្រីករល្បីឈ្មោះផ្នែកបទចម្រៀងប្រភេទនេះគឺលោក Luke Laird និងផលិតករល្បីឈ្មោះ Jack Antonoff ។
ពាក់ព័ន្ធអាល់ប៊ុមនេះដែរ កាលពីខែសីហា តារាវ័យ ៣៩ ឆ្នាំរូបនេះបានប្រាប់ទស្សនាវដ្តី Vogue ថា៖ “អាល់ប៊ុមនេះនឹងមានក្លិនបែបអាមេរិក ប៉ុន្តែអាចនឹងមិនខុសគ្នាពីស្នាដៃមុនៗរបស់ខ្ញុំប៉ុន្មានទេ។ បើមានអ្វីផ្លាស់ប្តូរ ប្រហែលមានតែការសរសេរទំនុកច្រៀង និងផ្តោតលើស្ទីល Classic country, Americana ឬ Southern Gothic ប៉ុន្តែមែនទែនទៅបទចម្រៀងខ្ញុំភាគច្រើនគឺបែបហ្នឹងស្រាប់ទៅហើយ”។
បន្ថែមពីលើការប្រកាសព័ត៌មានលម្អិតនៃអាល់ប៊ុមថ្មីនេះ ម្ចាស់បទ “Summertime Sadness” ក៏បានប្រកាសពីដំណើរប្រគំតន្ត្រីទេសចរណ៍ Lana Del Rey UK និង Ireland នៅពាក់កណ្តាលឆ្នាំ ២០២៥ ដូចគ្នា ដូច្នេះបទចម្រៀងក្នុងអាល់ប៊ុមថ្មីនេះនឹងអាចជាផ្នែកមួយនៃការប្រគំតន្ត្រីទេសចរណ៍នេះដែរ ៕

























Account
Security
Favourite Content