អាការៈរបស់មនុស្សដែលធ្លាក់ក្នុងអន្លង់ស្នេហ៍គេគឺមានសញ្ញាផ្សេងៗគ្នា។ ហើយភាគច្រើនពួកគេគឺមិនហ៊ាននិយាយចេញមកនោះទេ បានត្រឹមតែបង្ហាញជាសញ្ញាណាមួយប៉ុណ្ណោះ។ ដូច្នេះឆ្លៀតឱកាសនេះ A.M.S នឹងចែករំលែកនូវសញ្ញាទាំង ៦ ដែលអាចបង្ហាញថាមនុស្សណាម្នាក់ធ្លាក់ចូលអន្លង់ស្នេហ៍ហើយ៖
១. ប៉ះពាល់យើង៖ ប្រសិនបើគាត់ចាប់អារម្មណ៍លើយើង គាត់នឹងតែងតែឆ្លៀតឱកាសដើម្បីបានក្បែរយើង។ បន្ទាប់មកគាត់នឹងបញ្ចេញកាយវិការដូចជាស្ទាបសក់ កាន់ដៃ ឬប៉ះថ្ពាល់ជាដើមដែលសកម្មភាពទាំងនេះត្រូវបានកើតឡើងដោយភាពកក់ក្ដៅ និងទន់ភ្លន់ដើម្បីបង្ហាញពីក្ដីស្រឡាញ់។
២. បង្ហាញស្នាមញញឹម៖ ចំណុចមួយទៀតដែលអាចសង្កេតបានគឺពួកគេតែងតែញញឹមពេលយើងនិយាយជាមួយព្រោះពាក្យសម្ដីទាំងនោះនឹងធ្វើឱ្យគេស្រស់ស្រាយ សប្បាយចិត្តបាន។ សម្រាប់អាការៈនេះពួកគេមិនសូវបង្ហាញជាមួយអ្នកដទៃច្រើននោះទេ។
៣. សម្របខ្លួនតាម៖ អាចនិយាយបានថានៅពេលមនុស្សដែលខ្លួនកំពុងលួចស្រឡាញ់មានក្ដីសុខ យើងក៏មានក្ដីសុខតាមហ្នឹងដែរ។ ការសម្របខ្លួនតាមបែបនេះប្រៀបដូចជាកំពុងបង្ហាញថាយើងជាមនុស្សសំខាន់សម្រាប់គាត់ជាងអ្វីទាំងអស់ដែរ។
៤. ងាករកយើងពេលនិយាយគ្នា៖ ការបង្ហាញទង្វើបែបនេះគឺចង់បង្ហាញថាគេតែងតែនៅជិតយើង រង់ចាំ និងយកចិត្តទុកដាក់ទៅលើរាល់ពាក្យសម្ដីរបស់យើងផងដែរ។ ម្យ៉ាងវិញទៀត ការងាកទៅរកពេលនិយាយបែបនេះក៏អាចធ្វើឱ្យឃើញភាគីម្ខាងទៀតកាន់តែជិតដែរ។
៥. មានអាការៈភ័យៗពេលនៅជាមួយយើង៖ មនុស្សមួយចំនួនពេលបាននៅជិតមនុស្សដែលខ្លួនលួចស្រឡាញ់ បេះដូងរបស់ពួកគេលោតញាប់មែនទែន។ លើសពីនេះ ក៏មានមនុស្សមួយចំនួនទៀតមានអាការៈផ្សេងទៀតដូចជាញញឹមបែបបង្ខំ បែកញើស ឬឡើងញើសបាតដៃជាដើម។ ដូច្នេះប្រសិនបើសង្កេតអាការៈពួកគេបែបនេះ កុំសើចអី ហើយយើងគួរតែជួយលួងលោមសម្រួលអារម្មណ៍គេទើបប្រសើរ។
៦. ចងចាំសកម្មភាពតូចៗរបស់យើង៖ មានតែមនុស្សចាប់អារម្មណ៍លើអ្នកណាម្នាក់ប៉ុណ្ណោះដែលអាចចងចាំបានសូម្បីតែសកម្មភាព ឬចំណង់ចំណូលចិត្តតូចៗរបស់គេ។ ដូច្នេះវាជាសញ្ញាមួយមានភាគរយច្រើនដែលយើងអាចទុកចិត្តលើពួកគេបានដែរ៕