ការរើសដៃគូជីវិតមិនអាចមើលលើតែរូបរាងខាងក្រៅប៉ុណ្ណោះទេ ពោលគឺត្រូវសង្កេតលើអាកប្បកិរិយា សីលធម៌ សុជីវធម៌ ឬនិយាយបានថាភាពល្អស្អាតពីខាងក្នុង និងគុណតម្លៃផងដែរ។ ជាក់ស្ដែងសម្រាប់មនុស្សស្រី ៣ ប្រភេទខាងក្រោមនេះជាដើមគឺមិនគួរជ្រើសជាដៃគូជីវិតឡើយ៖
១. តែងតែគិតថាខ្លួនជាអ្នកត្រូវគ្រប់ពេល
ធម្មតាក្នុងចំណងស្នេហារវាងមនុស្សពីរនាក់ មួយមនុស្សប្រុសជាភាគីម្ខាងដែលមានភាពអត់ធ្មត់ខ្ពស់ ឬសុខចិត្តចុះចាញ់ដើម្បីឱ្យមនុស្សដែលខ្លួនស្រឡាញ់បានសប្បាយចិត្ត និងជៀសវាងបញ្ហារាលដាលកាន់តែធំ។ ប៉ុន្តែការដែលមនុស្សស្រីតែងតែចង់ឈ្នះគ្រប់ពេលពេកគឺប្រៀបដូចជាកំពុងបង្ហាញភាពអាត្មានិយម មិនគោរពដល់ដៃគូម្ខាងទៀត និងមិនឱ្យតម្លៃលើស្នេហានេះដែរ។
ប្រសិនបើសម្រេចចិត្តរៀបការជាមួយមនុស្សស្រីប្រភេទនេះមិនយូរ មិនឆាប់គ្រួសារនឹងឈានដល់ការបែកបាក់ជាមិនខាន។ ដូច្នេះក្នុងចំណងអាពាហ៍ពិពាហ៍ចាំបាច់ត្រូវចេះយោគយល់គ្នា និងថយម្នាក់បន្តិចដើម្បីដោះស្រាយបញ្ហា។
២. ចូលចិត្តចាយលុយច្រើន មិនគិត
ក្រោយរៀបការរួច មនុស្សស្រីគឺមានតួនាទីជាអ្នកគ្រប់គ្រងទៅចំណូលចំណាយទាំងអស់នៅក្នុងគ្រួសារ។ ប៉ុន្តែប្រសិនបើមនុស្សស្រីម្នាក់នោះចូលចិត្តចាយវាយធំជាងចំណូលជ្រុល ឬចំណាយលើរបស់អត់ប្រយោជន៍ច្រើនគឺមិនគួរសម្រេចចិត្តយកជាគូជីវិតឡើយ។
ដូច្នេះការចេះរៀបចំទុកដាក់លុយកាក់គឺពិតជាចំណុចសំខាន់ដែលមិនគួរមើលរំលងឡើយ ពុំនោះទេគ្រួសារនឹងជួបប្រទះបញ្ហាច្រើនមិនខាន ជាពិសេសបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារ។
៣. ចូលចិត្តគុំកួន
ជាធម្មជាតិរបស់មនុស្សស្រីតិច ឬច្រើនគឺចូលចិត្តនិយាយ និងរអ៊ូច្រើនដើម្បីឱ្យគ្រួសារមានសុភមង្គល។ ប៉ុន្តែប្រសិនបើមនុស្សម្នាក់នោះចូលចិត្តគុំកួនច្រើនក៏អាចចាត់ចូលថាជាប្រភេទមនុស្សគ្រោះថ្នាក់ និងមិនគួររៀបការជាមួយដែរ។ ជាមួយគ្នានេះដែរ សម្រាប់មនុស្សដែលចូលចិត្តគុំកួនភាគច្រើនពួកគេអាចនឹងជ្រើសយកវិធីសងសឹកណាមួយដើម្បីជម្រះកំហឹងក្នុងចិត្ត។
ដូច្នេះការជ្រើសរើសដៃគូជីវិតគឺចាំបាច់ត្រូវមើលលើអត្តចរិត អាកប្បកិរិយា និងរបៀបរបបនៃការរស់នៅផងដែរ៕

























Account
Security
Favourite Content