បន្ទាប់ពីមានការសង្ស័យអស់រយៈពេលជាច្រើនខែជុំវិញការចាកចេញរបស់សមាជិកម្នាក់រួចមក ក្រុមចម្រៀងបុរស K-pop ដ៏ល្បីល្បាញ ENHYPEN ត្រូវបានកំណត់ថានឹងធ្វើការវិលត្រឡប់មកវិញជាលើកដំបូងក្នុងនាមជាក្រុមដែលមានសមាជិក ៦ នាក់។

ក្រុម ENHYPEN ដែលបច្ចុប្បន្នរួមមានសមាជិក៖ Jungwon, Jay, Jake, Sunghoon, Sunoo និង Ni-ki នឹងចេញផ្សាយអាល់ប៊ុមថ្មីមួយនៅក្នុងខែសីហាខាងមុខនេះ ដែលនេះជាការវិលត្រឡប់មកកាន់វិស័យតន្ត្រីវិញជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ៧ ខែ។
ការចេញផ្សាយដែលកំពុងខិតជិតមកដល់នេះ នឹងក្លាយជាស្នាដៃដំបូងរបស់ ENHYPEN ចាប់តាំងពីអាល់ប៊ុមខ្នាតតូចទី ៧ របស់ពួកគេមានចំណងជើងថា “THE SIN : VANISH” បានចេញផ្សាយកាលពីខែមករា និងបានជួយពង្រឹងប្រជាប្រិយភាពជាសកលរបស់ក្រុមឱ្យកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត។
ការវិលត្រឡប់មកវិញនេះកំពុងទាក់ទាញការចាប់អារម្មណ៍ជាពិសេស ព្រោះវាការចេញផ្សាយលើកដំបូងបង្អស់របស់ក្រុម ចាប់តាំងពីសមាជិក Heeseung ដែលបច្ចុប្បន្នប្រើប្រាស់ឈ្មោះក្នុងសិល្បៈថា EVAN បានចាកចេញពីក្រុមកាលពីខែមីនាកន្លងទៅ។ ការផ្លាស់ប្តូរសមាជិកនេះបានដុតបញ្ឆេះឱ្យមានការជជែកដេញដោលគ្នាយ៉ាងទូលំទូលាយក្នុងចំណោមអ្នកគាំទ្រ ដែលធ្វើឱ្យការវិលត្រឡប់មកវិញនៅក្នុងខែសីហានេះ ក្លាយជាការ Comeback មួយក្នុងចំណោមការ Comeback នៃវិស័យ K-pop ដែលមានអ្នកតាមដានមើលយ៉ាងដិតដល់បំផុតប្រចាំឆមាសទីពីរនៃឆ្នាំនេះ។
គួររម្លឹកថា ENHYPEN ធ្លាប់សម្រេចបាននូវកំណត់ត្រាលក់អាល់ប៊ុមបានលើសពីពីរលានបន្ទះ ជាលើកទី ៤ តាមរយៈអាល់ប៊ុម “THE SIN : VANISH” ហើយអាល់ប៊ុមនោះក៏បានបន្តស្ថិតនៅលើតារាង Billboard 200 ដែលជាតារាងអាល់ប៊ុមចម្បងរបស់សហរដ្ឋអាមេរិក រហូតដល់ទៅ ១០ សប្តាហ៍ជាប់ៗគ្នា សបញ្ជាក់ឱ្យឃើញពីឥទ្ធិពលអន្តរជាតិដែលកំពុងរីកចម្រើនរបស់ក្រុម។
ប្រភពពីក្នុងឧស្សាហកម្មកម្សាន្តបានឱ្យដឹងថា ក្រុមនេះកំពុងផ្ដោតអារម្មណ៍យ៉ាងខ្លាំងលើការត្រៀមលក្ខណៈសម្រាប់អាល់ប៊ុមថ្មី ដោយមានគោលបំណងផ្តល់ជូននូវស្នាដៃដ៏ល្អឥតខ្ចោះមួយ បន្ទាប់ពីបានរក្សាវត្តមានយ៉ាងរឹងមាំក្នុងអំឡុងឆមាសទីមួយនៃឆ្នាំនេះ។
បច្ចុប្បន្ននេះ ENHYPEN កំពុងបន្តដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ខ្លួនមានឈ្មោះថា “BLOOD SAGA” ដែលរួមមានការប្រគំតន្ត្រីចំនួន ៣៣ លើក នៅ ២១ ទីក្រុង។ ការប្រគំតន្ត្រីនេះបានចាប់ផ្តើមកាលពីខែមុននៅឯកីឡដ្ឋាន KSPO DOME ក្នុងទីក្រុងសេអ៊ូល ហើយនឹងបន្តធ្វើដំណើរទៅកាន់អាមេរិកខាងត្បូង និងអាមេរិកខាងជើងនៅក្នុងខែកក្កដា និងសីហា ៕

















































Account
Security
Favourite Content