មិនថាស្នេហាត្រូវបានបង្កើតឡើង ឬរលត់បាត់ទៅវិញទេ បើមានពាក្យថា “ស្នេហា” ហើយវាគឺជាការចងចាំដែលស្រស់ស្អាតជានិច្ច។ ប៉ុន្តែពេលខ្លះ ដោយសារតែអនុស្សាវរីយ៍ដ៏ស្រស់ស្អាត និងភាពផ្អែមល្ហែមនៃសេចក្តីស្រឡាញ់នេះហើយ ប្រៀបដូចជាអាវុធមុខពីរ បណ្តាលឱ្យមនុស្សជាច្រើនធ្លាក់ចូលក្នុងអន្លង់របស់វា នោះគឺការនឹក “អ្នកចាស់”។ ប៉ុន្តែជឿចុះថា គ្មាននរណាចង់ក្លាយជាសង្សារចាស់ទេ តែបើជ្រុលទៅហើយ ស្នេហាយើងក៏បានបញ្ចប់ មានតែត្រូវបើកចិត្ត និងរស់នៅក្នុងបច្ចុប្បន្នកាលឱ្យបាន។ ប៉ុន្តែក៏នៅមានមនុស្សជាច្រើនទៀត ដែលមិនអាចភ្លេចស្នេហាចាស់បាន ព្រោះកំពុងលិចលង់ក្នុងភាពស្រស់ត្រកាល និងភាពផ្អែមល្ហែមកន្លងមក។ ហើយមនុស្សបែបនេះ គួរធ្វើបែបណាល្អទៅ?
១. ចៀសវាងទៅកន្លែងដែលធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នា
គ្រប់គូសុទ្ធតែមានកន្លែងអនុស្សាវរីយ៍ស្នេហាជាមួយគ្នាជានិច្ច មិនថាកន្លែងចាប់ដៃគ្នាលើកដំបូង ថើបថ្ពាល់ ឱប ឬណាត់ជួបគ្នាលើកដំបូង។ ដូច្នេះ បើនៅមិនទាន់ភ្លេចអ្នកចាស់បានទេ កុំទៅកន្លែងទាំងនោះអី។ យ៉ាងហោចណាស់ក៏មិនធ្វើឱ្យអនុស្សាវរីយ៍ចាស់ៗត្រឡប់ទៅចងចាំម្តងទៀតដែរ។ រឿងមួយទៀត ដែលអ្នកគួរឆ្លងផុតឱ្យបានគឺ ភាពឯកោ និងភាពអាឡោះអាល័យ។ នោះអ្នកនឹងក្លាយទៅជាមនុស្សដើមវិញ ឬអាចផ្លាស់ប្តូរទៅជាមនុស្សថ្មីដែលល្អប្រសើរផង។
២. ធ្វើខ្លួនឱ្យរវល់
តើអ្នកធ្លាប់ទេ ពេលមានអ្វីធ្វើ ចិត្តរបស់យើងក៏ភ្លេចរឿងរ៉ាវផ្សេងៗដោយមិនដឹងខ្លួន។ តែឱ្យតែពេលទំនេរ ចេះតែគិតរវើរវាយ រឿងចាស់ៗរត់ចូលក្នុងការចងចាំម្តងទៀត។ ហើយរឿងមួយដែលមិនអាចឈប់គិតបាន គឺមនុស្សដែលធ្លាប់ស្រឡាញ់។ ដូច្នេះគួររកអ្វីធ្វើកំដរការអផ្សុក ធ្វើអ្វីដែលខ្លួនឯងចូលចិត្ត ឬរៀនអ្វីថ្មីៗ។ ពេលធ្វើទៅយ៉ាងហោចណាស់ក៏ផ្តល់ប្រយោជន៍ដល់ខ្លួនយើងមិនតិច ក៏ច្រើនដែរ។ ប៉ុន្តែមានរឿងមួយទៀតដែលយើងចង់ណែនាំជាពិសេស នោះគឺការហាត់ប្រាណ។ ក្រៅពីកំដរការអផ្សុកហើយ អ្នកនឹងមានសុខភាពល្អ មានរាងកាយមាំមួន។ ម្យ៉ាងវិញទៀត គួរប្តូរពីការស្រឡាញ់អ្នកដទៃ ហើយងាកមកស្រឡាញ់ខ្លួនឯងវិញ។
៣. បើតប់ប្រមល់ ក៏និយាយរំសាយចេញខ្លះ
អនុស្សាវរីយ៍ទាំងឡាយមិនថាល្អ ឬអាក្រក់ បើបៀមទុកតែម្នាក់ឯង កាន់តែធ្វើឱ្យអត់សប្បាយចិត្ត ឬធុញថប់លើសដើម។ ប្រសិនបើអ្នកមានមិត្តជិតស្និទ្ធដែលអាចទុកចិត្តបាន គួរនិយាយរៀបរាប់ឱ្យគេស្តាប់ ហើយអ្នកនឹងទទួលបានកម្លាំងចិត្តមកវិញ។ ទោះបីគេមិនអាចជួយបានទាំងស្រុង យ៉ាងហោចណាស់ក៏គេបើកចិត្តស្តាប់ពីទុក្ខសោករបស់យើងបាន។ ពេលនិយាយហើយអ្នកនឹងធូរស្រាលចិត្ត ហើយគិតថានេះគ្រាន់តែជាបញ្ហាតូចតាចប៉ុណ្ណោះ។ មានមនុស្សតែម្នាក់ដែលមិនស្រឡាញ់យើងហើយចាកចេញទៅ ប៉ុន្តែនៅមានមនុស្សច្រើននាក់ទៀតដែលស្រឡាញ់និងយល់ពីយើង។
៤. បើកបេះដូងម្តងទៀត
គ្មានហេតុផលអ្វីដែលត្រូវមកអង្គុយឱបទុក្ខសោក បាក់ទឹកចិត្ត លិចលង់ជាមួយស្នេហាចាស់ឡើយ។ ព្រោះជីវិតរបស់យើងត្រូវបន្តដំណើរទៅមុខទៀត។ ពេលបែកគ្នាហើយ យើងក៏អាចមានថ្មីបានទៀត តែកុំប្រើនរណាម្នាក់ជាឧបករណ៍ដើម្បីជួយអ្នកបំភ្លេចស្នេហ៍ចាស់ឱ្យសោះ។ ព្រោះក្តីស្រឡាញ់ និងការអាណិតមិនអាចនៅជាមួយគ្នាបានទេ។ ត្រូវស្រឡាញ់នរណាម្នាក់ចេញពីចិត្ត មិនមែនស្រឡាញ់ដើម្បីបំភ្លេចអ្នកចាស់ទេ។
៥. ធ្វើដំណើរកម្សាន្ត
ការចេញទៅដើរលេងនៅខាងក្រៅ ជាវិធីសាស្រ្តដែលល្អបំផុត និងត្រូវបានណែនាំច្រើនបំផុត។ ព្រោះតាមបទពិសោធន៍ជាក់ស្តែង វិធីនេះអាចធ្វើឱ្យបេះដូងដែលធ្លាប់រវើរវាយ ត្រឡប់មកស្រស់បំព្រងបានម្តងទៀត។ ជាការពិតណាស់ ក្រៅពីរីករាយនឹងទេសភាពហើយ មិត្តភ័ក្ដិថ្មី បទពិសោធន៍ថ្មីៗ ជាអ្វីដែលអ្នកនឹងទទួលបានមកវិញ។ ពេលត្រឡប់មកពីដើរលេងវិញ យើងនឹងមានការគិតដែលធំទូលាយជាងមុន សម្លឹងបានឆ្ងាយ។ ហើយអ្នកនឹងដឹងច្បាស់ថាការនៅម្នាក់ឯងមិនមែនជារឿងអាក្រក់អីណាស់ណាទេ៕



























Account
Security
Favourite Content