ប្រសិនបើអ្នកបានឃើញសត្វប្រភេទនេះហាមដាច់ខាតចាប់វាលេងដោយដៃទទេ ត្បិតមិនមានពិសដូចជាសត្វក្អែប ប៉ុន្តែម្រើមព្រះមានសារធាតុម្យ៉ាងដែលអាចបង្កឱ្យស្បែកឬភ្នែករលាក បើសិនជាប៉ះពាល់ដោយផ្ទាល់។

មានឈ្មោះជាភាសាខ្មែរហៅថា ម្រើមព្រះ និងជាភាសាអង់គ្លេស Millipedes។ ម្រើមព្រះជាប្រភេទសត្វពហុ បាទីម្យ៉ាង ដែលមានជើងច្រើន ប៉ុន្តែមិនស្ថិតក្នុងប្រភេទជាសត្វល្អិត ជាសមាជិកនៃក្រុមសត្វពហុបាទី ( Myriapoda) ដែលរួមមានទាំងសត្វក្អែបផងដែរ។
អ្នកវិទ្យាសាស្ត្របានធ្វើកំណត់ត្រាអំពីប្រភេទម្រើមព្រះនៅកម្ពុជារហូតមកដល់បច្ចុប្បន្នបានចំនួន ១៩ ប្រភេទ។ ប្រភេទដែលគេស្គាល់នៅកម្ពុជាយើងច្រើនជាងគេរួមមានសមាជិកនៃសត្តវង្សដូចជា Orthomorpha, Thyropygus, Asiomorpha, Anoplodesmus។ នៅឆ្នាំ ២០២៥ អ្នកវិទ្យាសាស្ត្រក៏បានពិពណ៌នាអំពីប្រភេទថ្មីចំនួន ៣ ប្រភេទទៀតផងដែរ ក្នុងពូជ Orthomorpha ពីប្រទេសកម្ពុជា ដែលបង្ហាញថា ជីវចម្រុះរបស់សត្វម្រើមព្រះនៅកម្ពុជានៅតែមិនទាន់ត្រូវបានសិក្សាអោយបានពេញលេញនៅឡើយទេ។ ទោះជាយ៉ាងនេះ អ្នកស្រាវជ្រាវជឿថា ចំនួនពិតប្រាកដអាចមានច្រើនជាងនេះ ព្រោះតំបន់ព្រៃភ្នំ និងព្រៃនិវត្តន៍ជាច្រើននៅកម្ពុជា មិនទាន់ត្រូវបានសិក្សាលម្អិតនៅឡើយ ។
ពពួកសត្វម្រើមព្រះចូលចិត្តរស់នៅក្នុងបរិស្ថានដែលមានសំណើមខ្ពស់ដូចជា៖ ព្រៃនិវត្តន៍ដែលមានសំណើមខ្ពស់ (ប្រភេទព្រៃស្ថិតក្នុងតំបន់ត្រូពិក ដែលមានភ្លៀងធ្លាក់ច្រើន និងកម្រិតសំណើមខ្យល់ខ្ពស់ជាប្រចាំ) , ព្រៃតំបន់ភ្នំ , ព្រៃឫស្សី , ក្រោមទីដែលមានស្លឹកឈើជ្រុះ និងទីដែលមានឈើពុក , ក្រោមថ្ម និងក្នុងដីសើម។ ម្រើមព្រះជាសត្វរត្តិចរ (រាត្រីចរ) ពួកវាច្រើនចេញសកម្មភាពនៅពេលយប់ និងក្រោយភ្លៀងធ្លាក់។
ម្រើមព្រះជួយក្នុងការបំបែកសំណល់ធម្មជាតិ និងបញ្ជូនសារធាតុចិញ្ចឹមត្រឡប់ទៅខាងក្នុងដីវិញ។ វាស៊ីសំណល់រុក្ខជាតិ (Dentritivore) ជាអាហារដូចជា៖ ស្លឹកឈើជ្រុះ , ឈើពុក , ផ្សិត , សារធាតុសរីរាង្គដែលកំពុងរលួយ។
សត្វមួយប្រភេទនេះមានរបៀបការពារខ្លួននៅពេលដែលមានគ្រោះថ្នាក់ដោយរមួលខ្លួនជារង្វង់ដើម្បីការពារផ្នែកទន់នៃរាងកាយរបស់វា។ មួយទៀត សត្វម្រើមព្រះនឹងបញ្ចេញសារធាតុរាវដែលមានក្លិនខ្លាំង ឬសារធាតុគីមីការពារសត្រូវ ដែលសារធាតុនេះអាចបង្កឱ្យស្បែកឬភ្នែករលាក បើសិនណាមានការប៉ះពាល់សត្វនេះដោយផ្ទាល់ ដូច្នេះគួរលាងសម្អាតដៃឱ្យបានស្អាតក្រោយប៉ះពាល់វា។











ទោះបីជាសត្វម្រើមព្រះ ភាគច្រើនមិនស្ថិតក្នុងបញ្ជីក្រហមជិតផុតពូជក៏ដោយ ក៏ការកាប់បំផ្លាញព្រៃឈើ ការបាត់បង់ជម្រក និងការបំពុលបរិស្ថាន អាចប៉ះពាល់ដល់អត្រាចំនួនរបស់ពួកវាដែរ ។ ដូច្នេះហើយ ការអភិរក្សព្រៃធម្មជាតិ និងការស្រាវជ្រាវបន្ថែម គឺមានសារៈសំខាន់ណាស់ សម្រាប់ការយល់ដឹង និងការពារក្រុមសត្វនេះអោយបានល្អ និងទុកបន្តដល់កូនចៅជំនាន់ក្រោយបានស្គាល់ និងសិក្សាស្វែងយល់បន្ថែម៕
ប្រភព ៖ ជីវចម្រុះនៃប្រទេសកម្ពុជា





















































Account
Security
Favourite Content