ក្រុមចម្រៀង K-pop BTS កាលពីយប់ថ្ងៃអង្គារ បានប្រកាសពីដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោកចំនួន ៧៩ ថ្ងៃ ដែលបង្ហាញពីការវិលត្រឡប់ជាក្រុមរបស់ពួកគេមកកាន់ឆាកតន្ត្រីវិញ បន្ទាប់ពីការសម្រាករយៈពេលបួនឆ្នាំ។

ជាមួយនឹងគម្រោងសម្ដែងជាច្រើនទាំងនៅទ្វីបអាស៊ី អាមេរិក និងអឺរ៉ុប នេះទំនងជាដំណើរប្រគំតន្ត្រីទេសចរណ៍ដ៏ធំបំផុតមួយក្នុងឆ្នាំ២០២៦ ជាពិសេសដោយសារតែក្រុមចម្រៀងមួយនេះមិនបានសម្ដែងនៅខាងក្រៅសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ ២០១៩។
ការប្រគំតន្ត្រីទេសចរណ៍លើកមុនរបស់ពួកគេបានបង្កើតកំណត់ត្រាសម្រាប់ក្រុម K-pop ដោយរកចំណូលបានប្រហែល ២៤៦ លានដុល្លារពីការលក់សំបុត្រ។ ក្នុងអំឡុងការប្រគំតន្ត្រីនោះ BTS ក៏បានក្លាយជាក្រុមកូរ៉េដំបូងគេដែលបានសម្ដែងនៅពហុកីឡដ្ឋាន Wembley។
សម្រាប់ការប្រគំតន្ត្រីទេសចរណ៍ខាងមុខនេះនឹងចាប់ផ្តើមជាមួយនឹងការសម្តែងរយៈពេលបីយប់នៅកីឡដ្ឋាន Goyang ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦ មុនពេលចេញដំណើរឆ្លងកាត់អាស៊ី អឺរ៉ុប និងអាមេរិក។ សំបុត្រសម្រាប់ការប្រគំតន្ត្រីនៅកូរ៉េខាងត្បូងនឹងមានតម្លៃចន្លោះពី ១៩៨ ០០០ វ៉ុន (១៣៤ ដុល្លារអាមេរិក) ទៅ ២៦៤ ០០០ វ៉ុន (១៧៩ ដុល្លារអាមេរិក) ដោយនឹងបើកលក់សម្រាប់អ្នកគាំទ្រចាប់ពីថ្ងៃទី ២២ ខែមករា និងសាធារណជនទូទៅពីរថ្ងៃបន្ទាប់។

នៅប្រទេសសិង្ហបុរី ពួកគេនឹងមានការសម្ដែងចំនួន ៤ ថ្ងៃគឺ ១៧, ១៩, ២០ និង ២២ ខែធ្នូ ស្របពេលទីក្រុងអាស៊ីផ្សេងទៀតរួមមាន Kaohsiung (ថ្ងៃទី ១៩, ២១ និង ២២ ខែវិច្ឆិកា) ទីក្រុងបាងកក (ថ្ងៃទី ៣, ៥ និង ៦ ខែធ្នូ) ទីក្រុងគូឡាឡាំពួរ (ថ្ងៃទី ១២ និង ១៣ ខែធ្នូ) និងទីក្រុងម៉ានីល (ថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៧)។ គេហទំព័ររបស់ក្រុមបានឱ្យដឹងដែរថា កាលបរិច្ឆេទបន្ថែមទៀតនៅក្នុងប្រទេសជប៉ុន មជ្ឈិមបូព៌ា “និងច្រើនទៀត” សម្រាប់ឆ្នាំ ២០២៧ នឹងត្រូវបានប្រកាសនៅពេលក្រោយ។
ផ្អែកតាមសារព័ត៌មាន BBC ក្នុងការប្រគំតន្ត្រីលើកនេះទស្សនិកជននឹងបានឃើញក្រុម BTS សម្តែងនៅលើឆាក ៣៦០ ដឺក្រេ ដែលអនុញ្ញាតឱ្យមានកៅអីបន្ថែមនៅគ្រប់ទីកន្លែង។

យោងតាមសារព័ត៌មាន Billboard ក្រុម BTS និងផលិតកម្ម BigHit / Hybe នឹងរកចំណូលបានជាង ១ ពាន់លានដុល្លារ ពីការជួបជុំគ្នារបស់ពួកគេ ដែលបានមកពីការប្រគំតន្ត្រី ការលក់ទំនិញអនុស្សាវរីយ៍ កម្មសិទ្ធិបញ្ញា ការលក់អាល់ប៊ុម និងប្រាក់ចំណូលពីការផ្សាយចម្រៀងតាមអ៊ីនធឺណិត។
ក្នុងអំឡុងពេលនៃការផ្អាករបស់ក្រុមតន្រ្តីនៅឆ្នាំ ២០២៤ ប្រាក់ចំណេញប្រតិបត្តិការរបស់ Hybe បានធ្លាក់ចុះជិត ៣៧.៥% ដែលក្រុមហ៊ុនបានសន្មតថាដើមហេតុមួយផ្នែកគឺដោយសារតែ “ការសម្រាកបណ្ដោះអាសន្នរបស់ BTS”។
ការប្រកាសអំពីការប្រគំតន្ត្រីរបស់ BTS បានកើតឡើងប្រហែលមួយសប្តាហ៍បន្ទាប់ពីក្រុមនេះបានបញ្ជាក់ថាខ្លួននឹងចេញអាល់ប៊ុមថ្មីរបស់ខ្លួននៅថ្ងៃទី ២០ ខែមីនា។ យោងតាមផលិតកម្ម Big Hit Music អាល់ប៊ុមនេះនឹងមានបទចម្រៀងចំនួន ១៤ បទដែលមានការបញ្ជាទិញជាមុនចាប់ពីថ្ងៃទី ១៦ ខែមករា។ យោងតាមវិទ្យាស្ថានវប្បធម៌ និងទេសចរណ៍កូរ៉េដែលគាំទ្រដោយរដ្ឋាភិបាល មុនពេលសមាជិកចូលបម្រើកងទ័ព BTS អាចរកចំណូលបានជាង ៥.៥ ទ្រីលានវ៉ុន (៣.៨ ពាន់លានដុល្លារអាមេរិក) នៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងមួយឆ្នាំ ដែលស្មើនឹងប្រហែល ០.២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ៕
























Account
Security
Favourite Content