ពិតណាស់ពេញមួយជីវិតគ្មានអ្នកណាម្នាក់ដែលមិនជួបរឿងខកបំណង និងស្ថានភាពលំបាកនោះទេ។ ជាក់ស្ដែងស្ថិតក្នុងស្ថានភាពបែបនេះ យើងតែងតែត្រូវការជំនួយពីមនុស្សជុំវិញខ្លួនជាមិនខានរួមទាំងផ្លូវចិត្តដែរ។ ប៉ុន្តែក្នុងនោះមិនមែនគ្រប់មនុស្សទាំងអស់សុទ្ធតែព្រមហុចដៃជួយយើងក្នុងស្ថានភាពលំបាកនោះទេ។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកនូវមនុស្ស ៣ ប្រភេទដែលមិនគួរស្វែងរកជំនួយពីពួកគេកំលុងពេលស្ថានភាពលំបាក៖
១. មនុស្សមើលឃើញតែផលប្រយោជន៍
នេះជារឿងពិតមិនអាចប្រកែកបានដែលមនុស្សជាច្រើនតែងតែរាប់អានយើងនៅពេលយើងមានបាន និងសប្បាយរីករាយ។ ហើយមានភាគតិចខ្លាំងបំផុតដែលពួកគេនឹងនៅក្បែរកំលុងពេលយើងជួបប្រទះបញ្ហាលំបាកណាមួយ។ វាច្បាស់ណាស់ប្រសិនបើយើងរកពួកគេដើម្បីសុំជំនួយ មនុស្សទាំងនោះនឹងបដិសេធយើងភ្លាមៗដោយសារគេខ្លាចថានឹងត្រូវអាម៉ាសដែលមានមិត្តដូចយើង ថែមទាំងខ្លាចថាយើងនឹងអូសទាញពួកគេចូលមកក្នុងបញ្ហាមួយនោះទៀតផង។

២. មនុស្សបាតដៃខ្នងដៃ
ប្រភេទមនុស្សបែបនេះគឺមានភាពប៉ិនប្រសព្វមែនទែនក្នុងការសម្ដែងធ្វើដូចជាយកចិត្តទុកដាក់ និងមានចិត្តចង់ជួយយើងខ្លាំងណាស់។ ប៉ុន្តែធាតុពិតជាក់ស្ដែងគ្រាន់តែយកលេសដើម្បីឱ្យឆាប់រួចខ្លួនប៉ុណ្ណោះ ហើយក៏មិនចាំសង្ឃឹមថានឹងទទួលបានជំនួយពីមនុស្សបែបនេះដែរ។ ត្រូវចងចាំថាមនុស្សបែបនេះអ្នកណាដែលមានប្រយោជន៍ឱ្យគេទើបគេរីករាយនឹងរាប់អានជាមួយយ៉ាងពិតប្រាកដ។
៣. មនុស្សហុតទឹកសម្លឹងកាក
ជាការពិតមិនមានមិត្តភក្ដិច្រើនឡើយដែលស្ម័គ្រចិត្តរាប់អាន ឬបោះដៃជួយយើងក្នុងកំលុងពេលយើងជួបប្រទះនឹងភាពលំបាក។ ប៉ុន្តែប្រសិនបើសុខៗស្រាប់តែមានមនុស្សមកហុចដៃផ្ដល់ជំនួយនោះត្រូវតែសង្កេតមើលឱ្យច្បាស់ជាមុនព្រោះយើងមិនអាចទាយដឹងពីចេតនារបស់ពួកគេភ្លាមៗបានទេ។ ពេលខ្លះបន្ទាប់ពីផ្ដល់ជំនួយហើយ ពួកគេនឹងមានលក្ខខណ្ឌដើម្បីដោះដូរអ្វីម្យ៉ាងជាមួយយើងវិញមិនខាន។ មនុស្សបែបនេះចូលមកជិតគឺមិនមានបំណងល្អឡើយ ហើយអ្វីដែលត្រូវតែចងចាំបំផុតគឺ “នៅលើពិភពលោកមិនមានអ្វីដែលឥតគិតថ្លៃឡើយ”៕


























Account
Security
Favourite Content