ក្រុមគ្រួសារជាពាក្យបីម៉ាត់ដែលធ្វើឱ្យមនុស្សយើងទាំងអស់គ្នាមានអារម្មណ៍កក់ក្ដៅ មានសុភមង្គល មានក្ដីសុខ និងមានស្នាមញញឹម។ ប៉ុន្តែភាពកក់ក្ដៅ និងសុភមង្គលទាំងនោះគឺមិនមែនចេះតែកើតឡើងមកដោយខ្លួនឯងឡើយ។ ដូច្នេះថ្ងៃនេះ AMS សូមចែករំលែកជូនប្រិយមិត្តនូវចំណុចតូចៗខ្លះដែលគួរប្រកាន់ឱ្យល្អ នោះសុភមង្គលនឹងហូរចូលមកច្រើនៗដូចគ្នា៖
១. រក្សាភាពអត់ធ្មត់

ជាធម្មតាមិនមានគ្រួសារណាមួយដែលមិនមានជម្លោះសោះនោះទេ ប៉ុន្តែពេលនោះគឺអាស្រ័យនៅលើសមាជិកម្នាក់ៗថាជ្រើសរើសវិធីមួយណាមកដោះស្រាយបញ្ហា។ ប្រសិនបើយើងជ្រើសរើសវិធីសាស្រ្តសន្ដិវិធីមកដោះស្រាយ នោះគ្រួសារយើងនឹងមានក្ដីសុខ ស្នាមញញឹម និងភាពស្ងប់សុខជាមិនខាន។ ផ្ទុយទៅវិញ បើសិនជាយើងមានចិត្តទោសៈ មិនអាចគ្រប់គ្រងកំហឹង អាងតែជម្លោះ និងចង់ឈ្នះរាងខ្លួននោះ ច្បាស់ណាស់គ្រួសារនឹងមិនមានថ្ងៃទទួលបានក្ដីសុខឡើយ។
២. ចេះដឹងគុណ
ការចេះដឹងគុណចាស់ទុំ និងគោរពអ្នកមានគុណគឺពរជ័យដ៏ល្អបំផុតដែលអាចនាំលាភជ័យ និងក្ដីសុខចូលមកក្នុងគ្រួសារ។ ទន្ទឹមនឹងនេះ ការផ្ដល់ក្ដីស្រលាញ់ និងភាពកក់ក្ដៅជូនពួកគាត់វិញក៏ជាការដឹងគុណដ៏ល្អបំផុតមួយដែរ។ លើសពីនេះ យើងក៏អាចរួមគ្នាសាងអនុស្សាវរីយ៍ល្អៗជាមួយគ្នា ហើយវាក៏អាចបន្សល់ទុកនូវរូបភាពកក់ក្ដៅដោយមិនមានការស្ដាយក្រោយផងដែរ។ ដូច្នេះគួរតែចាប់ផ្ដើមងាកទៅយកចិត្តទុកដាក់លើពួកគាត់ឱ្យបានច្រើនទាន់ពេលវេលានៅមាន។
៣. ចេះលះបង់

ជាគ្រួសារតែមួយជៀសមិនផុតនោះទេពីការពឹងពាក់គ្នាទៅវិញទៅមកទៅតាមតម្រូវការនីមួយៗ។ ដូច្នេះការលះបង់ក៏ត្រូវតែមានឡើងមកដូចគ្នារួមមានពេលវេលា ថវិកា និងការលើកទឹកចិត្ត ឬផ្ដល់ជំនួយតាមរូបភាពផ្សេងៗជាដើម។ ប៉ុន្តែប្រសិនបើតម្រូវការនោះធំខ្លាំងហួសសមត្ថភាពពេក ក៏មិនមែនជារឿងល្អក្នុងផ្ទះដែរ។
៤. បែងឱ្យដាច់រឿងក្រៅផ្ទះ និងក្នុងផ្ទះ
ជឿជាក់ណាស់ថាមនុស្សម្នាក់ណាក៏មានសម្ពាធរាងៗខ្លួនដែរ ប៉ុន្តែយើងត្រូវបែងចែកឱ្យច្បាស់ថានឹងមិនយកបញ្ហាស្មុគស្មាញទាំងនោះចូលមក្នុងផ្ទះ ឬជះកំហឹងដាក់អ្នកផ្ទះនោះដែរ។ ប្រសិនបើចង់ឱ្យក្រុមគ្រួសារមួយមានសុមង្គល ក្រៅពីការសាងអនុស្សាវីរយ៍ជាមួយគ្នាហើយ ការថែរក្សាសុខភាពផ្លូវចិត្តរបស់ពួកគេក៏សំខាន់ខ្លាំងណាស់ដែរ។ ដូច្នេះត្រូវទន្ទិញប្រាប់ខ្លួនឯងថានឹងមិនយករឿងមិនល្អពីក្រៅផ្ទះចូលមកក្នុងផ្ទះដាច់ខាត។
មែនទែនទៅ AMS ជឿជាក់ប្រិយមិត្តទាំងអស់ក៏មានបទពិសោធន៏ជីវិតច្រើនក្រាស់ក្រែលដែលនាំឱ្យគ្រួសារអ្នកទាំងអស់គ្នាមានសុភមង្គល។ ដូច្នេះប្រិយមិត្តអាចចែករំលែកបានណា!


























Account
Security
Favourite Content