មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានចេញសេចក្ដីបំភ្លឺឆ្លើយតបនិងមតិរិះគន់របស់មហាជនមួយចំនួនលើបណ្ដាញសង្គមចំពោះរូបសំណាកព្រះពោធិសត្វលោកេស្វរៈនៅរង្វង់មូលខេត្តឧត្តរមានជ័យ ដែលទើបសង់រួចរាល់។


ក្រោយមានការបង្ហោះរូបសំណាកព្រះពោធិសត្វលោកេស្វរៈ នៅរង្វង់មូលខេត្តឧត្តរមានជ័យ ដែលជាសមិទ្ធផលថ្មីមួយរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ មានបុគ្គល និងសាធារណជនមួយចំនួន បានយករូបភាពទាំងនោះមកបង្ហោះបន្ត ដោយសរសេររិះគន់យ៉ាងច្រើន។
ជាការឆ្លើយតប នាថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៦ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការកសាងរូបសំណាកព្រះពោធិសត្វលោកេស្វរៈ ដើម្បីឱ្យមហាជនបានដឹងថា ចំពោះរូបសំណាករង្វង់មូលខេត្តឧត្តរមានជ័យនេះ គឺជារូបរបស់ព្រះពោធិសត្វលោកេស្វរៈ ធ្វើពីថ្មភក់ ព្រះហស្ថប្រាំបីកាន់កេតនភណ្ឌ ផ្សេងៗ មានធ្លាក់រូបព្រះពុទ្ធតូចៗ នៅលើព្រះកាយនិងព្រះបាទា ដែលធ្លាក់ចម្លងតាមទម្រង់រូបបុរាណ ដែលដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា និងរូបមួយចំនួនតាំងនៅអភិរក្សដ្ឋានអង្គរ ហើយស្ថិតក្នុងសម័យអង្គរ រចនាបថបាយ័ន នាចុង សតវត្សរ៍ ទី ១២ ដើមសតវត្សរ៍ ទី១៣ ជារូបនៅក្នុងពុទ្ធសាសនាមហាយាន ដែលមានការគោរពប្រណិប័តន៍យ៉ាងមុតមាំ និងមានឥទ្ធិពល នៅក្នុងសង្គម ខ្មែរតាំងពីសម័យបុរាណមកម្ល៉េះ ជាពិសេសនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលក្នុងនោះមានប្រាសាទជាច្រើនដែលតម្កល់និងធ្លាក់បង្ហាញនៅលើជញ្ជាំងនូវរូបព្រះពោធិសត្វលោកេស្វរៈអង្គនេះ មានដូចជា ប្រាសាទតាព្រហ្ម (ទន្លេបាទី) ប្រាសាទបាកាណ ប្រាសាទបន្ទាយឆ្មារ ប្រាសាទមួយចំនួនក្នុងតំបន់អង្គរជាដើម។
សព្វថ្ងៃមានរូបព្រះពោធិសត្វលោកេស្វរៈជា ច្រើនដែលបានតម្កល់នៅតាមសារមន្ទីរនានា និងនៅអភិរក្សដ្ឋានអង្គរដែលសាធារណជនអាចចូលទៅទស្សនា និងសិក្សា ឈ្វេងយល់បន្ថែម។ ជាមួយគ្នានេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ អំពាវនាវ សូមកុំយល់ច្រឡំថាជារូបព្រះវិស្ណុ ព្រោះការធ្លាក់ឡើងសុទ្ធតែបានចម្លងចេញរូបលោកេស្វរៈ ប្រភពដើម ដែលមានការគោរពនៅក្នុងសង្គមខ្មែរតាំងពីបុរាណរៀងមក៕









រូបភាព ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ























Account
Security
Favourite Content