អាចទុកថាជារបកគំហើញថ្មីមួយទៀតក្នុងវិស័យតែងនិពន្ធសៀវភៅប្រលោមលោក ដោយអ្នកនិពន្ធ ម៉ីសន សុធារី បានយកគំនិតបង្កើតថ្មីមួយ ដោយប្ដូរពីការសរសេរជាសៀវភៅ ឬថតភាពយន្ត មកជាការផលិតស៊េរីវីដេអូ Podcast និទានសាច់រឿងដ៏ព្រឺព្រួចមួយ។ “The 00:07” ជាឈ្មោះចំណងជើងសាច់រឿងដែលទាក់ទងនឹងការផ្ទុះឡើងវត្តមានខ្មោចឆៅ ដ៏កាចសាហាវក្នុងមន្ទីរពេទ្យមួយកន្លែងនៅរាជធានីភ្នំពេញ នឹងត្រូវយកនិយាយជាវីដេអូអមជាមួយរូបភាព AI ដ៏ជក់ចិត្ត។
មេរោគខ្មោចឆៅដ៏សាហាវដែលរីករាលដាលយ៉ាងឆាប់រហ័សតាមរយៈបន្ទប់ពិសោធន៍ High Tech ចូលទៅកាន់អគារទាំងអស់នៃមន្ទីរពេទ្យអមតៈមិនដល់ពេល១៥នាទី។ ឈុតបើកឆាកដ៏ញាក់សាច់នេះ ជាកំណត់ត្រាថ្មី នៃការច្នៃប្រឌិតរបស់ អ្នកនិពន្ធ ម៉ីសនសុធារី នៅក្នុងសេរ៊ីវីដេអូ Podcast ដំបូង ក្រោមចំណងជើងថា ម៉ោង 00:07 AM ដែលត្រៀមនឹងចេញផ្សាយ នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ។
លោកស្រី ម៉ីសន សុធារី ជាអ្នកនិពន្ធខ្មែរដ៏ល្បីមួយរូប សម្រាប់ការងារកន្លងមកក្នុងពិភពសិល្បៈទំនើបកម្មខ្មែរ រួមមានភាពយន្តភាគរឿង ស្រទន់មន្តស្នេហ៍ ល្ខោនវិទ្យុ រឿងកំណាត់ផ្លូវចុងក្រោយ ប្រលោមលោកស៊ើបអង្កេត សំណុំឯកសារZ22 និទានភ័យរន្ធត់ពេជ្រ បណ្ឌិត និងសៀវភៅទស្សនៈវិជ្ជា«ពេលវេលា»។ ពេលនេះអ្នកស្រីពង្រីកបរិយាកាសច្នៃប្រឌិតទៅក្នុងផ្នែកPodcasts។
ផលិតករ ឥន្ទ្រីយ៍ខ្មៅ ដែលជាដៃគូសហការក្នុងការរចនាគំនូរប្រភេទAI ដាក់ជាល្បាយបន្ថែមនៅក្នុង Podcast រឿង “00:07 AM” បានសន្យាថា នេះជាការនិទាន Raw-Story ដែលនឹងធ្វើឱ្យស្លុងអ្នកស្តាប់ជាមួយនឹងសាច់រឿងដ៏ជក់ចិត្ត។
សាច់រឿង 00:07 ដែលជាការផ្ទុះឡើងនៃវត្តមានខ្មោចឆៅនៅកណ្តាលក្រុងភ្នំពេញឆ្នាំ ២០២៨ ជាស៊េរី Podcasts ដំបូងបង្អស់មែនតែអ្នកនិពន្ធ ម៉ីសន សុធារី មានក្តីស្រមៃនូវគម្រោងរឿងប្រភេទនេះជាយូរណាស់មកហើយ។
លោកស្រី ម៉ីសន សុធារី បានលើកឡើងថា «ប្រសិននិយាយអំពីកុនមានគុណភាពមួយយើងនឹងពិបាកសន្យាអំពីពេលវេលាបន្តិច ដូច្នេះខ្ញុំនឹងមិត្តភក្តិ បានស្វះស្វែងរកដៃគូសំខាន់ៗ រួមមាន លោក ប៉ែន ប៊ុនថាល់ ម្ចាស់ស្ទូឌីយ៉ូ Iphoto Cambodia ដែលមានការយលដឹងខ្ពស់លើប្រភេទមាតិកាឌីជីថល និងមានផលិតករវ័យក្មេងលោក ឥន្ទ្រីយ៍ខ្មៅនៅជាមួយការងារនេះ!»។
អ្នកស្រីបញ្ជាក់ឱ្យដឹងថា នៅគ្រប់វគ្គនៃនិទាន “00:07 AM” ដែលមានចំនួនសរុប ១៥EP គ្រប់យ៉ាងនឹងបកស្រាយដោយដកចេញបណ្តើរៗនូវអាថ៌កំបាំងពីក្រោយការសាយភាយមេរោគដែលមួយភាគទៅមួយភាគអាច ធ្វើឱ្យអ្នកគាំទ្រ តាមដានវក់វីលើឈុតឆាកប្រយុទ្ធដើម្បីរស់រានមានជីវិតនៅក្នុងជញ្ជាំងមន្ទីរពេទ្យអមតៈ។
លោកស្រី ម៉ីសន សុធារី បានគូសបង្ហាញថា ៖ «Podcasts នេះ មិនត្រឹមតែបំបែករឿងថ្មីសម្រាប់ឱ្យខ្ញុំអាចសាកសមត្ថភាពក្នុងការនិយាយភ្លាមនូវសាច់រឿងមួយចប់ត្រឹមពេលមួយថ្ងៃមិនកាត់ត មិនមានអត្ថបទស្គ្រីប ថែមទាំងអាចប្រើសម្រាប់អ្នកនិពន្ធខ្មែរដទៃ យុវអ្នកនិពន្ធក្មេងៗ ដែលមានគំនិតច្រើន មិនពូកែសរសេរតែអាចនិទាន ពេលនេះពួកគេមើលឃើញរបៀបថ្មីៗដែលលំហឌីជីថលអាចផ្តល់នូវលទ្ធភាពគ្មានព្រំដែនដល់ពួកគេក្នុងការបញ្ចេញសមត្ថភាព!» ៕
ចូលទៅកាន់YouTube ថ្មីរបស់អ្នកនិពន្ធ ហើយត្រៀមសម្រាប់ថ្ងៃទី០១ ខែវិច្ឆិកានេះ!