សមាជិកក្រុមចម្រៀងខេប៉ុប EXO, Baekhyun បានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យខេប៉ុប ដោយបានក្លាយជាតារាខេប៉ុបទោលដំបូងគេដែលមានអាល់ប៊ុមលក់ដាច់ច្រើនជាង ១លាន ដល់ទៅ ៣ អាល់ប៊ុម។

កាលពីថ្ងៃទី៦ ខែកញ្ញា Baekhyun បានបញ្ចេញមីនីអាល់ប៊ុមទោលទី៤របស់ខ្លួនមានចំណងជើងថា “Hello, World” ព្រមជាមួយវីដេអូចម្រៀងសម្រាប់បទនាំមុខរបស់អាល់ប៊ុមមានចំណងជើងថា “Pineapple Slice”។ រហូតមកដល់ថ្ងៃទី១០ ពោលរយៈពេល ៥ថ្ងៃបន្ទាប់ពីចេញលក់ អាល់ប៊ុមថ្មីនេះបានលក់ដាច់ដល់ ១ លានបន្ទះនៅលើវិបសាយ Hanteo។
“Hello, World” គឺជាអាល់ប៊ុមទោលទី ៣ហើយរបស់សមាជិក EXO រូបនេះដែលអាចលក់ដាច់បានលើស ១ លានបន្ទះ បន្ទាប់ពីអាល់ប៊ុម “Delight” និងអាល់ប៊ុម “Bambi”។ ជាមួយតួលេខលក់សរុបជាង ៣ លានបន្ទះ ធ្វើឱ្យតារាវ័យ ៣២ឆ្នាំរូបនេះក្លាយជាតារាខេប៉ុបទោលដែលអាចលក់អាល់ប៊ុមដាច់ច្រើនបំផុតលើវិបសាយ Hanteo ចាប់តាំងពីឆ្នាំ២០០៤មក។


ជាងនេះទៅទៀត បទចម្រៀងរបស់លោកអាចទទួលបានការចូលស្ដាប់សរុបរហូតដល់ ១ ពាន់លានដងនៅលើវេទិកាស្ដាប់ចម្រៀងអន្តរជាតិ Spotify និង ២ ពាន់លានដងនៅលើវេទិកាស្ដាប់ចម្រៀងកូរ៉េ Melon ដែលបង្ហាញយ៉ាងកាន់តែច្បាស់ពីភាពជោគជ័យមិនធម្មតារបស់លោកក្នុងនាមជាតារាចម្រៀងទោល។
បង្ហាញមុខលើកដំបូងជាមួយក្រុម EXO ក្នុងឆ្នាំ២០១២ Baekhyun បានចេញអាល់ប៊ុមទោលដំបូងមានចំណងជើងថា “City Lights” ក្នុងឆ្នាំ២០១៩។ ក្រោយចាកចេញពីផលិតកម្ម SM Entertainment លោកបានបង្កើតផលិតកម្ម INB100 រួមគ្នាជាមួយសមាជិក EXO ពីររូបទៀតគឺ Xiumin និង Chen ដោយអាល់ប៊ុម “Hello, World” គឺជាអាល់ប៊ុមដំបូងដែលលោកបានចេញក្រោមស្លាកផលិតកម្មថ្មីនេះ ៕
























Account
Security
Favourite Content