“វ៉នវ៉ៃរុន” ឬ “អង្វរយុវជន” បទចម្រៀងរបស់តារាចម្រៀងខ្មែរសុរិន្ទ ឃុងឃុយ ដែលមានអត្ថន័យដាស់តឿនក្រើនរំឭកយុវជនឱ្យឈប់ប្រព្រឹត្តអបាយមុខ ហើយងាកមកលេងកីឡានិងអភិវឌ្ឍភូមិស្រុករបស់ខ្លួនវិញ បានល្បីល្បាញពេញបណ្ដាញសង្គមតិកតុកក្នុងប្រទេសថៃនាពេលថ្មីៗនេះ រហូតមានតារាចម្រៀងថៃជាច្រើនយកទៅច្រៀង Cover និងច្រៀងតាម Concert ផ្សេងៗជាហូរហែបើទោះបីអ្នកខ្លះមិនចេះភាសាខ្មែរក៏ដោយ។
ចំណែកនៅប្រទេសកម្ពុជា បទចម្រៀង “ស្ដេចខិនម៉ែ” និងបទ “កំលោះស្រាបិត” របស់លោកក៏កំពុងល្បីកក្រើកឡើងវិញដែរលើបណ្ដាញសង្គមតិកតុក ដោយមានអ្នកយកទៅថតលេងតាមរាប់ម៉ឺននាក់។
ពិតណាស់ពេលនិយាយពីចម្រៀងកន្ទ្រឹម ឃុងឃុយ គឺជាឈ្មោះដែលមិនអាចបំភ្លេចបានឡើយ ដោយបទចម្រៀងជាច្រើនបទរបស់លោកបានល្បីសុសសាយខ្លាំងទាំងនៅប៉ែកសុរិន្ទ និងក្នុងប្រទេសកម្ពុជាតាំងពីអំឡុងឆ្នាំ២០០០មកទល់បច្ចុប្បន្ន ដូចជាបទ “ពាក់អាវមិនដែលឃើញដោះ” “ចិត្តអើយចិត្ត” “ស៊ីបាយស្ដាយស្រា” “មិនចងដៃតែស៊ីច្រើន” “មីធីនឹង” ខណៈមានបទជាច្រើនទៀតរបស់លោកត្រូវបានកែសម្រួលទំនុកនិងច្រៀងឡើងវិញដោយតារាចម្រៀងកម្ពុជាមានជាអាទិ៍ដូចជាបទ “បងខ្មៅរើសប្រពន្ធ” “ចង់បានប្រពន្ធខ្មែរ” “បាត់ស្បែកជើង” “តាមអើយតាម” “ត្រជាក់ផ្កាចារ” និងបទ “បងស្រអែមស្រស់” ជាដើម។ រីឯនៅប្រទេសថៃ បទចម្រៀងរបស់លោកដែលត្រូវបានតារាចម្រៀងថៃយកទៅច្រៀងហើយល្បីល្បាញខ្លាំងមានដូចជាបទ “លង់ស្នេហ៍កំលោះឦសាន” ដែលជា Version ស្រីរបស់បទ “ចង់បានប្រពន្ធប្រាំង” និងបទ “កូនទេវតា” ដែលកែសម្រួលពីបទ “ស្ដេចខិនម៉ែ”។
ចំពោះជីវប្រវត្តិ លោក ឃុងឃុយ មានឈ្មោះដើមថា ឃុង មីឆៃ កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៦៤ នៅផ្ទះលេខ៤ ភូមិ៤ ឃុំសាមុត ស្រុកប្រាសាទ ខេត្តសុរិន្ទ។ ដោយមានឪពុកជាអ្នកភ្លេង លោក ឃុង មីឆៃ ក៏មាននិស្ស័យចូលចិត្តតន្ត្រីរាំច្រៀងតាំងពីនៅកុមារភាព ហើយមកដល់ឆ្នាំ១៩៩២ ក្រុមតន្ត្រី “រ៉ក់ឃុងឃុយ” របស់លោកត្រូវបានបង្កើតឡើង ក្រោមផលិតកម្ម PR Soundដែលក្នុងនោះលោក ឃុងឃុយ គឺជាអ្នកដឹកនាំក្រុមទាំងការនិពន្ធទំនុកច្រៀង និងបទភ្លេង។ លក្ខណៈពិសេសរបស់ក្រុមលោកគឺមានទំនុកច្រៀងជាភាសាខ្មែរ ឬភាសាខ្មែរលាយភាសាថៃ ហើយខ្លឹមសារនៃចម្រៀងភាគច្រើនគឺនិយាយអំពីជីវភាពរស់នៅរបស់អ្នកជនបទ និងការលេងសើចរវាងក្រមុំកំលោះ ដែលទទួលបានប្រជាប្រិយខ្លាំងនៅភូមិភាគអាគ្នេយ៍ប្រទេសថៃជាប់ព្រំដែនកម្ពុជាដូចជាខេត្តសុរិន្ទ ខេត្តស្រះកែវ ខេត្តស៊ីសាកេត និងខេត្តបុរីរម្យ។

និយាយពីជីវិតជាអ្នកចម្រៀង លោក ខុង មីឆៃ បានចែករំលែកថា គឺបានចាប់ផ្តើមបន្ទាប់ពីលោកចូលធ្វើជា “សមាជិកស្ម័គ្រចិត្តរក្សាដែនដីខេត្តសុរិន្ទ”ដែលមានតួនាទីអប់រំអ្នកភូមិអំពីការការពារខ្លួន និងផ្តល់ចំណេះដឹងទូទៅ។ លោកលើកឡើងថា៖ “កំឡុងពេលនោះគឺជាការចាប់ផ្តើមអាជីពជាអ្នកចម្រៀងរបស់ខ្ញុំ។ ខ្ញុំសួរខ្លួនឯងថា ធ្វើយ៉ាងណាទើបធ្វើឱ្យមនុស្សចាប់អារម្មណ៍ មកស្តាប់អ្វីដែលអ្នកស្ម័គ្រចិត្តគ្រប់រូបចង់ប្រាប់ពួកគាត់។ ដោយសារមានចំណង់ចំណូលចិត្តក្នុងការច្រៀង ដូច្នេះហើយខ្ញុំក៏បានប្រើចម្រៀងជាការទាក់ទាញអ្នកភូមិមកស្តាប់ការបង្រៀនពីចំណេះដឹងលើមុខវិជ្ជាផ្សេងៗ។”

ដោយសារទេពកោសល្យក្នុងការច្រៀង លេងភ្លេង និងនិពន្ធបទចម្រៀងបានយ៉ាងល្អទៀតនោះ ធ្វើឱ្យលោកបានទទួលការចាប់អារម្មណ៍ពីមនុស្សជាច្រើន រហូតដល់មានឱកាសថតចម្រៀងដាក់កាសែត។ ពីអ្នកចម្រៀងដែលល្បីល្បាញតែក្នុងតំបន់របស់ខ្លួន កេរ្តិ៍ឈ្មោះរបស់លោក ឃុងឃុយ ចាប់ផ្ដើមត្រូវបានស្គាល់កាន់តែទូលំទូលាយ ហើយក៏ត្រូវបានអញ្ជើញទៅសម្ដែងនៅភាគផ្សេងៗទូទាំងប្រទេសថៃ នៅកម្ពុជា និងប្រទេសជាច្រើនទៀត បន្ទាប់បានចេញអាល់ប៊ុមទីមួយ។ នៅឆ្នាំ២០១៧ លោក ឃុងឃុយបានមានឱកាសច្រៀងក្នុងផលិតកម្មប្រទេសកម្ពុជាជាផ្លូវការក្នុងផលិតកម្មថោន។


មិនត្រឹមតែមានទេពកោសល្យសិល្បៈគួរឱ្យស្ងើចសរសើរ ប៉ុន្តែលោក ឃុងឃុយ ក៏បានរួមចំណែកជួយសង្គមនៅក្នុងតំបន់ផ្សេងៗជាទៀងទាត់ ដូចជាការបង្រៀនលេងភ្លេង និងច្រៀង ដល់កុមារតាមសាលារៀននៅតំបន់ជនបទដាច់ស្រយាល និងជួយក្នុងសកម្មភាពសាធារណៈជាបន្តបន្ទាប់។ ដោយការឧស្សាហ៍ព្យាយាមទាំងក្នុងអាជីព ក៏ដូចជាការផ្សព្វផ្សាយចំណេះដឹង និងលះបង់ជួយកសាងសង្គមរហូតមក លោក ឃុង មីឆៃ ក៏ត្រូវបានផ្តល់កិត្តិយសជា សិល្បករឆ្នើមប៉ែកឦសាន ផ្នែកតន្ត្រីនិងល្ខោន ឆ្នាំ ២០១៨ ពី សាកលវិទ្យាល័យ Mahasarakham។


ក្នុងឆ្នាំ ២០១៩ លោក ឃុងឃុយ បានចូលប្រឡូកនយោបាយក្នុងប្រទេសថៃដោយឈរឈ្មោះជាតំណាងរាស្រ្តក្នុងខេត្តសុរិន្ទ។ ទោះមិនទទួលបានជោគជ័យក្នុងវិស័យនយោបាយក្ដី ក៏តារាជើងចាស់រូបនេះមិនបានបាក់ទឹកចិត្ត និងសោកសៅនោះឡើយ។ បច្ចុប្បន្នលោកនៅតែសកម្មនៅក្នុងវិស័យចម្រៀង ដោយមានការងារទាំងនៅលើឆាក និងនៅពីក្រោយឆាកក្នុងឋានៈជាអ្នកបង្កើតបទភ្លេង និងទំនុកច្រៀងសម្រាប់សិល្បករជំនាន់ថ្មី ហើយប្រាកដណាស់ស្នាដៃចម្រៀងជាច្រើនរបស់លោកមិនត្រឹមតែផ្ដល់ក្ដីសុខ ភាពសប្បាយរីករាយដល់អ្នកស្ដាប់ ប៉ុន្តែក៏បានធ្វើឱ្យសិល្បៈកន្ទ្រឹមនៅតែមានជីវិតរស់រវើក និងជ្រួតជ្រាបក្នុងសរសៃឈាមកូនខ្មែរគ្រប់ជំនាន់ គ្រប់ភូមិភាគទាំងនៅក្នុងប្រទេសកម្ពុជានិងនៅប្រទេសផ្សេងៗ ៕
























Account
Security
Favourite Content