តារាចម្រៀងប្រុស Charlie Puth បានអរគុណដល់ Taylor Swift ដែលបានលើកឡើងពីឈ្មោះរបស់ខ្លួននៅក្នុងបទចម្រៀង “The Tortured Poets Department” ពីអាល់ប៊ុមថ្មីរបស់នាង ដែលបានក្លាយជាការបំផុសគំនិតឲ្យលោកអាចក្រោកមកសរសេរចម្រៀងដែលពិបាកបំផុតក្នុងជីវិតរបស់ខ្លួនបាន។

នៅក្នុងបទចម្រៀង “The Tortured Poets Department” របស់ Taylor Swift មានឃ្លាមួយសរសេរថា៖ “Charlie Puth អាចជាសិល្បករដែលអស្ចារ្យជាងនេះ” ដែលអាចបកស្រាយបានថា ទេពកោសល្យរបស់ Charlie Puth គឺលើសពីកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ដែលលោកបានទទួល ហើយថ្មីៗនេះ Charlie Puth ក៏បានប្រកាសពីការត្រៀមចេញបទចម្រៀងថ្មីមួយមានចំណងជើងថា “Hero” រួមជាមួយនឹងការលាតត្រដាងរឿងរ៉ាវពីក្រោយឆាកនៃការនិពន្ធបទចម្រៀងនេះដែលមាន Taylor Swift ជាកម្លាំងជំរុញមួយ។
“បទថ្មីរបស់ខ្ញុំគឺ Hero និយាយអំពីពេលដែលយើងត្រូវមើលឃើញមនុស្សដែលយើងស្រលាញ់ធ្វើបាបខ្លួនឯង និងបំផ្លាញអ្វីដែលល្អនៅក្នុងជីវិតរបស់ពួកគេ ប៉ុន្តែបែរមិនអាចជួយពួកគេបានទាល់តែសោះ។ នេះជាបទចម្រៀងពិបាកបំផុតមួយក្នុងចំណោមបទដែលខ្ញុំធ្លាប់និពន្ធ ប៉ុន្តែទីបំផុតខ្ញុំអាចសរសេរវាចេញ ហើយខ្ញុំសង្ឃឹមថា វានឹងបំពេញចន្លោះក្នុងបេះដូងរបស់អ្នកដែលធ្លាប់ឆ្លងកាត់រឿងស្រដៀងគ្នានេះ”។
“ខ្ញុំពិតជារំភើបក្នុងការចែករំលែកអាល់ប៊ុមថ្មីរបស់ខ្ញុំជាមួយគ្រប់គ្នា ជាពិសេសបទនេះ។ ខ្ញុំមិនដែលធ្វើបទចម្រៀងបែបនេះពីមុនមកទេ ហើយវាពិតជាពិបាកសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំចង់អរគុណ Taylor Swift សម្រាប់ការធ្វើឱ្យខ្ញុំដឹងអំពីតន្ត្រីដែលខ្ញុំមិនអាចរក្សាទុកក្នុង hard drive របស់ខ្ញុំទៀតទេ អរគុណអ្នកគាំទ្រទាំងអស់គ្នា អ្នកមិនដឹងទេថាអ្នកមានន័យសម្រាប់ខ្ញុំប៉ុណ្ណា…”
នៅមុននេះ Charlie Puth ក៏ធ្លាប់បានបង្ហាញពីអារម្មណ៍របស់ខ្លួននៅពេល Taylor Swift និយាយឈ្មោះរបស់លោកក្នុងបទចម្រៀងថា៖ “ខ្ញុំគិតថាមាននរណាម្នាក់ផ្ញើសញ្ញាឱ្យខ្ញុំថាខ្ញុំត្រូវចេញបទចម្រៀងដែលខ្ញុំគួរតែចេញ។ ដូច្នេះខ្ញុំចង់និយាយថាបទ Hero នឹងចេញនៅថ្ងៃទី ២៤ ខែឧសភា ជាបទចម្រៀងដំបូងពីអាល់ប៊ុមថ្មីរបស់ខ្ញុំ។ អរគុណសម្រាប់ការគាំទ្ររបស់អ្នក… អ្នកបានដឹងហើយថាអ្នកជានរណា” ៕
























































Account
Security
Favourite Content