មានតារាចម្រៀងស្រីម្នាក់ ដែលប្រជាជនទូទាំងពិភពលោកសុទ្ធតែស្គាល់នាង។ នាងបានឡើងដល់ចំណុចកំពូលភ្លាមៗតាំងពីចូលសិល្បៈដំបូង។ ក្នុងសម័យដែលអ៊ិនធឺណិតមិនទាន់រីកសុសសាយ ពាណិជ្ជកម្មស្ទើរតែគ្រប់ផលិតផលសុទ្ធតែជួលនាងឱ្យផ្សព្វផ្សាយ ហើយក្មេងៗជំនាន់ឆ្នាំ២០០០ស្ដើង សុទ្ធតែធ្លាប់ស្ដាប់បទចម្រៀងរបស់នាង។ នាងគឺ Britney Spears។ អាល់ប៊ុមចម្រៀងរបស់នាងអាចលក់បាន ១០០លានបន្ទះជុំវិញពិភពលោក។ ប៉ុន្តែក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ព័ត៌មានអវិជ្ជមានពាក់ព័ន្ធ Britney បែរជាមានច្រើនទៅៗ មិនថាព័ត៌មានថានាងខូចសតិ ឬខូចរាង បាត់សម្រស់ ឬរឿងផ្សេងៗ។

នៅឆ្នាំ ២០២១ សារព័ត៌មាន New York Times បានផលិតភាពយន្តឯកសារមានចំណងជើងថា “Framing Britney Spears” ដែលបានលាតត្រដាងជោគជតាគួរឱ្យសង្វេគរបស់ Britney Spears ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ហើយក្នុងថ្ងៃនេះ A.M.S នឹងបង្ហាញថាតើមានរឿងអ្វីកើតឡើងឱ្យប្រាកដចំពោះ Super Star លំដាប់ពិភពលោករូបនេះ?
ប្រវត្តិសង្ខេប
Britney Spears បានកើតកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨១ នៅទីក្រុង McComb រដ្ឋ Mississippi សហរដ្ឋអាមេរិក ឪពុកឈ្មោះ Jamie Spears ជាអ្នកម៉ៅការសំណង់ ម្ដាយឈ្មោះ Lynne ជាគ្រូបង្រៀន។ Britney គឺជាកូនទីពីរក្នុងគ្រួសារ។ នាងមានបងប្រុសអាយុច្រើនជាងនាង ៤ឆ្នាំម្នាក់ និងមានប្អូនស្រីអាយុតិចជាងនាងរហូតដល់ ១០ឆ្នាំម្នាក់ទៀត។
Britney ក្នុងវ័យកុមារតែងតែតាមឪពុកម្ដាយទៅសូត្រធម៌នៅព្រះវិហាររៀងរាល់សប្ដាហ៍ រហូតដល់នៅពេលអាយុ ៥ឆ្នាំ នាងក៏បានច្រៀងចម្រៀងក្នុងព្រះវិហារជាលើកដំបូង។ ក្នុងទីក្រុងតូចមួយនោះ ស្ទើរតែគ្មានអ្នកណាមិនធ្លាប់ស្គាល់ក្មេងស្រីតូចគួរឱ្យស្រលាញ់ម្នាក់នេះឡើយ គ្រាន់តែកាលនោះ ប្រហែលជាគ្មានអ្នកណាគិតនោះទេថា ក្មេងស្រីម្នាក់នេះនឹងមានឈ្មោះល្បីទូទាំងពិភពលោកនាពេលអនាគត។


នៅឆ្នាំ១៩៨៩ ម្ដាយរបស់ Britney បាននាំកូនស្រីទៅតាមចាប់ក្ដីស្រមៃដ៏ស្រស់ស្អាតរបស់ខ្លួននៅទីក្រុង Atlanta ដោយបានចូលប្រកួត Audition កម្មវិធី “The Mickey Mouse Club” ដែលជាកម្មវិធីរបស់ប៉ុស្តិ៍ Disney។ បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់រយៈពេល ៣ឆ្នាំនោះ Britney នៅអាយុ ១១ឆ្នាំក៏បានក្លាយជាសមាជិកផ្លូវការរបស់កម្មវិធី The Mickey Mouse Club នៅឆ្នាំ១៩៩២ ព្រមទាំងចាប់ផ្ដើមចេញច្រៀង សម្ដែង និងចេញមុខតាមកម្មវិធីទូរទស្សន៍ទូទាំងប្រទេស។


នៅឆ្នាំ១៩៩៣ កម្មវិធី The Mickey Mouse Club ក៏បានបិទ ដូច្នេះហើយ Britney ក៏បានត្រលប់ទៅផ្ទះវិញនិងចូលរៀននៅសាលាមធ្យមសិក្សាទូទៅ។ ប៉ុន្តែទោះយ៉ាងណា មិនបានប៉ុន្មាន ដោយសារមិនអាចបំភ្លេចភាពសប្បាយរីករាយនៅលើឆាកបាន Britney ក៏បានត្រលប់មកឆាកតន្ត្រីម្ដងទៀត ដោយនៅឆ្នាំ១៩៩៦ នាងបានចុះកិច្ចសន្យាជាសិល្បកររបស់ផលិតកម្ម Jive Record ហើយនៅឆ្នាំ១៩៩៩ Britney ក៏បានចេញអាល់ប៊ុមដំបូងមានចំណងជើងថា “Baby One More Time” ដែលអាចលក់ដាច់បានរហូតដល់ ២៥លានបន្ទះ។ រូបភាពក្មេងស្រីសិចស៊ីក្នុងឈុតសិស្សសាលា និងក្បាច់រាំយ៉ាងរស់រវើករបស់ Britney ក្នុង MV នេះក៏បានក្លាយជាស្ទីលពេញនិយមសម្រាប់អ្នកដែលមានវ័យស្រករនាង។ ចំណែកអ្នកដែលមានអាយុច្រើនជាងនេះបន្តិច ក៏សុទ្ធតែនឹកឃើញអនុស្សាវរីយ៍កាលវ័យជំទង់នៅពេលដែលបានស្ដាប់បទចម្រៀងរបស់ Britney។ ការបង្ហាញខ្លួនរបស់ Britney ក្នុងយុគសម័យដែលក្រុមចម្រៀងបុរសកំពុងមានការពេញនិយមគឺជាអ្វីដែលលើសការរំពឹងទុក និងដក់ជាប់ក្នុងអារម្មណ៍របស់មនុស្សគ្រប់គ្នា។
នៅឆ្នាំ២០០០ Britney Spears បានចេញអាល់ប៊ុមទី ២ មានចំណងជើងថា “Oops!… I Did It Again” ដែលអាចលក់ដាច់បានរហូតដល់ ១,៣ លានបន្ទះនៅសប្ដាហ៍ដំបូង។ មិនតែប៉ុណ្ណោះ ការប្រគំតន្ត្រីទេសចរណ៍ទូទាំងអឺរ៉ុបរបស់ Britney ក្នុងខែតុលា ឆ្នាំតែមួយនោះ លោក Tony Blair ជានាយករដ្ឋមន្ត្រីរបស់អង់គ្លេសក៏បានមកចូលទស្សនាការប្រគំតន្ត្រីរបស់នាងដែរ។
ជីវិតស្នេហាដែលមិនសមប្រកប
នៅឆ្នាំ២០០០ Britney ដែលកំពុងមានជីវិតរុងរឿងលើវិថីសិល្បៈក៏ចាប់ផ្ដើមមានស្នេហា ហើយសង្សាររបស់នាងគឺតារាចម្រៀងរូបសង្ហា Justin Timberlake។ យ៉ាងណាមិញ ស្នេហារបស់នាងលើកនេះ រួមទាំងស្នេហាក្រោយៗបន្តមកទៀតបែរជាមិនមែនរង្វាន់សម្រាប់ជីវិត Britney Spears សូម្បីតែបន្តិច។ ផ្ទុយទៅវិញ ទំនាក់ទំនងទាំងនោះបែរជាជះឥទ្ធិពលយ៉ាងអាក្រក់ដល់ អាជីព រួមទាំងផ្លូវចិត្តរបស់នាង។


Britney Spears និង Justin Timberlake ធ្លាប់ស្គាល់គ្នាតាំងពីធ្វើកម្មវិធី The Mickey Mouse Club ហើយដោយសារតែអ្នកទាំងពីរអាយុស្របាលគ្នា និងសុទ្ធតែមានសម្រស់ស្រស់ស្អាត ស្រស់សង្ហាដូចគ្នា ធ្វើឱ្យមានមតិជាច្រើនលើកឡើងថាសមគ្នា។ ក្នុងខណៈពេលនោះដែរ មហាជននៅតែចូលចិត្តយកភាពសិចស៊ី និងចរិតកូនក្មេងរបស់ Britney Spears មកនិយាយជារឿយៗ រហូតដល់ថ្នាក់ពេលមួយនាងត្រូវបានគេសួរក្នុងកម្មវិធីផ្សាយផ្ទាល់ថា “តើនាងនៅបរិសុទ្ធឬអត់?” ពេលនោះ Britney ឆ្លើយថា “ខ្ញុំនៅបរិសុទ្ធទេ ហើយខ្ញុំនឹងមិនរួមភេទជាមួយអ្នកណាឡើយរហូតដល់រៀបការ”។
ទោះយ៉ាងណា ទំនាក់ទំនងស្នេហារបស់ Justin និង Britney ក៏បានបញ្ចប់ទាំងមិនទាន់ដល់ ៣ឆ្នាំ ហើយបន្ទាប់ពីនោះ Britney ក៏ត្រូវបានសង្គមចោទប្រកាន់ថាជាមនុស្សស្រីសាវ៉ា ទាំងដែលគ្មាននរណាម្នាក់បានដឹងអំពីមូលហេតុពិតប្រាកដដែលធ្វើឱ្យពួកគេបែកគ្នានោះឡើយ។ ប៉ុន្តែអ្វីដែលធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរនោះ គឺបន្ទាប់ពីបែកគ្នា Justin Timberlake បែរជាចេញបទចម្រៀងដែលមានអត្ថន័យបង្ហាញពីមនុស្សស្រីក្បត់ ហើយតួស្រីនៅក្នុង MV ក៏មានមុខមាត់ស្រដៀង Britney Spears ទៀត ធ្វើឱ្យមហាជន និងអ្នកសារព័ត៌មាននាំគ្នាវាយប្រហារ Britney Spears គ្រប់ៗគ្នា ដោយគិតថាភាពមិនស្មោះត្រង់របស់នាងជាមូលហេតុធ្វើឱ្យទំនាក់ទំនងពួកគេត្រូវបញ្ចប់។ ក្រោយមកទៀត Justin Timberlake ថែមទាំងនិយាយនៅក្នុងកម្មវិធីវិទ្យុថា គេធ្លាប់បានគេងជាមួយ Britney Spears រួចហើយ ដែលចម្លើយនេះគឺផ្ទុយស្រលះពីអ្វីដែល Britney Spears ធ្លាប់អះអាងកន្លងមក ធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាងត្រូវធ្លាក់ចុះមួយកម្រិតទៀត។ បើទោះជារងព្យុះភ្លៀងបែបនេះក្ដី ប៉ុន្តែ Britney Spears មិនដែលនិយាយអ្វីអាក្រក់ពាក់ព័ន្ធនឹង Justin Timberlake ឡើយសូម្បីមួយម៉ាត់។


នៅខែមករា ឆ្នាំ២០០៤ Britney Spears បានរៀបការជាមួយ Jason Alexander ដែលធ្លាប់ជាមិត្តភ័ក្ដិគ្នាតាំងពីនៅក្មេង ប៉ុន្តែក៏បានលែងលះគ្នាវិញយ៉ាងលឿនដូចផ្លេកបន្ទោរ ពោលគឺក្រោយរៀបការបាន ៥៥ម៉ោងប៉ុណ្ណោះ ហើយនៅពេលលែងលះ Jason ថែមទាំងទទួលបានសំណង ៤លានដុល្លារពី Britney Spears ទៀតផង។ ច្រើនឆ្នាំកន្លងផុត Jason ក៏បានរំឭកអំពីអាពាហ៍ពិពាហ៍ជាមួយ Britney ក្នុងបទសម្ភាសមួយថា មូលហេតុដែលអាពាហ៍ពិពាហ៍ពួកគេត្រូវបញ្ចប់គឺដោយសារតែម្ដាយរបស់ Britney Spears បង្ខំឱ្យពួកគេលែងលះ។ បើសិនរឿងនេះគឺជាការពិត នោះក៏អាចបង្ហាញថាឪពុកម្ដាយរបស់ Britney Spears បានលូកកកាយ និងរំខានជីវិតកូនស្រីតាំងពីពេលនោះម្ល៉េះ។


នៅខែតុលា ឆ្នាំ២០០៤ Britney Spears បានរៀបការជាលើកទីពីរជាមួយ Kevin Federline ដែលជាអ្នករាំរបស់ខ្លួន។ ខណៈពេលដែលពួកគេនៅជាគូដណ្ដឹង សង្សារចាស់របស់ Kevin គឺកំពុងពពោះកូនទីពីររបស់ Kevin នៅឡើយ ប៉ុន្តែ Britney និយាយថានាងកំពុងត្រូវការសេចក្ដីស្នេហាមែនទែនហើយ។ នាងចង់កសាងគ្រួសាររបស់ខ្លួនឱ្យបានឆាប់បំផុត។

រយៈពេលមួយឆ្នាំក្រោយរៀបការ Britney Spears ក៏បានផ្ដល់កំណើតឱ្យកូនប្រុសដំបូងរបស់ពួកគេ។ ការជ្រើសរើសរៀបការមានកូនក្នុងខណៈពេលដែលអាជីពកំពុងឡើងដល់ចំណុចកំពូល ចាត់ទុកថាជាការសម្រេចចិត្តដ៏ក្លាហានដែលគ្មានអ្នកប្រៀបបានរបស់ Britney Spears។ ក៏ប៉ុន្តែគួរឱ្យស្ដាយ Kevin បុរសដែលនាងចង់ផ្ញើជីវិតជាមួយនោះបែរជាមនុស្សប្រុសដែលមិនអាចពឹងពាក់បានសោះឡើយ។ បន្ទាប់ពីរៀបការ Kevin ក្លាយជាមនុស្សញៀនស្រាផង ញៀនបារីផង ដើរលេងដល់ យប់ជ្រៅៗក៏មិនចូលផ្ទះ មិនព្រមធ្វើការធ្វើងារ ចាំតែបង្ហិនលុយរបស់ Britney ថែមទាំងលួចមានស្រីនៅខណៈដែល Britney កំពុងមានផ្ទៃពោះទៀត។


តាំងពីពេលនោះ បណ្ដាសារព័ត៌មានក៏ចាប់ផ្ដើមជីកកកាយរឿងមិនល្អរបស់ Britney Spears យកមកសរសេរយ៉ាងសប្បាយដៃ។ មានពេលមួយ Britney Spears ដែលកំពុងមានផ្ទៃពោះកូនទី២ បានចេញទៅទិញកាហ្វេ តែបែរជាត្រូវអ្នកសារព័ត៌មានលើកទ័ពដេញតាមរហូតនាងត្រូវប្រញាប់ប្រញាល់ឡើងឡានបើកចេញទៅភ្លាមៗដោយដាក់កូនប្រុសដំបូងនៅលើភ្លៅ។ បន្ទាប់ពីរូបភាពនេះបែកធ្លាយ ក៏មានព័ត៌មានរិះគន់ពីការចិញ្ចឹមកូនបែបធ្វេសប្រហែសរបស់ Britney Spears សព្វសារពើ។ កាសែតមួយចំនួនថែមទាំងចុះផ្សាយថា Britney មិនស្រលាញ់កូនទាំងពីរឡើយ និងគិតថាកូនទាំងពីរគឺជាកំហុសធំបំផុតក្នុងជីវិតនាង។ ព័ត៌មានកាន់តែរសើប គឺរកចំណូលឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងនោះកាន់តែច្រើន ខណៈរូបភាពបែបអវិជ្ជមានរបស់ Britney នៅពេលនោះគឺអាចលក់បានរហូតដល់ ១លានដុល្លារ។



នៅឆ្នាំ២០០៦ រយៈពេលប៉ុន្មានសប្ដាហ៍បន្ទាប់ពីឆ្លងទន្លេកូនទីពីរ Britney Spears ក៏បានដាក់ពាក្យប្ដឹងលែងលះជាមួយ Kevin។ បន្ទាប់ពីលែងលះគ្នាដាច់ស្រេច នៅឆ្នាំ២០០៧ អ្នកទាំងពីរក៏ចាប់ផ្ដើមសង្គ្រាមដណ្ដើមសិទ្ធិចិញ្ចឹមកូនទាំងពីរ។ អ្នកស្រី Lynne ដែលជាម្ដាយរបស់ Britney Spears បាននិយាយថាបន្ទាប់ពីសម្រាលកូនទីពីរ Britney Spears ក៏មានជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូនកម្រិតធ្ងន់ ប៉ុន្តែបណ្ដាសារព័ត៌មាននៅតែខាំនាងមិនលែង។ ឱ្យតែ Britney ហ៊ានឈានជើងចេញពីផ្ទះកាលណា នាងនឹងត្រូវគេថតរូបបានគ្រប់ជំហាន។ នាងលែងនៅសល់ជីវិតឯកជនអ្វីឡើយ។ នៅក្នុងបទសម្ភាសន៍មួយ Britney បាននិយាយថា ក្ដីប្រាថ្នាធំបំផុតរបស់នាងគឺសុំឱ្យសារព័ត៌មានទុកពេលវេលាឱ្យនាងរស់នៅយ៉ាងស្ងប់សុខខ្លះផង។


នៅខែមករា ឆ្នាំ២០០៧ Sandra Covington ជាអ៊ំស្រីនិងជាសមាជិកគ្រួសារដែលស្និទ្ធស្នាលជាមួយ Britney Spears បានស្លាប់ដោយសារជំងឺមហារីក។ បញ្ហាក្នុងគ្រួសារ រួមទាំងភាពអស់សង្ឃឹមជាច្រើនក្នុងជីវិតធ្វើឱ្យផ្លូវចិត្តរបស់ Britney Spears ត្រូវញាំញីខ្លាំងបំផុត។ រយៈពេលមួយខែក្រោយមក Britney Spears បានកោរសក់របស់ខ្លួនចេញដល់អស់រលីង។ ខណៈពេលនោះ នាងអាចនឹងគ្រាន់តែត្រូវការចាប់ផ្ដើមជីវិតថ្មី ប៉ុន្តែមតិវាយប្រហារចំពោះការកោរសក់លើកនេះគឺពិតជាច្រើនលើសការរំពឹងទុក ព្រោះក្រោយមកកាសែត និងទស្សនាវដ្ដី Gossip ផ្សេងៗក៏បានចេញផ្សាយរូបភាពរបស់នាងជាមួយចំណងជើងបែបអវិជ្ជមានៗដូចជា “Britney ឆ្កួតហើយ” “Britney ឡប់សតិ”… ដែលក្លាយជាប្រធានបទក្ដៅគគុក និងធ្វើឱ្យប៉ះពាល់ដល់ការទាមទារសិទ្ធិចិញ្ចឹមកូនរបស់នាងថែមទៀត។
កំឡុងពេលនោះ Kevin ជាអតីតស្វាមី មិនព្រមអនុញ្ញាតឱ្យ Britney ជួបកូនឡើយ។ Britney បានមកសុំអង្វរដល់មុខផ្ទះរបស់អតីតស្វាមី ដោយសង្ឃឹមថាអាចជួបមុខកូនបន្តិច ប៉ុន្តែ Kevin នៅតែមិនព្រមបើកទ្វាររបង។ នៅតាមផ្លូវត្រលប់មកផ្ទះវិញ Britney ដែលកំពុងមានអារម្មណ៍បាក់ទឹកចិត្តក៏ត្រូវក្រុមអ្នកប្រមាញ់រូបថតហែរហមដេញតាម។ ដោយសារទ្រាំលែងបានមែនទែន នៅលើកនេះនាងក៏យកឆត្រទៅវាយឡានរបស់ក្រុមអ្នកថតរូប ហើយច្បាស់ណាស់រូបភាពទាំងនោះក៏បានក្លាយជាព័ត៌មានដែលល្បីសុសសាយម្ដងទៀតនៅព្រឹកស្អែក។



Britney Spears ក្នុងចិត្តរបស់មហាជនពេលនេះគឺបានក្លាយជា “The Madwoman in the Attic” ច្រើនជាងជាអាយដលរបស់មនុស្សទូទាំងប្រទេស។ មានការសន្និដ្ឋានផងដែរថា ព័ត៌មានអវិជ្ជមានទាំងនេះបានរួមចំណែកធ្វើឱ្យ Britney Spears ត្រូវបាត់បង់សិទ្ធិចិញ្ចឹមកូនទាំងពីរនៅខែតុលា ឆ្នាំ២០០៧ ហើយនៅខែមករា ឆ្នាំ២០០៨ ក៏ត្រូវដកសិទ្ធិមិនឱ្យទៅលេងកូនថែមទៀត។
បាក់ទឹកចិត្តធ្ងន់ធ្ងរ និងការចូលមកគ្រប់គ្រងរបស់ឪពុក
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៨ Britney Spears ត្រូវបានគេចាប់បញ្ជូនទៅមណ្ឌលអប់រំកែប្រែដោយសារការប្រើប្រាស់ថ្នាំលើសកម្រិត។ ក្នុងខណៈដែលនាងស្ថិតក្នុងមណ្ឌលកែប្រែ Jamie Spears ជាឪពុករបស់នាងក៏បានដាក់ពាក្យស្នើទៅតុលាការរហូតទទួលបានសិទ្ធិជាអាណាព្យាបាលបណ្ដោះអាសន្ន (Conservator) ហើយនៅខែតុលា ឆ្នាំ២០០៨ “អំណាចជាអាណាព្យាបាលបណ្ដោះអាសន្ន” ក៏បានប្ដូរមកជា “អំណាចអាណាព្យាបាលអចិន្ត្រៃយ៍”។ មែនទែនទៅ អំណាចជាអាណាព្យាបាលបែបនេះត្រូវបានគេប្រទះឃើញតិចតួចខ្លាំងណាស់នៅសហរដ្ឋអាមេរិក ដោយអំណាចជាអាណាព្យាបាលតាមផ្លូវច្បាប់សម្រាប់អ្នកដែលហួសអាយុ ១៨ឆ្នាំហើយនោះ ជាទូទៅត្រូវបានប្រើតែសម្រាប់មនុស្សចាស់ដែលមិនអាចមើលថែខ្លួនឯងបានប៉ុណ្ណោះ ដូចជាមិនអាចហូបអាហារបានខ្លួនឯង មិនអាចស្លៀកសម្លៀកបំពាក់ខ្លួនឯង ឬមានសតិមិនប្រក្រតី។

ក៏ប៉ុន្តែ Britney នៅពេលនោះមានអាយុត្រឹមតែ ២៦ឆ្នាំប៉ុណ្ណោះ បើទោះបីជាមានបញ្ហាផ្លូវចិត្ត ក៏មិនមែនធ្ងន់ធ្ងរដល់ថ្នាក់មើលថែខ្លួនឯងមិនកើតដែរ ប៉ុន្តែតុលាការនៅតែផ្ដល់អំណាចឱ្យ លោក Jamie ធ្វើជាអ្នកឃុំគ្រងជីវិតរបស់ Britney រហូតមក។ ដំបូងឡើយ អាចនិយាយបានថាការចូលមកគ្រប់គ្រងរបស់ឪពុកបានជួយជីវិត Britney ឱ្យប្រសើរឡើងបានមួយកម្រិត។ បើទោះជាកំពុងស្ថិតក្នុងស្ថានភាពផ្លូវចិត្តយ៉ាប់យ៉ឺនបំផុត ប៉ុន្តែសមត្ថភាពការងាររបស់ Britney Spears បែរជាមិនមានផលប៉ះពាល់ឡើយសូម្បីតែបន្តិច។


តាមរយៈការជួយ និងច្បាប់ទម្លាប់របស់ឪពុកនាង ធ្វើឱ្យ Britney អាចចេញអាល់ប៊ុម Piece of Me បាននៅឆ្នាំ២០០៨ និងបានទទួលពាន រង្វាន់ Best Female Video, Best Pop video និង Video of the Year ពីកម្មវិធីពានរង្វាន់ MTV នៅឆ្នាំនោះ។ ក្រោមការគ្រប់គ្រងមើលថែពីឪពុក គួបផ្សំជាមួយការព្យាបាលផ្លូវចិត្តធ្វើឱ្យគ្រប់គ្នាអាចមើលឃើញ Britney ត្រលប់មកសភាពធម្មតាដូចដើមជាថ្មី។ Britney ផ្ទាល់ក៏សង្ឃឹមដូចគ្នាថានាងនឹងទទួលបានការទទួលស្គាល់ពីតុលាការ និងបានទទួលសិទ្ធិអំណាចមើលថែទាំកូនមួយចំណែកសម្រាប់រូបនាង។ ប៉ុន្តែអ្វីដែលនាងនឹកស្មានមិនដល់នោះគឺនៅមានព្យុះភ្លៀងធំមួយមេទៀតកំពុងរង់ចាំនាងនាពេលខាងមុខ ដោយសារសេរីភាពក្នុងជីវិតរបស់នាងរួមទាំងទ្រព្យសម្បត្តិទាំងអស់គឺត្រូវប្រគល់ឱ្យឪពុក និងមេធាវីមានឈ្មោះថា Andrew M. Wallet មើលថែជំនួសតាមសេចក្ដីបង្គាប់របស់តុលាការ។
Britney Spears មិនត្រូវបានអនុញ្ញាតឱ្យចេញពីផ្ទះតែម្នាក់ឯង មិនអាចសម្រេចចិត្តដោយខ្លួនឯងថានឹងត្រូវជួបអ្នកណា ឬធ្វើអ្វីឯកឯងបានឡើយ ពោលគឺត្រូវមានអង្គរក្សការពារ២៤ម៉ោង។ ឪពុកនាងមានអំណាចក្នុងការត្រួតពិនិត្យរឿងឯកជនរបស់នាងគ្រប់យ៉ាងរួមទាំងប្រវត្តិព្យាបាលរបស់នាង អាចនិយាយប្រឹក្សាជាមួយពេទ្យជំនួសនាង និងអាចចាត់ចែងការងារសម្ដែង និងការងារ ទាំងអស់របស់នាងបាន។


ក្នុងពេលវេលាជាច្រើនឆ្នាំដែលនាងស្ថិតក្រោមអំណាចគ្រប់គ្រងនេះ Britney មិនដែលបានសម្រាកពេញលេញនោះឡើយ ប៉ុន្តែនាងបែរជាត្រូវធ្វើការឥតឈប់ឈរដូចជាគ្រឿងយន្ត។ មានអ្នកគាំទ្រម្នាក់ធ្លាប់បូកសរុបការសម្ដែង និងស្នាដៃការងារនាងក្នុងអំឡុងពេលនោះ រកឃើញថានាងបានចេញអាល់ប៊ុមចម្រៀង ៤អាល់ប៊ុម រៀបចំការប្រគំតន្ត្រីទេសចរណ៍ពិភពលោក ៣លើក ការប្រគំតន្ត្រី Residency នៅ Las Vegas ៤លើក ធ្វើជាគណៈកម្មការកម្មវិធី X-Factor ចេញលក់ទឹកអប់ជាច្រើនប្រេន រួមទាំងប្រេនខោអាវទ្រនាប់ ដែលប្រាក់ចំណូលជាមធ្យមរបស់នាងគឺអាចបានរហូតដល់ ១៣៨លានដុល្លារ ប៉ុន្តែទ្រព្យសម្បត្តិដែលត្រូវបានលាតត្រដាងជាសាធារណៈមានត្រឹមតែ ៦០លានដុល្លារប៉ុណ្ណោះ។ សារព័ត៌មានមួយចំនួនបានអះអាងថា ទ្រព្យសម្បត្តិភាគច្រើនរបស់ Britney ត្រូវបាន Jamie ដែលជាឪពុកកិបកេងទុក។ លើសពីនេះ Britney Spears ត្រូវបែងចែកប្រាក់ ១,៥% នៃប្រាក់ចំណូលទាំងអស់របស់ខ្លួនជាសគុណតបស្នងដល់ឪពុកថែមទៀតផង។
ក្រោយបណ្ដាញសង្គមចាប់ផ្ដើមពេញនិយម Britney Spears ក៏បានបើកគណនីផ្ទាល់ខ្លួនផ្សេងៗដើម្បីចែករំលែកអំពីជីវិតរបស់ខ្លួនខ្លះ ប៉ុន្តែមិនដឹងថាដោយសារតែភាពខ្មាសអៀនមិនចង់បញ្ចេញ ឬដោយសារបណ្ដាញសង្គមរបស់នាងត្រូវបានឪពុកជាអ្នកគ្រប់គ្រងនោះទេ បានជាគេមិនដែលឃើញនាងបង្ហោះត្អូញត្អែពីបញ្ហាដែលនាងត្រូវឪពុកគ្រប់គ្រងនោះឡើយ។ តែក្រោយមកក៏មានអ្នកគាំទ្រមួយចំនួនចាប់ផ្ដើមសង្ស័យថា ក្នុងផុសរបស់ Britney Spears ប្រហែលជាមានសារសម្ងាត់បង្កប់ណាមួយហើយ រហូតមានអ្នកគាំទ្រម្នាក់បាន Comment ខាងក្រោមវីដេអូមួយរបស់ Britney Spears ថា៖ “សូមស្លៀកឈុតពណ៌លឿងក្នុងវីដេអូបន្ទាប់ ប្រសិនបើសិនអ្នកត្រូវការជំនួយ”។

ជាលទ្ធផល ក្នុងវីដេអូបន្ទាប់ Britney Spears ក៏បានស្លៀកឈុតពណ៌លឿងមែន។ មិនតែប៉ុណ្ណោះ ក្នុងវីដេអូនោះ Britney Spears មិនបាននិយាយអ្វីឡើយ គឺគ្រាន់តែដើរចុះដើរឡើងហើយសម្លឹងមើលកាមេរ៉ា ធ្វើឱ្យអ្នកគាំទ្របានយល់ភ្លាមថានោះគឺជាសញ្ញាស្នើសុំជំនួយរបស់នាងហើយ។ ក្រុមអ្នកគាំទ្រមួយចំនួនរបស់នាងក៏បានចាប់ផ្ដើមយុទ្ធនាការ “Free Britney” ជាលក្ខណៈទ្រង់ទ្រាយធំ។ ដោយសារតែសម្ពាធមហាជនកើនឡើងខ្លាំងពេក មេធាវី Andrew M. Wallet ក៏បានលាលែងពីតំណែងអាណាព្យាបាល ហើយ Jamie ឪពុករបស់ Britney ក៏ក្លាយជាអាណាព្យាបាលតែម្នាក់ឯង។
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ Britney បានថ្លែងប្រាប់តុលាការក្នុងកំឡុងសវនាការកាត់ក្ដីលើអំណាចអាណាព្យាបាលថាខ្លួននាងបានទទួលទង្វើអយុត្តិធម៌ពីសំណាក់ឪពុកនិងក្រុមការងារបែបណាខ្លះ។ បន្ទាប់ពីឃ្លីបសំឡេងក្នុងសវនាការនោះត្រូវបានបង្ហោះឡើងលើអ៊ិនធើណិត ក៏ធ្វើឱ្យមានការរិះគន់លើឪពុកនាងកាន់តែខ្លាំង ដោយក្នុងនោះ Britney បាននិយាយថា ស្ថិតក្រោមការគ្រប់គ្រងរបស់ឪពុក នាងបានបាត់បង់សិទ្ធិលើទ្រព្យសម្បត្តិរបស់ខ្លួនឯងទាំងស្រុង នាងត្រូវគេរឹបអូសលិខិតឆ្លងដែន កាតក្រេឌីត លុយសុទ្ធ ទូរស័ព្ទដៃ ត្រូវគេបង្ខំឱ្យធ្វើការ៧ថ្ងៃក្នុងមួយសប្ដាហ៍ ហើយត្រូវធ្វើការមួយថ្ងៃ១០ម៉ោង។ ការប្រគំតន្ត្រីទេសចរណ៍នៅឆ្នាំ២០១៨ និង Concert Residency រយៈពេល ៤ឆ្នាំពេញនៅ Las Vegas គឺសុទ្ធតែគេបង្ខំឱ្យនាងចុះកិច្ចសន្យាដើម្បីសម្ដែង។ សូម្បីតែពេលខ្លះនាងគ្រុនក្ដៅរហូតដល់ ៤០អង្សា ប៉ុន្តែនាងនៅតែត្រូវបានគេបង្ខំឱ្យឡើងឆាក។ Britney Spears និយាយថា អ្នកទោសរំលោភផ្លូវភេទដែលត្រូវគេឃុំឃាំងនៅ California ក៏មិនលំបាកវេទនាស្មើនាងដែរ។ ហើយអ្វីដែលធ្វើឱ្យមហាជនតក់ស្លុត និងងឿងឆ្ងល់បំផុតនោះគឺ នាងត្រូវគេបង្ខំឱ្យពាក់កងពន្យារកំណើតដើម្បីការពារកុំឱ្យមានកូន។


បណ្ដាអ្នកគាំទ្រ Britney Spears បាននាំគ្នាបញ្ចេញមតិថាការដែលយកអំណាចជាអាណាព្យាបាលមកបង្ខំឱ្យមនុស្សស្រីម្នាក់ពន្យារកំណើតគឺជារឿងហួសហេតុពេកហើយ។ Britney Spears ផ្ទាល់ក៏បាននិយាយដែរថាបើសិនជាមនុស្សម្នាក់មានសមត្ថភាពធ្វើការរកលុយបានតាមធម្មតា ថែមទាំងអាចបើកប្រាក់ខែឱ្យអ្នកដទៃបានទៀតនោះ តើមានហេតុផលអ្វីទៀតដែលត្រូវឃុំគ្រងមនុស្សម្នាក់នោះទៀត?
អាចដោយសារតែសម្ពាធពីមហាជន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោក Jamie Spears ក៏បានបង្ហោះសារថា ដល់ពេលវេលាដែលសក្ដិសម លោកនឹងចាត់ការតាមការស្នើសុំរបស់កូនស្រី លាលែងពីតំណែងជាអាណាព្យាបាលកូនស្រី និងតំណែងអ្នកចាត់ការទ្រព្យសម្បត្តិ។ លោកបាននិយាយថែមទៀតថា រយៈពេលជាច្រើនឆ្នាំកន្លងមកនេះលោកតែងតែធ្វើតាមការស្នើសុំរបស់កូនស្រីជានិច្ច តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ប៉ុន្តែក្នុងខណៈពេលតែមួយ លោកក៏ត្រូវការពារផលប្រយោជន៍របស់កូនស្រីដែរ។ លោកបន្ថែមថា បើទោះបីជាលោកត្រូវពាក់ស្រោមមុខជាអ្វីនាពេលអនាគត លោកក៏នៅតែជាឪពុករបស់ Britney Spears ដូចដើម។

រហូតមកដល់ថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២១ រឿងក្ដីរបស់ Britney Spears និងឪពុកបានបញ្ចប់ជាស្ថាពរ ដោយតុលាការប្រកាសថាឪពុក Britney Spears លែងជាអាណាព្យាបាល និងអ្នកចាត់ការទ្រព្យសម្បត្តិនាងតទៀតហើយ ហើយនៅទីបំផុត Britney Spears ក៏អាចចាត់ចែងជីវិតរបស់ខ្លួនយ៉ាងមានសេរីភាពជាថ្មី។
រឿងរ៉ាវសោកសៅក្នុងជីវិត Britney Spears អាចជាឧទាហរណ៍មួយសម្រាប់ប្រយោគដែលគេតែងនិយាយថា “មនុស្សទូទាំងពិភពលោកនឹងលើកអ្នកឱ្យដល់ចំណុចខ្ពស់បំផុតដើម្បីទាញទម្លាក់អ្នកឱ្យខ្ទេចខ្ទីមកវិញនៅចុងបញ្ចប់”។ ល្បីល្បាញតាំងពីនៅវ័យក្មេងខ្ចី ប៉ុន្តែជុំវិញខ្លួនមានតែអ្នកអង្កៀមយកផលប្រយោជន៍ ហើយអ្វីដែលមកព្រមជាមួយក្ដីស្រលាញ់ពីមនុស្សទូទាំងពិភពលោក គឺការដែលគ្រប់គ្នាចង់ដឹងចង់ឮជីវិតឯកជនរបស់នាងយ៉ាងគ្មានដែនកំណត់។ បន្ទាប់ពីបានទស្សនាភាពយន្តឯកសារពីជីវិត Britney Spears តារាចម្រៀងអាមេរិក Hayley Williams បានបញ្ចេញមតិថា សិល្បករសម័យនេះគ្មានអ្នកណាត្រូវអត់ទ្រាំជាមួយវប្បធម៌ជាន់ឈ្លីស្ត្រីភេទដូច Britney Spears ទៀតហើយ ប៉ុន្តែប្រសិនបើគ្មានករណីរបស់គាត់ ការយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្តក្នុងសង្គមក៏នឹងមិនមានការកែលម្អឱ្យបានដល់កម្រិតដូចបច្ចុប្បន្ននោះដែរ ៕

























































Account
Security
Favourite Content