នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង»។

មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ ប្រារព្ធឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់យុវជនក្នុងការអភិវឌ្ឍ សមត្ថភាព និងការបញ្ចេញគំនិតច្នៃប្រឌិត តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស ដែលជាជំហ៊ានក្លាយជាផលិតករ ភាពយន្ត ព្រមទាំងរួមចំណែកអភិវឌ្ឍឧស្សាហកម្មភាពយន្តជាតិ ជាផ្នែកសំខាន់មួយនៃឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ ដែលមានតួនាទីលើកស្ទួយសេដ្ឋកិច្ច និងពង្រឹងអត្តសញ្ញាណជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ចំពោះខ្លឹមសារគោលនៃសាច់រឿង ក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ សម្រាប់ការ ចូលរួមប្រកួតប្រជែង មានដូចខាងក្រោម៖
ទី១៖ វប្បធម៌ និងការអភិវឌ្ឍសង្គម ៖ សាច់រឿងត្រូវឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម និងបង្កប់ដោយអត្តសញ្ញាណជាតិ រួមមានចំណេះ ដឹង ជំនឿសាសនា សិល្បៈប្រពៃណីទំនៀមទម្លាប់ ដែលទាក់ទងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ទិ២៖ ភាពច្នៃប្រឌិត និងការបង្កើតថ្មី ៖ ផ្តោតលើភាពស្រមើស្រមៃ បំណងប្រាថ្នា អារម្មណ៍ផ្លូវចិត្ត ការស្រឡាញ់ និងទំនាក់ទំនងក្នុងសង្គម ដោយបង្កប់នូវគំនិតទស្សនវិជ្ជា និងបច្ចេកវិជ្ជាថ្មីៗ។
គ្រប់ស្នាដៃភាពយន្តខ្នាតខ្លីទាំងអស់ដែលដាក់ចូលរួមប្រកួតប្រជែងក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លី កម្ពុជាលើកទី៥ ឆ្នាំ២០២៦ ត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖
១- ស្នាដៃដែលផលិតដោយអ្នកនិពន្ធ និងអ្នកដឹកនាំរឿង ជាជនជាតិខ្មែរ ២- ស្នាដៃដែលបានផលិតក្រោយពី ខែមករា ឆ្នាំ២០២៤ ៣- ស្នាដៃដែលមានថិរវេលាបញ្ចាំងមិនលើសពី៣០នាទី (គិតបញ្ចូលទាំង Ending Credits), ៤- ស្នាដៃដែលរួមបញ្ចូល៖ ភាពយន្ត (Fiction), ភាពយន្តឯកសារ (Documentary), គំនូរជីវចល ដែលផលិតជាទម្រង់ឌីជីថល, ៥- ស្នាដៃភាពយន្តខ្នាតខ្លីត្រូវមានចំណងជើងរង ជាភាសាអង់គ្លេស, ៦- ស្នាដៃភាពយន្តខ្នាតខ្លី ដែលពុំធ្លាប់ចូលរួមប្រកួតប្រជែងក្នុងមហោស្រពភាពយន្តជាតិខ្នាតខ្លីកន្លងមក។
គួរឱ្យដឹងថា កាលបរិច្ឆេទរៀបចំពិធីបើកមហោស្រព នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ និងពិធីបិទនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ៕



រូបភាព ៖ មហោស្រពភាពយន្តជាតិខ្នាតខ្លី























Account
Security
Favourite Content