សមាជិកសញ្ជាតិថៃរបស់ក្រុមនារីខេប៉ុប BLACKPINK គឺ Lisa បានចូលរួមជាមួយតារាសម្ដែងអាមេរិកល្បីៗជាច្រើន សម្រាប់ភាពយន្តភាគដំបូងរបស់ខ្លួននៅហូលីវូដមានចំណងជើងថា “The White Lotus”។

ភាពយន្តភាគបែបឃាតកម្មអាថ៌កំបាំងដ៏ល្បីល្បាញមួយនេះនឹងចាប់ផ្ដើមចាក់បញ្ចាំងរដូវកាលទី ៣ នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈនេះលើប៉ុស្តិ៍ HBO និងបណ្ដាញ Streaming Max ដោយមានសាច់រឿងបង្ហាញពីអ្នកទេសចរអាមេរិកពោរពេញដោយបញ្ហាមួយក្រុមបានធ្វើដំណើរទៅកាន់រមណីយដ្ឋានប្រណីតក្នុងប្រទេសថៃ។

មុនការចាក់ផ្សាយផ្លូវការ ក្រុមតារាសម្ដែងសំខាន់ៗក្នុងរឿងរួមទាំង Lisa ក៏បានជួបជុំគ្នានៅ Paramount Studio ក្នុងសង្កាត់ Hollywood កាលពីថ្ងៃទី១១ ខែកុម្ភៈ សម្រាប់កម្មវិធីសម្ពោធនិងបញ្ចាំងពិសេសនៃរឿងនេះ។
ផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មានក្នុងកម្មវិធីនោះ Lisa បានចែករំលែកថា ដោយសារនេះជាការសម្ដែងរឿងលើកដំបូងរបស់នាង នាងពិតមានអារម្មណ៍រំភើបនិងភ័យខ្លាំង។ ម្ចាស់បទ “Rockstar” ឱ្យដឹងថា៖ “នៅថ្ងៃដំបូង គ្រាន់តែឮពាក្យ Action ខ្ញុំក៏មានអារម្មណ៍ភ័យ បែកញើស និងភ្លេចប៉ារ៉ូលអស់រលីង”។ ទោះយ៉ាងណា នាងក៏បានអរគុណដល់ក្រុមការងារនិងអ្នកសម្ដែងផ្សេងទៀតបានជួយចែករំលែកបទពិសោធន៍ដល់នាង កំលុងពេលដែលពួកគេថតនៅក្នុងប្រទេសថៃ។
គួរបញ្ជាក់ថា តួអង្គក្រុមអ្នកទេសចរដែលមានទ្រព្យស្តុកស្តម្ភក្នុងវគ្គនេះ ត្រូវបានសម្តែងដោយតារាល្បីៗអាមេរិករួមមាន តារាប្រុស Walton Goggins, តារាស្រី Parker Posey, តារាស្រី Leslie Bibb និង តារាស្រី Carrie Coon ខណៈ Lisa ដើរតួជាបុគ្គលិកសណ្ឋាគារក្នុងប្រទេសថៃ។ តួអង្គមួយចំនួនក្នុងវគ្គមុនក៏បានវិលត្រលប់មកវិញក្នុងរដូវកាលនេះដែរ។
ថ្មីៗនេះដែរ Lisa ក៏ទើបចេញបទចម្រៀងមួយបទមានចំណងជើងថា “Born Again” ដោយមានការសហការពីតារាអន្តរជាតិ Doja Cat និង RAYE។ បទនេះគឺជាបទមួយសម្រាប់អាល់ប៊ុមទោលរបស់នាងមានចំណងជើងថា “Alter Ego” ដែលត្រៀមចេញផ្លូវការនៅថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះ ៕





























Account
Security
Favourite Content