មួយទសវត្សរ៍នៃប្រវត្តិសាស្ត្រ! សរុបរឿងពិសេសៗ និងសមិទ្ធផលអស្ចារ្យរបស់សមាជិក BTS ទាំង ៧នាក់ក្នុងរយៈពេល ១០ឆ្នាំកន្លងមក

ថ្ងៃទី១៣ ខែមិថុនា គឺជាខួបគម្រប់ ១០ឆ្នាំនៃការបង្ហាញមុខជាផ្លូវការរបស់ក្រុមកំពូលរបស់ខេប៉ុប BTS។ ក្នុងរយៈពេល ១០ ឆ្នាំនៃអាជីពក្រុមចម្រៀងដែលមានសមាជិក ៧ នាក់មួយនេះត្រូវបានសាទរចំពោះសមិទ្ធិផលរាប់មិនអស់ដែលបានបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់វិស័យ K-pop និងប្រទេសកូរ៉េខាងត្បូង។

អ្វី​ដែល​ធ្វើ​ឲ្យគ្រប់គ្នា​ភ្ញាក់​ផ្អើល​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ ក្នុង​រយៈ​ពេល​នេះ BTS ​មិន​បានជួបបញ្ហា​​ដែលឧស្សាហ៍​កើត​មាន​ក្នុងវិស័យ K-pop ឡើយ មិនថាបញ្ហាមានសមាជិក​ចាកចេញ ជម្លោះផ្ទៃក្នុង ឬ “បណ្តាសា ៧ ឆ្នាំ” ដូចក្រុមផ្សេងៗដែលតែងត្រូវរំសាយពេលចប់កុងត្រា ៧ឆ្នាំនោះឡើយ។

ដើម្បីអបអរខួបមួយទស្សវត្សរ៍នៃការបង្កើតប្រវត្តិសាស្ត្ររបស់ក្មេងប្រុស Bangtan ថ្ងៃនេះ AMS សូមនាំប្រិយមិត្តមកក្រឡេកមើលពីរឿងរ៉ាវពិសេសៗ និងសមិទ្ធផលផ្ទាល់ខ្លួនរបស់សមាជិកទាំង ៧នាក់ដែលសុទ្ធតែជាគ្រាប់ពេជ្រមិនអាចខ្វះបានសម្រាប់ BTS ទាំងអស់គ្នា!

Jin

Jin (ឈ្មោះពិត Kim Seok-jin) កើតនៅក្រុង Anyang ខេត្ត Gyeonggi កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ១៩៩២។ គេគឺជាសមាជិកច្បង និងជាអ្នកចម្រៀងរងរបស់ BTS ។

បន្ទាប់ពីបានច្រៀងចម្រៀងសម្រាប់រឿងភាគកូរ៉េមួយចំនួនចាប់ពីឆ្នាំ ២០១៦ មក Jin គឺជាសមាជិក BTS ទីពីរដែលបានចេញបទចម្រៀងទោលជាផ្លូវការ ដោយបានចេញបទ “The Astronaut” នៅក្នុងខែតុលា ឆ្នាំ ២០២២។ បទចម្រៀងនេះបានបង្ហាញខ្លួននៅចំណាត់ថ្នាក់ ៥១ នៅលើតារាង Billboard Hot 100 ភ្លាមៗក្រោយពេលចេញ និងបានជាប់ក្នុងបញ្ជីចម្រៀងល្អបំផុតទាំង 100 របស់ Rolling Stone ឆ្នាំ ២០២២។ ត្រឹមតែមួយបទ Jin បានក្លាយជាសិល្បករដែលអាចលក់អាល់ប៊ុមបានដល់រាប់លានក្នុងរយៈពេលលឿនបំផុត។

នៅខែធ្នូ ឆ្នាំ ២០២២ Jin បានក្លាយជាសមាជិក BTS ដំបូងគេដែលបានចុះឈ្មោះចូលបម្រើយោធា ហើយនឹងបម្រើក្នុងជួរកងទ័ពកូរ៉េជាជំនួយការគ្រូបង្ហាត់សមយុទ្ធរហូតដល់ខែមិថុនា ឆ្នាំ ២០២៤។

* តាមពិតទៅ Jin ពីដំបូងឡើយគឺចង់ក្លាយជាតារាសម្តែងទេ និងកំពុងបន្តបរិញ្ញាបត្រផ្នែកសម្តែងនៅសាកលវិទ្យាល័យ Konkuk នៅពេលដែលរូបគេត្រូវ Big Hit Entertainment ជ្រើសរើស។ គេបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នេះនៅឆ្នាំ២០១៧។

* Jin បានក្លាយជាសមាជិកក្លឹបកិត្តិយសរបស់ Unicef ចាប់តាំងពីឆ្នាំ ២០១៩ បន្ទាប់ពីបានបរិច្ចាគជាង ១០០ លានវ៉ុន ស្មើនឹងជាង ៧៦៥០០ ដុល្លារដល់អង្គការនេះ។

* ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២ មក Jin គឺជា BA ឬជាទូតផ្សព្វផ្សាយរបស់មីកូរ៉េ Jin Ramen។

Suga

កើតនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ១៩៩៣ នៅទីក្រុង Daegu, Suga (ឈ្មោះពិត Min Yun-ki) គឺជាអ្នករ៉េបនាំមុខរបស់ក្រុម និងត្រូវបានគេស្គាល់ថាជា Agust D ដែលជាឈ្មោះមួយទៀតរបស់គេក្នុងនាមជាតារាទោល។ ក្រោមឈ្មោះ Agust D, Suga បានចេញអាល់ប៊ុមទោលជាផ្លូវការមានឈ្មោះថា “D-DAY” ក្នុងខែមេសា ឆ្នាំ ២០២៣។

Suga ធ្លាប់បាននិយាយថាគាត់បានចូលធ្វើតេស្តនៅ BigHit Music ដើម្បីស្វែងរកការងារជាអ្នកនិពន្ធបទចម្រៀងនិងផលិតករ។ ទោះបីជាចុងក្រោយ រូបគេបានបង្ហាញខ្លួនក្នុងនាមជាតារា K-pop ប៉ុន្តែ Suga នៅតែធ្វើការជាអ្នកនិពន្ធបទចម្រៀង និងជាផលិតករដែលនៅពីក្រោយបទចម្រៀងជាច្រើនរបស់ BTS ។ គេបានផលិត និងបង្ហាញមុខនៅក្នុងបទចម្រៀងឆ្នាំ ២០២២ របស់ PSY មានចំណងជើងថា “That That” ក៏ដូចជាផលិតបទចម្រៀងសម្រាប់សិល្បករផ្សេងៗទៀតដូចជា Suran, Heize, Epik High, IU និង ØMI ។ ជាមួយស្នាដៃនិពន្ធចម្រៀងផ្លូវការសរុប ១៥៦ បទ Suga បានជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងបញ្ជីតារា K-pop ដែលមានបទចម្រៀងរក្សាសិទ្ធិច្រើនជាងគេ។

Suga ​បានចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍រពិភពលោករបស់ខ្លួនតាំង​ពី​ខែ​មេសា​ជាមួយ​ “Suga Agust D Tour” ​នៅ​សហរដ្ឋ​អាមេរិក ឥណ្ឌូនេស៊ី ជប៉ុន ថៃ និង​សិង្ហបុរី។ តន្ត្រីទេសចរណ៍របស់គេនឹងបញ្ចប់នៅទីក្រុងសេអ៊ូលនៅថ្ងៃទី ២៥ ខែមិថុនា។

* Suga បានចាប់ផ្តើមកម្មវិធីជជែកតាម YouTube របស់ខ្លួនឈ្មោះ “Suchwita” កាលពីខែធ្នូឆ្នាំមុន ដែលមានតារា K-pop លេចធ្លោ និងតារាសម្តែងល្បីៗជាច្រើនបានចូលរួមជាភ្ញៀវកិត្តិយស។

* Suga បានក្លាយជាទូតផ្សព្វផ្សាយសកលសម្រាប់លីកបាល់បោះអាមេរិក (NBA) និងប្រ៊េនសម្លៀកបំពាក់ Valentino តាំងពីដើមឆ្នាំ ២០២៣។

* នៅក្នុងខែមិថុនា Suga បានសហការជាមួយតារាប៉ុបអាមេរិក Halsey សម្រាប់បទ “Lilith” ដើម្បីអបអរការបើកដំណើរការហ្គេមអនឡាញ “Diablo IV”។

J-Hope

កើតនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩៩៤ នៅទីក្រុង Gwangju J-Hope (ឈ្មោះពិត Jeong Ho-seok) គឺជាអ្នករ៉េបរង និងជាអ្នករាំសំខាន់សម្រាប់ BTS និងជាសមាជិកដំបូងគេដែលបានចេញអាល់ប៊ុមទោលជាផ្លូវការមានឈ្មោះថា “Jack In The Box” ក្នុងខែកក្កដា ឆ្នាំ ២០២២ ភ្លាមៗបន្ទាប់ពី BTS បានប្រកាសផ្អាកសកម្មភាពក្រុម។ អាល់ប៊ុមទោលដំបូងរបស់សមាជិក BTS រូបនេះបានទទួលការគាំទ្រខ្លាំង ដោយបទ​ចម្រៀង​ដែល​ចេញ​ផ្សាយ​មុនគេមានចំណងជើងថា ‘More’ បាន​ឡើងដល់​កំពូល​តារាង iTunes Top Songs ភ្លាម​ៗ​ក្នុងប្រទេសនិង​តំបន់​ចំនួន ៨៤ ជុំវិញ​ពិភពលោក។

មុនចេញអាល់ប៊ុមទោលនេះ J-Hope ធ្លាប់បានចេញ mixtape “Hope World” នៅឆ្នាំ២០១៨ និងបទ “Chicken Noodle Soup” នៅឆ្នាំ២០១៩ ដោយសហការជាមួយតារាប៉ុបអាមេរិក Becky G.។ បទចម្រៀង “Rush Hour” របស់គេជាមួយតារាហ៊ីបហប់ Crush កាលពីឆ្នាំ២០២២ បានក្លាយជាបទចម្រៀង Viral មួយលើបណ្ដាញសង្គម។

បច្ចុប្បន្ន J-Hope ជាប់ចំណាត់ថ្នាក់ទី ១៣ ក្នុងបញ្ជីតារា K-pop ដែលមានបទចម្រៀងរក្សាសិទ្ធិច្រើនជាងគេ ដោយមានចម្រៀង ១៣៦ បទបានចុះកម្មសិទ្ធិបញ្ញា។

កាលពីខែមេសា J-Hope បានចុះឈ្មោះចូលកងទ័ពកូរ៉េ ហើយនឹងបំពេញកាតព្វកិច្ចរហូតដល់ខែតុលា ឆ្នាំ ២០២៤ ជាគ្រូជំនួយការហ្វឹកហាត់ ដោយដើរតាមគន្លងមិត្តរួមក្រុម Jin ។

* មួយ​ឆ្នាំ​មុន​ពេល​ចេញ​មុខផ្លូវការជាមួយ BTS គឺកាលពីឆ្នាំ២០១២ J-Hope ធ្លាប់បាន​បង្ហាញខ្លួន​នៅ​ក្នុង​បទ “Animal” របស់​តារា​ចម្រៀង Jo Kwon ។

* ក្នុងឆ្នាំ ២០២២ J-Hope បានក្លាយជាតារាកូរ៉េដំបូងគេដែលបានក្លាយជាសិល្បករសំខាន់ក្នុងកម្មវិធី Lollapalooza ជាមហោស្រពតន្ត្រីដ៏ធំនៅសហរដ្ឋអាមេរិក។

* គេគឺជាទូតផ្សព្វផ្សាយសកលសម្រាប់ប្រេន Louis Vuitton ។

RM

កើតនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ១៩៩៤ នៅទីក្រុងសេអ៊ូល RM (ឈ្មោះពិត Kim Nam-joon) គឺជាមេក្រុម និងជាអ្នករ៉េបសំខាន់របស់ BTS។ គេបានផ្លាស់ប្តូរឈ្មោះហៅក្រៅពី Rap Monster ទៅ RM នៅក្នុងខែឧសភា ២០១៧ ហើយក្រោយមកទៀតវាក៏បានក្លាយជាចំណងជើងអាល់ប៊ុម Mixtape ដំបូងរបស់គេក្នុងឆ្នាំ២០១៥ ។

អំឡុង​ពេល​រៀន​ថ្នាក់​មធ្យម​សិក្សា RM បាន​ចាប់ផ្ដើមធ្វើជាអ្នករ៉េបដោយប្រើឈ្មោះ​ Runch Randa។ បីឆ្នាំមុនពេលបង្ហាញខ្លួនជាផ្លូវការជាមួយ BTS គេបានសម្តែងបទចម្រៀង “Ashes” របស់តារាចម្រៀង Lim Jeong-hee និងបទ “Love U, Hate U” របស់ក្រុម 2AM នៅឆ្នាំ២០១០ ។

អាល់ប៊ុមទោលផ្លូវការដំបូងរបស់គឈ្មោះ “Indigo” បានចេញនៅក្នុងខែធ្នូ ឆ្នាំ ២០២២ និងបានបង្កើតកំណត់ត្រាជាច្រើន។ អាល់ប៊ុមនេះបានឡើងដល់លេខ ៣ នៅលើតារាង Billboard Hot 200 ដែលជាតំណែងខ្ពស់បំផុតមិនធ្លាប់មានសម្រាប់តារាចម្រៀងទោលកូរ៉េ។

RM គឺជាតារា K-pop ដែលមានបទចម្រៀងរក្សាសិទ្ធិច្រើនជាងគេលំដាប់ទីពីរ ជាមួយនឹងបទចម្រៀងចំនួន ២១៤ បទដែលបានចុះបញ្ជីកម្មសិទ្ធិបញ្ញាក្នុងរយៈពេលមួយទសវត្សរ៍កន្លងម។ គេបានសហការជាមួយសិល្បករកូរ៉េ និងសិល្បករអន្តរជាតិជាច្រើនដូចជា Tiger JK, Fall Out Boy និង Lil Nas X ។

RM ត្រូវបានគេស្គាល់ថាជាមនុស្សពូកែនិយាយ ជាពិសេសតែងតែនាំមុខរាល់ពេលដែល BTS បង្ហាញខ្លួនជាសាធារណៈ និងថ្លែងសុន្ទរកថា។ តួយ៉ាង ដូចជា​នៅវេទិកា​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ឆ្នាំ ២០១៨ និង​អំឡុង​ពេល​សន្ទនា​ជាមួយ​​ប្រធានាធិបតី​អាមេរិក Joe Biden នៅ​សេតវិមាន​ក្នុង​ឆ្នាំ ២០២២។

* ក្រៅពីផ្នែកចម្រៀង RM ក៏មានចំណាប់អារម្មណ៍លើសិល្បៈគំនូរផងដែរ។ គេតែងត្រូវបានគេប្រទះឃើញជាញឹកញាប់នៅសារមន្ទីរ និងវិចិត្រសាលសិល្បៈ ហើយជាធម្មតាបើគេបង្ហាញខ្លួនក្នុងពិព័រណ៍ណាស្នាដៃគំនូរក្នុងពិព័រណ៍នោះនឹងលក់ដាច់អស់យ៉ាងឆាប់រហ័ស។

* ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបេតិកភណ្ឌប្រពៃណីកូរ៉េ RM បានបរិច្ចាគ ១០០ លានវ៉ុនដល់រដ្ឋបាលបេតិកភណ្ឌវប្បធម៌ និងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េនៅបរទេសពីរឆ្នាំជាប់ៗគ្នា ហើយក៏បានធ្វើការបរិច្ចាគទៅសារមន្ទីរជាតិនៃសិល្បៈទំនើប និងសហសម័យផងដែរ។

* RM គឺជាទូតកិត្តិយសសម្រាប់ទីភ្នាក់ងាររបស់ក្រសួងការពារជាតិកូរ៉េ និងជាទូតផ្សព្វផ្សាយសកលសម្រាប់ប្រេន Bottega Veneta ។

Jimin

កើតនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ១៩៩៥ នៅទីក្រុង Busan Jimin (ឈ្មោះពិត Park Ji-min) គឺជាអ្នករាំសំខាន់ និងជាអ្នកច្រៀងនាំមុខក្នុងក្រុម ដែលជារឿយៗតែងបានច្រៀងវគ្គសំខាន់ៗក្នុងបទចម្រៀងរបស់ BTS ។ គេគឺជាអ្នកហ្វឹកហាត់ចុងក្រោយដែលបានចូលក្រុម BTS បន្ទាប់ពីបានហ្វឹកហាត់ក្នុងរយៈពេលត្រឹមតែប្រាំមួយខែ ដែលជារយៈពេលខ្លីបំផុតក្នុងចំណោមសមាជិកទាំងអស់។

ក្នុងនាមជាផលិតករ Jimin បានចូលរួមក្នុងការផលិតបទចម្រៀងរបស់ BTS រួមមាន “Boyz with Fun” (2015), “Lie” (2016) “Friends” (2020) និង “Dis-ease” (2020) ។ ក្រោយមកបទ “Friends” ត្រូវបានប្រើប្រាស់សម្រាប់ភាពយន្ត “Eternals” ដែលជាបទចម្រៀងកូរ៉េដំបូងគេដែលត្រូវបានបញ្ចូលក្នុងភាពយន្ត Marvel ។

សមត្ថភាពរបស់គេត្រូវបានបញ្ចេញកាន់តែច្រើនតាមរយៈអាល់ប៊ុមទោលដំបូងរបស់ខ្លួនមានឈ្មោះថា “Face” ដោយរូបគេបានចូលរួមក្នុងការតែងនិពន្ធបទភ្លេង និងទំនុកច្រៀងនៃបទទាំងប្រាំមួយ។ អាល់ប៊ុម “Face” បានចេញក្នុងខែមីនា ឆ្នាំ២០២៣ ហើយលក់ដាច់ជាង 1.45 លានបន្ទះ ដែលបង្កើតកំណត់ត្រាថ្មីសម្រាប់អាល់ប៊ុមលក់ដាច់បំផុតដោយតារាទោលកូរ៉េ។ បទចម្រៀងនាំមុខ “Like Crazy” បានឡើងដល់ចំណាត់ថ្នាក់លេខ ១ក្នុងតារាង Billboard Hot 100 ដែលជាលើកទីមួយផងដែរសម្រាប់តារាទោលកូរ៉េ។

មុន​ចេញអាល់ប៊ុមទោល​មិន​យូរ​ប៉ុន្មាន Jimin ក៏​បាន​រួមសហការ​ជាមួយតារាជើងចាស់ Taeyang ​ក្រុម Big Bang ដើម្បី​ចេញ​បទ “Vibe” ដែលទទួលបានការចាប់អារម្មណ៍ទាំងក្នុង និងក្រៅប្រទេសកូរ៉េ។

គិតត្រឹមឆ្នាំ ២០២៣ Jimin គឺជាទូតផ្សព្វផ្សាយសកលសម្រាប់ម៉ាកយីហោប្រណីត Dior និង Tiffany & Co.។

* Jimin បានជាប់កំណត់ត្រាពិភពលោក Guinness ក្នុងនាមជាតារាទោលកូរ៉េដែលមានអ្នកស្ដាប់ចម្រៀងដល់មួយពាន់លានដងលឿនបំផុតនៅលើ Spotify ដោយចំណាយពេល ៣៩៣ ថ្ងៃ Jimin និងបំបែកកំណត់ត្រាចាស់របស់មិត្តរួមក្រុម Jungkook ចំនួន ១៦ ថ្ងៃ។

* Jimin ត្រូវបានគេស្គាល់ផងដែរសម្រាប់ការបរិច្ចាគជាច្រើនរបស់គេទៅកាន់អង្គការសប្បុរសធម៌។ ក្នុងនោះ គេបានបរិច្ចាគ ១០០ លានវ៉ុនដល់អង្គការ ChildFund Korea, កម្មវិធីលុបបំបាត់ជំងឺស្វិតដៃជើងរបស់អង្គការ Rotary International និងជំនួយសង្គ្រោះសម្រាប់ការរញ្ជួយដី Türkiye-Syria ក៏ដូចជាការបរិច្ចាគទៅការិយាល័យអប់រំនៃទីក្រុង Busan, South Jeolla និង Gangwon ជាដើម។

V

កើតនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ១៩៩៥ នៅទីក្រុង Daegu, V (ឈ្មោះពិត Kim Tae-hyung) គឺជាអ្នកចម្រៀងរង និងជាអ្នករាំរបស់ក្រុម BTS ។ គេគឺជាសមាជិកដែលត្រូវបានបង្ហាញមុខក្រោយគេ ពោលគឺត្រឹមតែ ១១ ថ្ងៃប៉ុណ្ណោះមុនពេលការបង្ហាញខ្លួនដំបូងរបស់ក្រុម។

ក្នុងឆ្នាំ ២០១៦ គេបានសម្ដែងរឿងដំបូងនៅក្នុងភាពយន្តភាគ KBS “Hwarang: The Poet Warrior Youth” ហើយ V និង Jin ក៏​បាន​សហការ​គ្នា​ក្នុង​បទ “It’s Definitely You” ដែលជា​បទ​ចម្រៀង​សម្រាប់​​រឿង​នេះ។ ថ្វីត្បិតតែមិនបានទទួលសម្ដែងរឿងបន្ថែមទៀតក៏ដោយ តែមកដល់បច្ចុប្បន្ន V នៅតែជាសមាជិក BTS តែម្នាក់គត់ដែលមានបទពិសោធន៍សម្ដែងជាផ្លូវការ។

នៅក្នុងវិស័យម៉ូដ V ក៏មានភាពលេចធ្លោខ្លាំងដែរ ជាពិសេសរាល់​ពេល​ដែលគេ​ចូល​រួម​កម្មវិធី​បង្ហាញម៉ូដម្ដងៗគឺតែងតែទទួលការចាប់អារម្មណ៍ច្រើន ជាក់ស្ដែងដូចជាកម្មវិធីបង្ហាញម៉ូដសម្លៀក​បំពាក់​បុរស Celine’s Spring/Summer 2023 នៅ​ទីក្រុង​ប៉ារីស ដែលរូបគេបានចូលរួមជាមួយ Lisa សមាជិក​ក្រុម Blackpink និង​តារា​សម្ដែង Park Bo-gum។​ នៅក្នុងខែនោះពាក្យ #TAEHYUNG × Celine បានក្លាយជា hashtag ដែលត្រូវបាន tweet ច្រើនជាងគេ ហើយ V ក៏បានក្លាយជាទូតផ្សព្វផ្សាយសកលរបស់ប្រេនសម្លៀកបំពាក់ Celine និងជាទូតផ្សព្វផ្សាយសម្រាប់ក្រុមហ៊ុនហិរញ្ញវត្ថុឥណ្ឌូនេស៊ី Sinarmas Sekuritas ផងដែរ។

បច្ចុប្បន្ននេះ V និង Jungkook គឺជាសមាជិក BTS ពីរនាក់គត់ដែលមិនទាន់បានចេញបទអាល់ប៊ុមទោលជាផ្លូវការនៅឡើយ។ ដោយសារផែនការចេញបទចម្រៀងទោលរបស់ Jungkook ក្នុងឆ្នាំនេះត្រូវបានប្រកាស ដូច្នេះ V ត្រូវបានគេរំពឹងថានឹងក្លាយជាសមាជិកចុងក្រោយដែលចេញអាល់ប៊ុមទោល។

* ជាមួយអ្នកតាមដានចំនួន 59.7 លាននាក់ V បានក្លាយជាតារាកូរ៉េអ្នកតាមដានច្រើនជាងគេលើ Instagram និងមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងវិស័យម៉ូដ។

Jungkook

កើតនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ១៩៩៧ នៅទីក្រុងប៊ូសាន Jungkook (ឈ្មោះពិត Jun Jung-kook) គឺជាអ្នកចម្រៀងសំខាន់ អ្នករាំនាំមុខ និងជាអ្នករ៉េបរងរបស់ BTS ។ គេ​គឺ​ជា​សមាជិក​ក្មេង​បំផុត​ក្នុង​ក្រុម​ដែល​មាន​រហស្សនាម​ថា “Golden maknae” ឬកូនពៅមាសក្នុងក្រុម។

មិន​ទាន់​ចេញ​បទ​អាល់ប៊ុមទោល​ជា​ផ្លូវ​ការ​នៅ​ឡើយ​ប៉ុន្តែ​ Jungkook បានទទួល​ជោគជ័យយ៉ាងលើសលប់​សម្រាប់​គម្រោងចម្រៀងនីមួយៗរបស់គេកន្លងមក។ គេបានច្រៀងបទ “Stay Alive” (ចេញឆ្នាំ ២០២២) ដែលជាបទផលិតដោយ Suga សម្រាប់ប្រលោមលោកអនឡាញ “7Fates: Chakho” (2022-23)។ ក្នុងឆ្នាំ ២០២២ គេបានសហការជាមួយតារាប៉ុបអាមេរិក Charlie Puth សម្រាប់បទ “Left and Right” ដែលបានឡើងដល់ចំណាត់ថ្នាក់លេខ ២២ នៅលើតារាង Billboard Hot 100។ គេក៏បានចេញបទចម្រៀងទោលផងដែរ រួមមានបទ “Still With You” (ឆ្នាំ២០២០) និងបទ “My You” (ឆ្នាំ២០២២)។

នៅខែវិច្ឆិកា ឆ្នាំ ២០២២ Jungkook បានចេញបទ “Dreamers” ដែលជាបទចម្រៀងផ្លូវការមួយសម្រាប់ FIFA World Cup Qatar 2022 និងបានឡើងសម្តែងនៅក្នុងពិធីបើកព្រឹត្តិការណ៍នេះ ជាមួយតារាចម្រៀងកាតា Fahad Al Kubaisi ។ ភាពស៊ីសង្វាក់គ្នារវាងអារម្មណ៍ K-pop និងព្រឹត្តិការណ៍កីឡាអន្តរជាតិបាននាំឱ្យ បទ “Dreamers” ក្លាយជាកំពូលបទចម្រៀងពេញនិយមរបស់ Billboard និងតារាងចម្រៀងកំពូលសកលប្រចាំសប្តាហ៍របស់ YouTube ។

ផលិតកម្មរបស់ BTS បាននិយាយនៅដើមខែមិថុនានេះថា អាល់ប៊ុមទោលរបស់ Jungkook ត្រូវបានកំណត់ថានឹងចេញក្នុងពេលណាមួយក្នុងឆ្នាំនេះ ប៉ុន្តែកាលបរិច្ឆេទជាក់លាក់មិនទាន់ត្រូវបានកំណត់ពេលនៅឡើយទេ។

* តាមរយៈបទចម្រៀងជាច្រើនបទខាងលើបានធ្វើឱ្យ Jungkook បានកាន់កាប់តំណែងជាតារាកូរ៉េដែលមានអ្នកស្ដាប់ចម្រៀងដល់មួយពាន់លានដងនៅលើ Spotify លឿនបំផុតបើទោះបីជាមិនទាន់មានអាល់ប៊ុមទោលជាផ្លូវការ មុនពេលមិត្តរួមក្រុម Jimin បានបំបែកកំណត់ត្រានេះ។

* Jungkook បានក្លាយជាទូតផ្សព្វផ្សាយសកលសម្រាប់ម៉ាកសម្លៀកបំពាក់ Calvin Klein ចាប់តាំងពីខែមីនា។ នៅ​ថ្ងៃ​ដែល​ដំណឹង​នេះ​បាន​បែក​ធ្លាយ ក្រុមហ៊ុន Calvin Klein ​បាន​ទទួល​អ្នក​តាមដានលើ Twitter មួយ​លាន​នាក់​បន្ថែម​ ហើយ​តម្លៃ​ហ៊ុន​បាន​កើន​ឡើង ២០ ភាគរយ។

* ក្នុងខែមេសា Jungkook បានបរិច្ចាគ ១ ពាន់លានវ៉ុន ឬ ៧៨ម៉ឺនដុល្លារទៅកាន់មន្ទីរពេទ្យកុមារនៃសាកលវិទ្យាល័យជាតិសេអ៊ូល សម្រាប់កុមារ និងគ្រួសារដែលត្រូវការជំនួយ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ