សមាជិកក្រុមចម្រៀងនារីខេប៉ុប FIFTY FIFTY ត្រូវបានគេរំពឹងថានឹងទទួលបានប្រាក់កម្មសិទ្ធិបញ្ញារាប់លានដុល្លារអាមេរិក ដោយសារភាពជោគជ័យនៃបទ “Cupid” ដែលល្បីផ្ទុះទូទាំងពិភពលោក។
យោងតាមសេចក្ដីរាយការណ៍ផ្តាច់មុខពីសារព័ត៌មាន Tenasia បានឱ្យដឹងថា FIFTY FIFTY នឹងទទួលបានប្រាក់ភាគលាភសម្រាប់បទ “Cupid” នៅចុងខែកក្កដា ដោយការទូទាត់នោះនឹងរួមបញ្ចូលប្រាក់ចំណូលពីក្រុមហ៊ុនចែកចាយតន្ត្រីផ្សេងៗ រួមទាំង Spotify ផងដែរ។
សេចក្ដីរាយការណ៍បន្តថា បច្ចុប្បន្នក្រុមហ៊ុនចែកចាយតន្ត្រីកូរ៉េ Interpark កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃដំណើរការទូទាត់ចំណូលសម្រាប់បទ “Cupid” ដែលត្រូវបានគេរំពឹងថានឹងមានចំនួនរាប់សិបពាន់លានវ៉ុន។
ប្រភពផ្ទៃក្នុងមួយបានព្យាករថាចំនួនទឹកប្រាក់ដែលត្រូវបង់ឱ្យ FIFTY FIFTY នឹងមានយ៉ាងហោចណាស់ ៣ ពាន់លានវ៉ុន (ប្រហែល ២,៣១ លានដុល្លារអាមេរិក) ខណៈដែលប្រភពខ្លះទៀតបានព្យាករថាចំនួនទឹកប្រាក់នេះអាចលើសពី ១០ ពាន់លានវ៉ុន (ប្រហែល ៧,៧ លានដុល្លារអាមេរិក)។ ខណៈពេលនេះមហាជនកំពុងតាមដានតួលេខចុងក្រោយនៃការទូទាត់នេះ ដោយសារថាបញ្ហាប្រាក់ចំណូលនេះជាបញ្ហាចម្បងដែលនាំឱ្យក្រុម FIFTY FIFTY ដាក់ពាក្យប្ដឹងប្រឆាំងនឹងក្រុមហ៊ុនគ្រប់គ្រងរបស់ពួកគេគឺផលិតកម្ម ATTRAKT។
មានសមាជិក ៤នាក់រួមមាន Keena, Saena, Sio និង Aran ក្រុម Fifty Fifty បានបង្ហាញខ្លួនដំបូងនៅថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំមុន ជាមួយនឹងអាល់ប៊ុមដំបូង “The Fifty”។ បទចម្រៀងចុងក្រោយរបស់ពួកគេ “Cupid” បានចេញកាលពីថ្ងៃទី២៤ ខែកុម្ភៈ និងបានទទួលភាពល្បីល្បាញខ្លាំងនៅទីផ្សារអន្តរជាតិ។ ពួកគេបានក្លាយជាក្រុមខេប៉ុបទី៣ ដែលបានជាប់លេខ ១ នៅលើតារាង Billboard Global Excl. U.S. បន្ទាប់ពី BTS និង BLACKPINK ៕