តារាចម្រៀងស្រីខេប៉ុបល្បីឈ្មោះ IU នឹងត្រៀមត្រឡប់មកវិញជាមួយអាល់ប៊ុមថ្មីរបស់នាងក្រោយខកខានបញ្ចេញចម្រៀងអស់រយៈពេលជាង ២ ឆ្នាំ។ ការត្រឡប់មកវិញលើកនេះ ក៏ជាពេលវេលាមួយដែលអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំអស់ពេលវេលាជាយូរផងដែរ។ អាល់ប៊ុមដែល IU បញ្ចេញលើកចុងក្រោយគឺមានឈ្មោះ “Pieces” និងចេញជាផ្លូវការក្នុងខែ ធ្នូ ឆ្នាំ ២០២១។

ផលិតកម្មគ្រប់គ្រងតារាស្រីរូបនេះគឺ EDAM Entertainment បានបញ្ជាក់នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០២៣ ថា IU បានបញ្ចប់ការថតវីដេអូចម្រៀងរបស់ខ្លួនរួចរាល់ហើយ។ ការថតវីដេអូចម្រៀងនឹងមានសហការជាមួយសមាជិកក្រុម BTS គឺ V ថែមទៀតផង។ ការសហការនេះគឺធ្វើឡើងមុនពេលដែល V ចូលបំពេញកាតព្វកិច្ចបម្រើកងទ័ពនាពេលឆាប់ៗ ខាងមុខ។

ជាមួយគ្នាដែរ នេះមិនមែនជាលើកទី ១ ដែល IU សហការជាមួយ V ឡើយ កាលពីខែ កញ្ញា កន្លងទៅ V ក៏បានចូលរួមជាភ្ញៀវកិត្ដិយសក្នុងកម្មវិធី “IU’s Palette។ អ្នកទាំងពីរបានបង្ហាញភាពស្និទ្ធស្នាល និងក្ដីស្រឡាញ់ចំពោះតន្ដ្រីថែមទាំងនិយាយត្រូវរូវគ្នាខ្លាំង។

គួរបញ្ជាក់ ក្រៅពីត្រៀមបញ្ចេញចម្រៀងថ្មី IU ក៏បានបញ្ចប់ការថតរឿងភាគថ្មីរបស់ខ្លួនមានចំណងជើងថា “You Have Done Well” និងត្រូវគេរំពឹងថាចាក់ផ្សាយនៅឆ្នាំ ២០២៤ ខាងមុខ៕

























Account
Security
Favourite Content