តារាសម្ដែងកូរ៉េ Byeon Woo Seok នឹងត្រូវសម្ដែងក្នុងភាពយន្ត Live Action ថ្មីរបស់ Netflix មានចំណងជើងថា “Solo Leveling”។

នៅថ្ងៃទី ១០ ខែកក្កដានេះ ក្រុមហ៊ុន Netflix បានបញ្ជាក់ពីគម្រោងរឿងភាគកូរ៉េដែលផលិតតាមប្រលោមលោកដ៏ល្បី “Solo Leveling” ដោយមាន Byeon Woo Seok សម្ដែងជាតួឯក Sung Jin Woo។ សាច់រឿង “Solo Leveling” និយាយពី Sung Jin Woo ដែលជាអ្នកប្រមាញ់បិសាចកម្រិត E-rank ដែលជាថ្នាក់ទាបបំផុតក្នុងចំណោមអ្នកការពារពិភពលោកពីសត្វចម្លែកនៅច្រកទ្វារអាថ៌កំបាំង។ បន្ទាប់ពីជួបហេតុការណ៍ជិតស្លាប់ គេក៏ទទួលបានសមត្ថភាពពិសេស ហើយទីបំផុតក៏ក្លាយជាក្តីសង្ឃឹមរបស់មនុស្សជាតិដោយមិនបានរំពឹងទុក។
សាច់រឿងប្រលោមលោកមួយនេះក៏ធ្លាប់ត្រូវបានផលិតជាគំនូរជីវចលផងដែរ ដែលក្រោយមកបានឈ្នះពានរង្វាន់សំខាន់ៗចំនួន ៩ ពីកម្មវិធី Crunchyroll Awards ដែលជាកម្មវិធីប្រគល់ពានរង្វាន់គំនូរជីវចលដ៏ធំបំផុតរបស់ពិភពលោក រួមមានពាន “Anime of the Year” “Best Action” និង “Best Character” ជាដើម។

តារាសម្ដែង Byeon Woo Seok ដែលបានចាប់ផ្ដើមល្បីឈ្មោះជាអន្តរជាតិតាមរយៈរឿងភាគ “Lovely Runner” កំពុងទាក់ទាញការទន្ទឹងរង់ចាំយ៉ាងខ្លាំង បន្ទាប់ពីលោកត្រូវបានប្រកាសថានឹងចូលខ្លួនមកបង្ហាញរឿងរ៉ាវ និងសកម្មភាពដ៏ខ្លាំងក្លារបស់តួអង្គ Sung Jin Woo នៅក្នុងគម្រោងថ្មីនេះដែលសហការផលិតដោយក្រុមហ៊ុន Kakao Entertainment និង Sanai Pictures។
មិនតែប៉ុណ្ណោះ អ្នកដឹកនាំ Lee Hae Jun ដែលធ្លាប់ដឹកនាំរឿង “Ashfall” “Like a Virgin” និង “Castaway on the Moon” និងអ្នកដឹកនាំរឿង “Cold Eyes” Kim Byung Seo នឹងសហការគ្នាដឹកនាំរឿងភាគថ្មីនេះ ដែលធ្វើឱ្យគម្រោងនេះកាន់តែត្រូវបានរំពឹងខ្ពស់ថែមទៀត។ យ៉ាងណាមិញ កាលបរិច្ឆេទចាប់ផ្ដើមថត និងការចេញផ្សាយនៃរឿងនេះមិនទាន់មានការបញ្ជាក់នោះទេ ៕

























Account
Security
Favourite Content